កីឡាជាតិ
ជាតិ
កែវ រំចង់ នឹងត្រឡប់មកសង្វៀនវិញ នៅឆ្នាំក្រោយ
29, Mar 2022 , 1:59 pm        
រូបភាព
អ្នកប្រដាល់ រហស្សនាម តោកំណាច បាត់ដំបង កែវ រំចង់ អាចនឹងត្រឡប់មកកាន់សង្វៀនជាថ្មីនៅក្រោយ បន្ទាប់ពីផ្អាកការប្រកួត អស់រយៈ២ឆ្នាំមកនេះ។


កែវ រំចង់ កំពុងហ្វឹកហាត់ដើម្បីសុខភាព និងពង្រឹងសមត្ថភាព និងបច្ចេកទេសឡើងវិញសិន ក្រោយពីរូបគេផ្អាកប្រកួត ហើយទទួលទានរបបអាហារ ដែលនាំឲ្យឡើងគីឡូធ្ងន់ជាងមុន។ «សុំសម្រាកផឹកប៊ីយ៉ែរ ចំនួន១ខែ បងប្អូនហាមហៅផឹក សុំហាត់កីឡាខ្លះ សុំអាធ្យាស្រ័យទុកជាមុនផងបងប្អូន» ។ រំចង់ បានបង្ហោះសារបែបនេះ ។
 
តាមរយៈផ្ដល់បទសម្ភាសជាមួយសារពត៌មានថ្មីៗ កែវ រំចង់ បានបញ្ជាក់ថា ការសម្រាកពីប្រកួតនេះ មិនមានន័យថា ខ្លួនបានបញ្ចប់អាជីព ជាអ្នកប្រដាល់នោះទេ តែខ្លួនត្រូវការពេលវេលាសម្រាប់ធ្វើរឿងផ្ទាល់ខ្លួនខ្លះ ។ «ខ្ញុំ និងវិលត្រឡប់មកប្រកួតវិញនៅឆ្នាំក្រោយ» ។ អ្នកប្រដាល់បាត់ដំបងរូបនេះ បាននិយាយដូច្នេះ ។
 
ចំពោះគម្រោងវិលត្រឡប់មកសង្វៀននៅឆ្នាំក្រោយ កីឡាករខេត្តបាត់ដំបងរូបនេះ មិនទាន់អាចប្រាប់បានទេ ថា ខ្លួនប្រកួតតែអន្ដរជាតិ ឬមួយថ្នាក់ជាតិឡើយ។
 
គួរបញ្ជាក់ថា កែវ រំចង់ បានសម្រាកពីប្រកួតប្រហែល២ឆ្នាំ ក្រោយពីរូបគេបានឈ្នះខ្សែក្រវ៉ាត់អន្ដរជាតិ ពីប្រទេសបារាំង ក្នុងប្រភេទទម្ងន់៦៣ និង៦៧គីឡូក្រាម ។ កីឡាកររូបនេះ ក៏មានជ័យលាភីជាច្រើនដែរ សម្រាប់ការប្រកួតក្នុងប្រទេស ដូចជាជើងឯកប្រចាំទូរទស្សន៍បាយន៍ ។ សម្រាប់ការប្រកួតចុងក្រោយ រូបគេបានយកឈ្នះលើ វង្ស ណយ ដោយពិន្ទុ ក្នុងការប្រកួតខារ៉ាបាវគុនខ្មែរ ។
 

Tag:
 ប្រដាល់
  កែវ រំចង់
© រក្សាសិទ្ធិដោយ thmeythmey.com