ជាតិ
ក្រសួងកសិកម្ម ប្រកាសឱ្យកសិកររួសរាន់ដាក់ពាក្យនាំផ្លែមៀនប៉ៃលិនទៅចិន
29, Mar 2022 , 8:59 am        
រូបភាព
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យម្ចាស់ចម្ការ រោងចក្រវេចខ្ចប់ និងសហគមន៍មៀនប៉ៃលិន រួសរា​ន់ដាក់ពាក្យស្នើសុំចុះបញ្ជីនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិន។ ជាមួយគ្នានេះ លោក ងិន ឆាយ​ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងដែរថា យ៉ាងយូរ ២ខែទៀត កម្ពុជានឹងអាចនាំផ្លែមៀនប៉ៃលិនទៅចិនបានហើយ។

 
ពាក់ព័ន្ធនឹងដំណើរការដាក់ពាក្យស្នើសុំនេះ ម្ចាស់ចម្ការ សហគមន៍មៀនប៉ៃលិន និងម្ចាស់រោងចក្រ ដែល​មានបំណងនាំចេញមៀនប៉ៃលិនទៅចិនទាំងអស់ អាចទាក់ទងទៅកាន់អគ្គនាយដ្ឋានកសិកម្ម ដែលជាអង្គភាពជំនាញមានសមត្ថកិច្ចទទួលបន្ទុកពាក់ព័ន្ធនឹងការចរចាស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីជំរុញការនាំចេញកសិផលទៅក្រៅប្រទេស។
 
លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា មកដល់ពេលនេះ ពិធីសារបច្ចេកទេសរវាងកម្ពុជា និងចិន បានឯកភាពគ្នារួចរាល់ហើយ គឺរង់ចាំតែការឆ្លើយតបពីភាគីចិន ដើម្បីឈានដល់ការចុះហត្ថលេខានាំចេញប៉ុណ្ណោះ។ លោក​ បញ្ជាក់ថា យ៉ាងយូរ១ ឬ២ខែទៀត​​ កម្ពុជា​នឹងអាចនាំ និងមៀនប៉ៃលិន ទៅប្រទេសចិនបាន ខណៈការនាំចេញត្រីប្រា នឹងធ្វើ​ឡើងដំណាលគ្នា។

រូបភាពពី ចំការមៀនប៉ៃលិន អូរត្រែង
 
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ និងចិន» កាលពីថ្ងៃទី១៨មីនានេះ លោក ងិន ឆាយ ថ្លែងដូច្នេះថា៖«ពាក់ព័ន្ធនឹងមៀនប៉ៃលិន ខ្ញុំពិបាកនឹងនិយាយថា យើងអាចនាំចេញបាននៅពេលណា ប៉ុន្តែ រហូតមកដល់ពេលនេះ ពិធីសារបច្ចេកទេសបានឯកភាពគ្នារួចអស់ហើយ ដោយរង់ចាំតែថ្ងៃយើងចុះហត្ថលេខាទេ។ អ៊ីចឹង ខ្ញុំគិតថា ក្នុងរយៈពេលយ៉ាងយូរ ១ឬ២ខែទៀត យើងសង្ឃឹមថា នឹងអាចនាំមៀន ទៅប្រទេសចិនបានហើយ។ ប៉ុន្តែ រឿងនេះ ក៏អាស្រ័យលើភាគីចិនដែរ ថាតើគេប្ដេជ្ញាជួយជំរុញ ការវាយតម្លៃឱ្យបានលឿនក្នុងកម្រិតណា»។
លោក ងិន ឆាយ បន្ថែមថា ការនាំចេញផលិតកសិកម្មមួយមុខៗរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ពុំមែនជាការងាយនោះទេ គឺត្រូវឆ្លងការត្រួតពិនិត្យ និងវាយតម្លៃច្រើនដំណាក់កាល។ ដូច្នេះ ទាមទារឱ្យកសិករ និងអ្នកវិនិយោគអនុវត្តតាមស្ដង់ដារឱ្យបានត្រឹមត្រូវ។ ក្រៅពីការនាំចេញមៀនប៉ៃលិន និងត្រីប្រា កម្ពុជាគ្រោងចរចាឱ្យមានការនាំចេញបន្ថែមទៀតដូចជា ម្រេច ដូងក្រអូប ទុរេន និងទឹកមាត់ត្រចៀកកាំ៕ 

Tag:
 ក្រសួងកសិកម្ម
  ផ្លែមៀនប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com