អន្តរជាតិ
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិកថា ទណ្ឌកម្មលើរុស្ស៊ី ជាមេរៀនសម្រាប់ចិន
07, Apr 2022 , 3:24 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក វិនឌី ស៊ើមែន ។ រូបថត AFP
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក វិនឌី ស៊ើមែន ។ រូបថត AFP
អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក វិនឌី ស៊ើមែន នៅថ្ងៃទី៦ ខែមេសា ព្រមានដាក់ទណ្ឌកម្មចិន ប្រសិន​ក្រុង​ប៉េកាំងផ្ដល់ជាសម្ភារណាមួយដែលគាំទ្រឱ្យរុស្ស៊ីបន្តឈ្លានពានអ៊ុយក្រែន។ លោកស្រី​សង្កត់ធ្ងន់ថា បើក្រុងប៉េកាំងសម្រេចចិត្តឈ្លានពានតៃវ៉ាន់នោះ ក្រុងប៉េកាំងនឹង​ទទួលបាន​មេរៀន​ពី​សហគមន៍​អន្តរជាតិដូចអ្វីដែលរុស្ស៊ីកំពុងជួបបច្ចុប្បន្ន។

 
តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក ចិន មិនបានរិះគន់ ឬថ្កោលទោសអ្វីឡើយ។ អាម៉េរិក និងដៃគូរបស់ខ្លួន បានព្យាយាមជំរុញឱ្យក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងរុស្ស៊ីដើរតួសកម្មក្នុងការដោះស្រាយបញ្ហា និងជំរុញឱ្យរុស្ស៊ីបញ្ឈប់សកម្មភាព។ ក្រុងវ៉ាស៊ីនតោន ថែមទាំងគំរាមដាក់ទណ្ឌកម្មទៀតផង ប៉េកាំងផ្ដល់ជំនួយឱ្យមូស្គូនោះ។ 
 
អំឡុងសវនាការរបស់គណៈកម្មាធិការកិច្ចការបរទេសសភាតំណាងរាស្រ្តនៅថ្ងៃទី៦ ខែមេសា អនុរដ្ឋ​មន្ត្រីការបរទេសអាម៉េរិក វិនឌី ស៊ើមែន លើកឡើងថា ទណ្ឌកម្មជាច្រើនលើមេដឹកនាំរុស្ស៊ី និង​អ្នក​ជំនួញ​ធំៗដែលពាក់ព័ន្ធ ជាឧទាហរណ៍មួយដែលអាចនឹងអនុវត្តលើក្រុងប៉េកាំងក្នុងករណីដែលរដ្ឋាភិបាល​ចិនព្យាយាមជួយរុស្ស៊ី។
 
«ខ្ញុំយល់ថា ឧទាហរណ៍ទាំងនេះនឹងផ្ដល់ជាគំនិតយ៉ាងច្បាស់ឱ្យប្រធានាធិបតីចិន ស៊ី ជីនភីង យល់​អំពី​លទ្ធផលដែលនឹងកើតឡើងសម្រាប់ក្រុងប៉េកាំង ប្រសិនបើចិនជួយគាំទ្ររុស្ស៊ី​ជា​ជំនួយ​សម្ភារ​ណា​មួយ​»។ មន្រ្តីលំដាប់ទីពីរក្រសួងការបរទេសអាម៉េរិក​ប្រាប់សមាជិកសភាអាម៉េរិកបែបនេះ។
 
លើសពីនេះ អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ ក៏បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំងត្រូវតែដឹងពី​មេរៀន​ដែលលោកខាងបានឆ្លើយតបនឹងរុស្ស៊ីក្នុងការលុកលុយអ៊ុយក្រែន ហើយការឆ្លើយតប​របស់​សហគមន៍អន្តរជាតិ ក៏នឹងអនុវត្តដូចគ្នាលើចិន ប្រសិនបើចិន​ព្យាយាម​វាយ​យកកោះ​តៃវ៉ាន់​ដោយ​កម្លាំង​យោធា។ លោកស្រី Sherman ក៏ទទូចឱ្យចិនយល់ពីអ្វីដែល​សហគមន៍អន្តរជាតិចង់បានផងដែរ។
 
គួររំលឹកថា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏ធ្លាប់បានព្រមានចិនពីផលវិបាកដែលនឹងទទួល​បាន​ក្នុង​ករណីចិនគាំទ្រផ្នែកសម្ភារណាមួយឬជំនួយយោធាដើម្បីជួយរុស្ស៊ី ប្រឆាំងនឹង​ទណ្ឌកម្ម​របស់​លោ​ក​ខាង​លិច។ លោក បៃឌិន ក៏ធ្លាប់លើកឡើងហើយថា សេដ្ឋកិច្ចចិនផ្សារ ភ្ជាប់​ជាច្រើ​នជាមួយលោកខាងលិច បើប្រៀបនឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី៕
 
 

 

Tag:
 អាម៉េរិក
  រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com