អន្តរជាតិ
ចិនព្រមានចាត់វិធានការ បើប្រធានសភាតំណាងអាម៉េរិកធ្វើទស្សកិច្ចនៅតៃវ៉ាន់
08, Apr 2022 , 9:35 am        
រូបភាព
ប្រធានសភាតំណាងអាម៉េរិក ណាន់ស៊ី ផេឡូស៊ី ។ រូបថត Xinhua
ប្រធានសភាតំណាងអាម៉េរិក ណាន់ស៊ី ផេឡូស៊ី ។ រូបថត Xinhua
ដោយ:
ចិន ព្រមានចាត់វិធានការធ្ងន់ ប្រសិនបើប្រធានសភាតំណាងរាស្ត្រអាម៉េរិក ណាន់ស៊ី ផេឡូស៊ី ទៅទស្សកិច្ចនៅតៃវ៉ាន់។ ក្រសួងការបរទេសចិន នៅថ្ងៃទី៧ ខែមេសា អះអាងថា ដំណើរទស្សនកិច្ចបែបនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងចិន-អាម៉េរិក ហើយប្រាប់ឱ្យក្រុងវ៉ាស៊ីនតោនលុបចោលគម្រោងទស្សនកិច្ចនេះ។ យ៉ាងណាមិញ ទស្សនកិច្ចនេះ ក៏ត្រូវពន្យារហើយដោយសារលោកស្រី ផេឡូស៊ី តេស្តវិជ្ជមានជំងឺកូវីដ-១៩។

 
បើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ និងជប៉ុន ប្រធានសភាតំណាងរាស្ត្រអាម៉េរិក ណាន់ស៊ី ផេឡូស៊ី នឹងធ្វើដំណើរមកតៃវ៉ាន់ បន្ទាប់ពីលោកស្រីបញ្ចប់ទស្សកិច្ចនៅជប៉ុននៅចុងសប្តាហ៍នេះ។ ប៉ុន្តែការិយាល័យរបស់លោកស្រី Pelosi មិនទាន់បញ្ជាក់ថានឹងមានដំណើរទស្សនកិច្ចទៅតៃវ៉ាន់ទេ។ ទោះជាយ៉ាងណា គម្រោងទស្សនកិច្ចនេះ ក៏ត្រូវលើកពេលទៅហើយព្រោះលោកស្រី ផេឡូស៊ី តេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី៧ ខែមេសា។
 
ទោះជាយ៉ាងណា ចិន ក៏ចេញមុខប្រឆាំងដំណើរទស្សនកិច្ចនេះដដែល។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ប្រាប់អ្នកកាសែតថា ទីក្រុងប៉េកាំងប្រឆាំងដាច់ខាតគ្រប់ទម្រង់នៃទំនាក់ទំនងផ្លូវការរវាងអាម៉េរិក និងតៃវ៉ាន់ ហើយទីក្រុងវ៉ាស៊ីនតោនគួរតែលុបចោលដំណើរទស្សនកិច្ចនេះ។ 
 
«ប្រសិនបើអាម៉េរិកទទូចចង់ធ្វើរឿងទាំងនេះ ចិននឹងចាត់វិធានការយ៉ាងធ្ងន់ធ្ងរក្នុងការឆ្លើយតបដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ផលវិបាកដែលអាចកើតមានឡើងចេញពីរឿងនេះ នឹងត្រូវទទួលដោយភាគីអាម៉េរិកទាំងស្រុង»។ លោក Zhao បន្ថែមបែបនេះនៅសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមេសា។
 
ចំណែកឯ អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់វិញ លោកស្រី Joanne Ou គ្រាន់តែនិយាយថា ការអញ្ជើញមន្ត្រី និងឥស្សរជនរបស់អាម៉េរិកតែងតែជាផ្នែកសំខាន់នៃកិច្ចការក្រសួងប៉ុណ្ណោះ។
 
ទាក់ទិននឹងរឿងនេះ លើកចុងក្រោយដែលប្រធានសភាតំណាងរាស្ត្រអាម៉េរិកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់គឺនៅឆ្នាំ ១៩៩៧ នៅពេលដែលប្រធានសភាតំណាងរាស្ត្រអាម៉េរិកលោក Newt Gingrich ជួបប្រធានាធិបតីតៃវ៉ាន់លោក Lee Teng-hui។ នៅក្នុងរដ្ឋបាលលោក ចូ បៃដិន តៃវ៉ាន់ទទួលបានការគាំទ្រ និងផ្គត់ផ្គង់ជាបន្តបន្ទាប់ពីសំណាក់អាម៉េរិក ក្រោមការសន្យាប្តេជ្ញាដ៏មុតមាំរបស់អាម៉េរិកមកលើកោះនេះ៕

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com