អន្តរជាតិ
អ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅចិន ហក់ឡើងដល់២ម៉ឺននាក់ដែលជាតួលេខខ្ពស់មិនធ្លាប់មាន
06, Apr 2022 , 5:29 pm        
រូបភាព
បុគ្គលិកសុខាភិបាលចិន ធ្វើតេស្តលើប្រជាជនទីក្រុងសៀងហៃ។ រូបថត Xinhua
បុគ្គលិកសុខាភិបាលចិន ធ្វើតេស្តលើប្រជាជនទីក្រុងសៀងហៃ។ រូបថត Xinhua
ដោយ:
គណៈកម្មការសុខាភិបាលជាតិចិន រាយការណ៍នៅថ្ងៃទី៦ ខែមេសា ពីការរឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃដល់ជាង២ម៉ឺនករណី ដែលជាអត្រាខ្ពស់បំផុតតាំងពីការរីករាលដាលចាប់ផ្តើម។ ទីក្រុងសៀងហៃ ដែលមានករណីឆ្លងខ្លាំងជាងគេនៅចិន បន្តបិទខ្ទប់ ហើយកំពុងតេស្តរកជំងឺកូវីដ-១៩ ជាថ្មីលើប្រជាជន។

 
យុទ្ធសាស្រ្តទប់ស្កាត់ជំងឺកូវីដមិនឱ្យមានមួយករណីរបស់រដ្ឋាភិបាលចិន កំពុងស្ថិតក្នុងសភាពតានតឹងយ៉ាងខ្លាំង ខណៈករណីឆ្លងជំងឺកូវីដ-១៩ ចេះតែកើនឡើងឥតឈប់ឈរ។ បើតាមការប្រកាសរបស់គណៈកម្មការសុខាភិបាលចិន នៅថ្ងៃទី៦ ខែមេសា ចិនមានករណីជំងឺកូវីដ-១៩ ថ្មី២០ ៤៧២នាក់។ តួលេខប្រចាំថ្ងៃនេះ គឺខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក សូម្បីតែអំឡុងពេលផ្ទុះឡើងខ្លាំង នៅទីក្រុងវូហានក៏ដោយ។ ភាគច្រើននៃករណីទាំងនេះ មិនមានរោគសញ្ញាឡើយ។ 
 
ទីក្រុងសៀងហៃ ដែលជាទីក្រុងធំបំផុតរបស់ចិន ហើយមានប្រជាជនប្រមាណ២៦លាននាក់ មានករណីឆ្លងជំងឺកូវីដ-១៩ ជាង៨០ភាគរយ នៃករណីឆ្លងទាំងអស់ក្នុងប្រទេស។ ភាគច្រើន នៃករណីឆ្លង ជាវីរុសបំប្លែងខ្លួនអូមីក្រុង។ 
 
ជាងរយៈពេល១ខែមកនេះ អត្រាឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅទីក្រុងសៀងហៃ នៅតែបន្តកើនឡើងរាប់ពាន់ករណី បើទោះបីជាអាជ្ញាធរចិន បានចេញវិធានការធ្វើតេស្តលើប្រជាជន និងបិទខ្ទប់អស់រយៈពេលជាងមួយសប្តាហ៍ក៏ដោយ។ ក្រុងសៀងហៃ នៅថ្ងៃទី៦​ ខែមេសា ចាប់ផ្តើមធ្វើតេស្តជាថ្មី លើប្រជាជនទាំងអស់។ អាជ្ញាធរចិននៅថ្ងៃទី៥ ខែមីនា ក៏បានប្រកាសបន្តបិទខ្ទប់បន្ថែមទៀតផងដែរ ដែលធ្វើឱ្យប្រជាជនចិនខឹងសម្បារយ៉ាងខ្លាំង ជុំវិញរឿងនេះ ស្របពេលជួបបញ្ហាកង្វះអាហារផង។ 
 
«ទីក្រុងសៀងហៃ កំពុងសាកល្បងភាពខ្លាំងរបស់ខ្លួន ប្រឆាំងនឹងវីរុស»។ មន្រ្តីសុខាភិបាលជាន់ខ្ពស់ Wu Qianyu លើកឡើងបែបនេះនៅសន្និសីទសារព័ត៌មាន ដោយសំដៅលើការបន្តបិទខ្ទប់ទីក្រុង។
 
រដ្ឋាភិបាលចិន នៅថ្ងៃទី៤ ខែមេសា ក៏បានបញ្ជូនយោធា និងបុគ្គលិកសុខាភិបាលយ៉ាងហោចណាស់ ៣៨ពាន់នាក់ ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយអនុវត្តការធ្វើតេស្ត។ នេះជាការធ្វើតេស្តទ្រង់ទ្រាយធំបំផុត ចាប់តាំងពីការបិទទីក្រុងវូហាន នៅដើមឆ្នាំ២០២០។ មកទល់ពេលនេះ ចិន មានឆ្លងកូវីដ-១៩ សរុបជាង២សែនករណី និងស្លាប់ជិត៥ពាន់នាក់៕
 
 
 
 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com