អន្តរជាតិ
បន្ថែមពីលើនាវាមុជទឹក អាម៉េរិក អង់គ្លេស និងអូស្ត្រាលីរួមគ្នាអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង
06, Apr 2022 , 7:29 pm        
រូបភាព
រូបថតពីកងទ័ពជើងទឹកអាម៉េរិក
រូបថតពីកងទ័ពជើងទឹកអាម៉េរិក
អាម៉េរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីនៅថ្ងៃទី៥ ខែមេសា បានប្រកាស​ចាប់ផ្តើមកិច្ច​សហការរួមគ្នាអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង និងការពង្រឹងសមត្ថភាពសង្គ្រាមអេឡិចត្រូនិក។ ប្រទេសទាំងបី ក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ​បន្ថែមទៀតដើម្បីបង្កើន​សមត្ថភាព​ការពារ និង​សន្តិសុខទៅវិញទៅមក។

 
បន្ថែមពីលើការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់អូស្ត្រាលី សម្ព័ន្ធភាពត្រីភាគីមានអាម៉េរិក អូស្ត្រាលី អង់គ្លេស (AUKUS) ក៏ងាកមកចាប់ដៃគ្នាអភិវឌ្ឍមីស៊ីលលឿនជាងសំឡេងមួយទៀត។ ក្នុងសេចក្ដីថ្លែងការណ៍រួមនៅថ្ងៃទី៥ ខែមេសា ប្រទេសទាំងបី ចាត់ទុកការរួមគ្នាអភិវឌ្ឍមីស៊ីលល្បឿនលឿននេះ ជាការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យជាច្រើនបន្ថែមទៀត ដែលបានព្រមព្រៀងគ្នារួចហើយនៅពេលបង្កើតសម្ព័ន្ធភាពនេះកាលពីខែកញ្ញា ឆ្នាំមុន។
 
«ពួកយើងបានប្តេជ្ញាចិត្តនៅថ្ងៃនេះដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការត្រីភាគីថ្មីលើមីស៊ីល​ល្បឿន​លឿនជាងសំឡេង, ប្រព័ន្ធការពារមីស៊ីលល្បឿនលឿនជាងសំឡេង, សមត្ថភាពសង្គ្រាមអេឡិចត្រូនិច ក៏ដូចជាការពង្រីកការចែករំលែកព័ត៌មាន និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការ​លើការបង្កើតថ្មី​សម្រាប់​វិស័យការពារជាតិប្រទេសទាំងបីកាន់តែស៊ីជម្រៅ»។ សេចក្ដីថ្លែងការណ៍​រួមបាន​បញ្ជាក់​បែបនេះ ដោយបង្ហាញពីកិច្ចការដែលត្រូវធ្វើរួមគ្នាមានការពង្រឹងសមត្ថភាពក្នុងផ្នែកអ៊ីនធឺណេត, បញ្ញាសិប្បនិមិត្ត, បច្ចេកវិទ្យាកង់ទិច និងសមត្ថភាពការពារក្រោមសមុទ្រ។
 
សេចក្ដីថ្លែងការណ៍ដដែលនោះ អះអាងថា នៅពេលដែលប្រទេសទាំងបីរីកចម្រើន​លើ​សមត្ថភាព​ការពារ និងសន្តិសុខ សមភាគីទាំងបី នឹងស្វែងរកឱកាសដើម្បីផ្សារភ្ជាប់សម្ព័ន្ធភាពនេះជាមួយសម្ព័ន្ធ​មិត្ត និង​ដៃគូ​ជិតស្និទ្ធឯទៀតផងដែរ។
 
យ៉ាងណាមិញ ក្រោយការចេញសេចក្ដីថ្លែងការណ៍ខាងលើ តំណាងទីក្រុងប៉េកាំងប្រចាំអង្គការសហប្រជាជាតិ ក៏ចេញមករិះគន់ភា្លមដែរ។ អំឡុងសន្និសីទកាសែតមួយនៅថ្ងៃដដែល លោក Zhang Jun ព្រមានថា កិច្ចសហប្រតិបត្តិការលើមីស៊ីលរបស់សម្ព័ន្ធភាព AUKUS អាចនឹងបង្កជាវិបត្តិដូចជម្លោះ​នៅ​អ៊ុយក្រែន។​ បើតាលោក Zhang បើមិនចង់មានវិបត្តិដូចនៅអ៊ុយក្រែន សម្ព័ន្ធភាព AUKUS មិនគួរបន្ត​កិច្ចសហប្រតិបត្តិការនេះឡើយ។ 
 
លេចជារូបនេះក្នុងកញ្ញា ឆ្នាំ២០២១ សម្ព័ន្ធ​ AUKUS បានចាប់ផ្តើមកិច្ចព្រមព្រៀងសន្តិសុខរបស់ខ្លួនអូស្ត្រាលីដោយការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ យ៉ាងណាមិញ កិច្ចព្រមព្រៀង​នាវាមុជទឹកនេះ ក៏បង្កជាភាពតានតឹងរវាងអូស្ត្រាលី និងបារាំង ដោយសារតែទីក្រុងកង់បេរ៉ា​បាន​លុបចោលកិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកតម្លៃរាប់ពាន់លានដុល្លារជាមួយក្រុមហ៊ុនបារាំង។ 
 
ចំណែកមីស៊ីលល្បឿនលឿនជាងសំឡេងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដូចមីស៊ីលបាលីស្ទិកផងដែរ តែមីស៊ីលទំនើបនេះ មានល្បឿនលឿនជាងសំឡេងរហូតដល់៥ដងឯណោះ។ មីស៊ីលនេះ អាច​វាយ​ប្រហារចំគោលដៅយ៉ាងរហ័ស ហើយមិនងាយត្រូវប្រព័ន្ធការពារមីស៊ីលចាប់បាននោះឡើយ។ ប្រទេស​ដែលមានបច្ចេកជឿនលឿនក្នុងការផលិតមីស៊ីលប្រភេទនេះ គឺរុស្ស៊ី ខណៈចិនក៏កំពុងបង្កើន សមត្ថភាពរបស់ខ្លួនផងដែរ៕
 

Tag:
 អាម៉េរិក
  អង់គ្លេស
  អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com