កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA ថា នឹងស្វាគមន៍រុស្ស៊ីវិញភា្លម បើសង្គ្រាមអ៊ុយក្រែនបញ្ចប់
× លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រកាសស្វាគមន៍ក្រុមជម្រើសជាតិរុស្សីត្រឡប់ទៅកាន់ពិភពបាល់ទាត់វិញភ្លាមៗ បើការលុកលុយលើប្រទេសអ៊ុយក្រែនបានបញ្ចប់។
ក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់របស់រុស្ស៊ីត្រូវបានរារាំងមិនឱ្យលេងក្នុងការប្រកួតរបស់ FIFA និង UEFA រួមទាំងការប្រកួតបាល់ទាត់ពិភពលោក ក្រោយលោកពូលទីនបញ្ជាទ័ពឈ្លានពានអ៊ុយក្រែនខុសច្បាប់អន្តរជាតិ។
ប៉ុន្តែយ៉ាងណាក៏ដោយលោក Infantino អះអាងថាការរក្សាការសន្ទនាជាមួយមន្ត្រីសហព័ន្ធរុស្ស៊ីនៅបើកចំហ២៤ម៉ោង ប្រសិនស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប្រសើរឡើងវិញ។
នៅឯសមាជរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក នាថ្ងៃទី៣១ ខែមីនា នៅកាតាដែលជាប្រទេសម្ចាស់ផ្ទះ World Cup លោក Infantino ប្រកាសថា FIFA នឹងទទួលរុស្ស៊ីសាជាថ្មី ដើម្បីលេងបាល់ទាត់ម្តងទៀត។
«ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ចំពោះអ្វីដែលកំពុងកើតឡើង ហើយខ្ញុំក៏ខូចចិត្តដូចអ្នករាល់គ្នាដែរ។ យើងត្រូវផ្អាកក្រុមរុស្ស៊ី និងក្លិបរុស្ស៊ី។ វាមិនមែនជាការសម្រេចចិត្តងាយស្រួលទេ ព្រោះវាសំខាន់ណាស់ សម្រាប់អ្នកស្រលាញ់កីឡាបាល់ទាត់»។ នេះជាការលើកឡើងរបស់លោក Infantino មុនបន្ថែមថាលោកកំពុងទន្ទឹងរង់ចាំវត្តមានរបស់រុស្ស៊ី នៅពេលសង្គ្រាមអ៊ុយក្រែនបញ្ចប់។
ប្រធាន FIFA សញ្ជាតិស្វ៊ីសសង្ឃឹមយ៉ាងមុតមាំថា ជម្លោះអាចបញ្ចប់ ហើយរុស្ស៊ី នឹងត្រឡប់ចូលពិភពបាល់ទាត់ម្តងទៀត ដ្បិតនេះជាអ្វីដែលលោក Infantino និងប្រជាជនរុស្ស៊ីត្រូវការ។
ក្រុម និងក្លិបរុស្ស៊ីត្រូវបានហាមមែន តែសហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFF) មិនត្រូវបាន FIFA ផ្អាកនោះទេ ខណៈតំណាង RFF ក៏បានចូលរួមក្នុងសមាជ នៅកាតាផងដែរ។
ប្រធាន FIFA ដែលក្នុងឆ្នាំ ២០១៩ បានទទួលមេដាយ Order of Friendship ពីប្រធានាធិបតីរុស្សី វ៉្លាឌីមៀ ពូទីន សារភាពថា ខ្លួនត្រូវបាន «បំផ្លាញ» ដោយព័ត៌មានដែលផ្សាយចេញពីប្រទេសអ៊ុយក្រែន ដោយសារតែទទួលមេដាយនេះ។
ប្រធាន FIFA បន្ថែមទៀតថា វាត្រឹមត្រូវហើយដែលមានតំណាង RFF របស់រុស្ស៊ីស្ថិតនៅក្នុងសមាជ ហើយក៏ត្រឹមត្រូវផងដែរ ដែល FIFA សម្រេចមិនព្យួរ RFF៕
Tag:
FIFA
Gianni Infantino
រុស្ស៊ី
អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com