ជាតិ
កសិករត្អូញត្អែរពីតម្លៃស្វាយកែវរមៀតធ្លាក់សល់១៥០រៀល ខណៈជី និងថ្នាំកសិកម្មបន្តឡើងថ្លៃ
29, Mar 2022 , 3:09 pm        
រូបភាព
រយៈពេលជាង១ខែចុងក្រោយនេះ តម្លៃស្វាយកែវរមៀតហាក់ធ្លាក់ថ្លៃខ្លាំងពី៥០០រៀល មកត្រឹម១៥០រៀលក្នុងមួយគីឡូក្រាម។ កសិករមួយចំនួន ត្អូញត្អែរថាលក់មិនចំណេញ​ មិនរួចថ្លៃដើមដែលពួកគេចំណាយ ដ្បិតជី និងថ្នាំកសិកម្មបន្តឡើងថ្លៃ។


លោក ឡេង លាភ កសិករដាំស្វាយកែវរមៀត នៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ជាង១ខែហើយតម្លៃស្វាយរបស់លោក ធ្លាក់សល់ត្រឹម១៥០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ កសិកររូបនេះ អះអាងថា កាលពីដើមឆ្នាំ២០២២ តម្លៃស្វាយមិនធ្លាក់ខ្លាំងដូច្នេះទេ យ៉ាងហោចណាស់ លោក ក៏អាចលក់បានតម្លៃចន្លោះពី៣០០រៀល ទៅ៥០០រៀលក្នុងមួយគីឡូក្រាមផងដែរ។
 
«ឥឡូវហ្នឹងវាធ្លាក់ៗមែនទែន ១៥០រៀលក្នុងមួយគីឡូក្រាម ហើយមិនដឹងថានឹងធ្លាក់ទៀតអត់ផង បើគ្មានឈ្មួញទិញផងហ្នឹង។ ឥឡូវ១៥០រៀលក្នុងមួយគីឡូក្រាម ក៏គ្មានគេទិញផង ដល់អ៊ីចឹងយើងមិនដឹងគិតម៉េច។ ស្វាយសល់ពេញចម្ការ»។ នេះជាការលើកឡើងរបស់លោក ឡេង លាភ។
  


បច្ចុប្បន្នចម្ការស្វាយជាង២ពាន់ដើមរបស់លោក ឡេង លាភ នៅសល់ស្វាយមិនទាន់បេះជាង១០០តោន ដែល​​ធ្វើ​ឱ្យ​លោក​បារម្ភខ្លាចគ្មានអ្នកទិញ និងតម្លៃកាន់តែធ្លាក់ទាប ជាពិសេសអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ លោក ឡេង លាភ លើកឡើងថា៖«នៅសល់ក្នុងជាង១០០តោនហ្នឹង ដល់កៀកពេលប្រមូលផលដែរ ប្រហែលកន្លះខែទៀតហ្នឹង។ ហើយអ៊ីចឹង ខ្ញុំក៏ហៅគេមកបេះ តែអត់មាន។ អ៊ីចឹង បើនៅតែអត់ទៀតមានតែទុកឱ្យជ្រុះចោល»។ លោក បន្តថា បើជី និងថ្នាំកសិកម្ម នៅតែបន្តឡើងថ្លៃ ដូច្នេះកសិករដូចលោក គ្មានសង្ឃឹមឡើយ។
 
ចំណែកឯ កសិករដាំស្វាយម្នាក់ទៀត លោក ឈឿង បូរ៉ា ក៏មិនខុសពីលោក ឡេង លាភ ដែរ ព្រោះស្វាយកែវរមៀតរបស់លោក ក៏លក់បាន១៥០រៀលក្នុងមួយគីឡូក្រាម។ លោក អះអាងថា រៀងរាល់ឆ្នាំតម្លៃស្វាយមិនធ្លាប់ធ្លាក់ថ្លៃបែបនេះឡើយ យ៉ាងហោចណាស់ក៏៣០០រៀលក្នុងមួយគីឡូក្រាមផងដែរ។
 
កសិករភូមិស្រែខ្សាច់ ខេត្តត្បូងឃ្មុំរូបនេះ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖ «ឥឡូវកសិករយើងពិបាកណាស់ ស្វាយសល់ពេញៗចម្ការ។ ហើយតម្លៃថោកប៉ុណ្ណឹងហើយ ក៏គ្មានឈ្មួញគេចង់ទិញទៀត។ អ៊ីចឹងមិនដឹងសង្ឃឹមអីទេ របស់ទិញមកក៏ថ្លៃអត់ចុះ ហើយទិន្នផលបានថោកអ៊ីចឹងនោះ»។ លោក បូរ៉ា បញ្ជាក់ថា ខាតអស់៩លានរៀល ក្រោយប្រមូលផលស្វាយជាង១០០តោន ខណៈលក់ចេញបានតម្លៃថោកពេក។
 
កសិកររូបនេះ អះអាងថា តម្លៃជី និងថ្នាំកសិកម្ម នៅតែបន្តឡើងថ្លៃដល់ជាង១០ម៉ឺនរៀល ប៉ុន្តែទិន្នផលដំណាំបែរជាកាន់តែធ្លាក់ចុះ ធ្វើឱ្យកសិករ ប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងអស់សង្ឃឹមចំពោះការងារកសិកម្មខ្លួន។ ទន្ទឹមនឹងនេះ លោក ឈឿង បូរ៉ា ក៏កំពុងពិចារណាដាំដុះស្វាយរដូវកាលក្រោយផងដែរ។
 
ជាមួយគ្នានេះ លោក អ៊ុំ សភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា តម្លៃស្វាយកែវរមៀតធ្លាក់ថ្លៃសល់ត្រឹម១៥០-២០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ សម្រាប់រូបលោក ក៏មិនអាចដោះស្រាយបញ្ហានេះដល់កសិករដែលជាសមាជិកសហគមន៍ខ្លួនដែរ ព្រោះទីផ្សារដែលធ្លាប់នាំចេញទៅនោះ លែងបញ្ជាទិញដោយសារបញ្ហាកូវីដ-១៩។


 
ប្រធានសហគមន៍រូបនេះលើកឡើងថា៖«ទីផ្សាររបស់យើងគឺនាំទៅចិន ថៃ និងវៀតណាម ដល់ឥឡូវគេផ្ទុះកូវីដ-១៩ អ៊ីចឹងគេបិទការនាំចូលរបស់យើង អ៊ីចឹងហើយទើបយើងស្ទះទីផ្សារ តម្លៃក៏បានថោក។ កសិករមិនដឹងសង្ឃឹមអីទៀតទេ»។ លោក អ៊ុំ សភា ប្រធានសហគមន៍កសិកម្មខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អាជ្ញាធរ និងមន្ទីរកសិកម្មខេត្ត ឱ្យជួយរកដំណោះស្រាយជូនកសិករ ទាំងតម្លៃ និងទីផ្សារផងដែរ។
 
កន្លងមក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ប្រព័ន្ធកសិកម្មកម្ពុជា ប៉ះពាល់ជាអវិជ្ជមាន ពីបាតុភូតធម្មជាតិនៃការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ ជំងឺឆ្លងលើដំណាំ និងសត្វផងដែរ។ លើសពីនេះ ការគាំទ្រផលិតកម្ម និងការវិនិយោគក្នុងស្រុក នៅមានកម្រិត។ មិនត្រឹមតែកង្វះការគាំទ្រ និងគ្រោះធម្មជាតិនោះឡើយ វិស័យកសិកម្មរបស់កម្ពុជា ប៉ះពាល់ដោយសារ តម្លៃដើមផលិតកម្ម និងការកែច្នៃក៏នៅខ្ពស់ ដូចជាថ្លៃជី ថ្នាំកសិកម្មជាដើម៕
 

Tag:
 ស្វាយកែវរមៀត
© រក្សាសិទ្ធិដោយ thmeythmey.com