អន្តរជាតិ
លោក ស៊ី សរសើរវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងប្រទេស​​ ស្របពេលករណីឆ្លងនៅសៀងហៃនៅធ្ងន់ធ្ងរ
08, Apr 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបថត Xinhua
ដោយ:
ស្របពេលអាជ្ញាធរសៀងហៃ កំពុងញាប់ដៃញាប់ជើងរៀបចំគ្រែជិត១៣ម៉ឺនសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ ​ដែលកំពុងកើនឡើងខ្លាំង ប្រធានាធិបតីចិន ស៊ី ជីនភីង នៅថ្ងៃទី៨ ខែមេសា បានកោតសរសើរយុទ្ធសាស្រ្តគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងប្រទេស។


នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ​ចិនបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃរហូតដល់រាប់ពាន់ករណី។ ក្រុងសៀងហៃដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មមាញឹក កំពុងស្ថិតក្រោមការបិទខ្ទប់ ក្រោយជំងឺកូវីដ-១៩បង្កដោយវីរុសបប្លែងខ្លួនអូមីក្រុង ដែលមានសមត្ថភាពចម្លងលឿន កំពុងវាយលុកយ៉ាងខ្លាំង។
 
អាជ្ញាធរសៀងហៃ នៅថ្ងៃទី៨ខែមេសា ​បាននិយាយថា គ្រែចំនួន១៣ម៉ឺនគ្រែបន្ថែមទៀតត្រូវបានរៀបចំរួចរាល់​សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ នៅកន្លែងបណ្តោះអាសន្នក្នុងទីក្រុង។ នៅថ្ងៃដដែលនេះ ក្រុងនេះបានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃថ្មីច្រើនជាង២១០០០ករណី ដោយអ្នកជំងឺឆ្លងភាគច្រើនមិនមានរោគសញ្ញាឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ AFP។
 
ខណៈសៀងហៃកំពុងឆ្លងខ្លាំង ​ប្រធានាធិបតីចិន ស៊ី ជីនភីង ​បាននិយាយសរសើរពីវិធានការទប់ស្កាត់ក្នុងប្រទេស។ នៅឯកម្មវិធីជួបអត្តពលិកកីឡាអូឡាំពិកនារដូវរងាដែលទើបតែបិទបញ្ចប់ ​លោក ស៊ី ស្រង់សម្ដីអត្តពលិកបរទេសថា ​បើសិនជាមានមេដាយមាសសម្រាប់ប្រគល់ឱ្យប្រទេសដែលចាត់វិធានការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អជាងគេ​​នោះ មេដាយមាសនោះគួរតែត្រូវបានមកលើចិន។
 
យ៉ាងណាក្តី មកទល់ពេលនេះ សៀងហៃដែលមានប្រជាជនរស់នៅ២៥លាននាក់ កំពុងបន្តវិធានការបិទខ្ទប់តទៅទៀត។ ប៉ុន្តែប្រជាជនមួយចំនួន បានខឹងសម្បារលើវិធានការរឹតបន្តឹងនេះ ​ដោយអ្នកខ្លះបានសរសេរសារត្អូញត្អែរពីទុក្ខលំបាក​នៃការខ្វះខាតស្បៀងអាហារលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
 
ជាមួយគ្នានេះ អាជ្ញាធរក្រុងសៀងហៃ ក៏បានបន្ទន់គោលការណ៍រឹតត្បិតខ្លួនដែរ ដោយដកចេញវិធានការបំបែកកុមារដែលផ្ទុកជំងឺកូវីដ-១៩ ចេញពីឪពុកម្តាយ បន្ទាប់ពីប្រជាជនតវ៉ាខ្លាំង។ តាំងពីផ្ទុះករណីឆ្លងខ្លាំងមក ​ចិនបានបញ្ជូនបុគ្គលិកពេទ្យនិងទាហានជាងបួនម៉ឺននាក់ពីទូទាំងប្រទេសទៅកាន់ក្រុងសៀងហៃ។
 
ក្រៅពីសៀងហៃ បណ្តាក្រុងផ្សេងទៀតនៃចិន ក៏កំពុងផ្ទុះករណីឆ្លងដែរ។ ក្រុងចឹងចូវរបស់ខេត្តហឺណាន កាលពីថ្ងៃទី៧ ខែមេសា បានប្រកាសធ្វើតេស្តលើប្រជាជនទូទាំងក្រុង១២,៦លាននាក់ ក្រោយពីរកឃើញអ្នកជំងឺឆ្លងមិនមានចេញរោគសញ្ញា។​​ ឯខណ្ឌ Shizong ស្ថិតក្នុងខេត្តយូណាន បានបញ្ជាបិទហាងនានា ​ផ្អាកការដឹកជញ្ជូន ​ហើយប្រជាជនហាមមិនឱ្យចាកចេញពីទីប្រជុំឬភូមិរបស់ពួកគេ​។
 
គិតត្រឹមថ្ងៃទី៨ខែមេសា ចិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុបប្រមាណ ១៦ម៉ឺននាក់និងស្លាប់ជាង៤ ៦០០នាក់៕
 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com