ជាតិ
NGO ស្នើ CED ជួយអន្តរាគមន៍លើការបាត់ខ្លួន Wanchalearm ខណៈកម្ពុជាខកខានស៊ើបអង្កេត
04, Apr 2022 , 5:29 pm        
រូបភាព
លោក Wanchalearm សកម្មជនជនជាតិថៃ។ រូបពីទំព័រហ្វេសប៊ុុករបស់លោក Wanchalearm
លោក Wanchalearm សកម្មជនជនជាតិថៃ។ រូបពីទំព័រហ្វេសប៊ុុករបស់លោក Wanchalearm
ភ្នំពេញ៖ សង្គមស៊ីវិលជាតិ និងអន្តរជាតិ៥០ស្ថាប័ន ស្នើឲ្យគណកម្មាធិការអង្គការសហប្រជាជាតិ ស្ដីពីការបាត់ខ្លួនដោយបង្ខំ(CED) ជួយអន្តរាគមន៍លើករណីបាត់ខ្លួនរបស់សកម្មជនថៃ លោក Wanchalearm Satsaksit ខណៈកម្ពុជាខកខានស៊ើបអង្កេតលើករណីនេះ។ សកម្មជនថៃរូបនេះ បានបាត់ខ្លួននៅកម្ពុជា កាលពីឆ្នាំ២០២០។

 
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO), Center for Prisoner’s Rights (ប្រទេសជប៉ុន) រួមទាំងអង្គការជាតិនិងអន្តរជាតិដទៃ សរុប ៥០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ស្នើឲ្យCED ជួយជំរុញអាជ្ញាធរកម្ពុជា ឲ្យស៊ើបអង្កេតលើករណីបាត់ខ្លួន ដោយបង្ខំរបស់សកម្មជនថៃម្នាក់ ដែលបាត់ខ្លួនតាំងពីឆ្នាំ២០២០។ ពួកគេថា ការខកខានស៊ើបអង្កេតនេះ ជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ 
 
សេចក្ដីថ្លែងការណ៍រួម ចេញនៅថ្ងៃទី៤ មេសា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលមិនបានស៊ើបអង្កេតលើការបាត់ខ្លួនរបស់លោក Wanchalearm និងនាំឲ្យមាននិទណ្ឌភាព។ «យើងខ្ញុំ សូមស្នើឲ្យគណៈកម្មធិការនេះ ជួយដោះស្រាយការខកខាន ជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជា ដើម្បីស្វែងរកលោក Wanchalearm ឲ្យបានឆាប់រហ័ស និងដោយហ្មត់ចត់ និងដើម្បីស៊ើបអង្កេតពីការបាត់ខ្លួនរបស់គាត់ប្រកបដោយប្រសិទ្ធភាព​និងតម្លាភាព»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាំង៥០ស្ថាប័ន។
 
ជាមួយគ្នានេះ គណកម្មាធិការអង្គការសហប្រជាជាតិ ស្ដីពីការបាត់ខ្លួនដោយបង្ខំ(CED)  នឹងពិនិត្យមើលឡើងវិញ ពីស្ថានភាពនៃការបាត់ខ្លួនរបស់សកម្មជនថៃ លោក Wanchalearm Satsaksit នៅកម្ពុជា នាថ្ងៃទី៥ មេសា។
 
អង្គការទាំងអស់នេះ ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បំពេញកាតព្វកិច្ច ធានាពីសិទ្ធិរបស់ជនរងគ្រោះ ឲ្យទទួលបានយុត្តិធម៌ សំណង ។ បើតាមអង្គការសង្គមស៊ីវិលទាំងនោះ លក្ខណៈនៃការបាត់ខ្លួនដោយបង្ខំ ជាឧក្រិដ្ឋកម្មដែលនាំឲ្យមានហានិភ័យធ្ងន់ធ្ងរ ដល់សិទ្ធិរស់រានមានជីវិត សុវត្ថិភាព សេរីភាព ស្ដីពីការឃុំឃាំង ធ្វើទារុណកម្មដោយសម្ងាត់ ក៏ដូចជាសិទ្ធិរស់នៅជួបជុំជាមួយគ្រួសារផងដែរ។ 
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការបកស្រាយពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឡើយ ដោយទូរស័ព្ទចូល ពុំមានអ្នកឆ្លើយតប។ 
 
ចំពោះការខកខានមិនបានស៊ើបអង្កេតលើករណីបាត់ខ្លួនដោយបង្ខំ គឺរំលោភបំពានកាតព្វកិច្ចយ៉ាងធ្ងន់ធ្ងន់ ព្រោះកម្ពុជាបានទទួលស្គាល់អនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូប ពីការបាត់ខ្លួនដោយបង្ខំ(ICPPED)។ ករណីនេះ​ កម្ពុជាក៏កំពុងរំលោភបំពានកាតព្វកិច្ច ក្នុងការស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងឥតលំអៀងដោយមិនពន្យារពេល ដើម្បីឲ្យអ្នកពាក់ព័ន្ធទទួលខុសត្រូវតាមច្បាប់ រួមទាំងធានាសិទ្ធិទទួលបានព័ត៌មាន សម្រាប់អ្នកដែលត្រូវទទួលបានប្រយោជន៍ស្របច្បាប់ផងដែរ។ លើសពីនេះ ករណីពន្យារពេលមិនសមហេតុផល ក្នុងស្វែងរកមនុស្សដែលបាត់ខ្លួន គឺមិនស្របតាមគោលការណ៍ស្វែងរកអ្នកបាត់ខ្លួនដោយបង្ខំ គឺត្រូវគោរពសេចក្ដីថ្លែថ្នូររបស់មនុស្ស ដោយកំណត់ឲ្យដឹងជោគវាសនាជនរងគ្រោះថានៅមានជីវិតឬយ៉ាងណា។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាំង៥០ស្ថាប័ន។
 
 
កាលពីឆ្នាំ២០២០ លោក Wanchalearm ត្រូវបានគេចាប់ខ្លួននៅពេលថ្ងៃ ខាងក្រៅអគារស្នាក់នៅរបស់លោក ខណៈកំពុងរស់នៅនិរទេសខ្លួន នៅរាជធានីភ្នំពេញ។ លោកជាអ្នករិះគន់រដ្ឋាភិបាលថៃ ដែលប្រឈមនឹងបទចោទយ៉ាច្រើន នៅក្នុងប្រទេសថៃ។ ជុំវិញការបាត់ខ្លួននេះ ដំបូងឡើយលោក ឆាយ គឹមខឿន  និងលោក ខៀវ សុភ័គ បានច្រានចោលថា ព័ត៌មានមិនពិត ខណៈមន្រី្តម្នាក់ទៀតថា រដ្ឋាភិបាលនឹងស៊ើបអង្កេតលើករណីនេះ៕ 
 
 
 
 
 

Tag:
 សង្គម
  បាត់ខ្លួនដោយបង្ខំ
© រក្សាសិទ្ធិដោយ thmeythmey.com