ជាតិ
១០ឆ្នាំចុងក្រោយនេះ​ សត្វព្រៃជាច្រើន​​ប្រភេទត្រូវបាន​បង្កាត់ដើម្បីបង្កើន​ចំនួន​ក្នុងព្រៃធម្មជាតិ
09, Apr 2022 , 9:59 am        
រូបភាព
ដោយ:
កម្ពុជា មានប្រភេទសត្វស្លាប និងចតុប្បាទជាច្រើនរស់នៅក្នុងព្រៃធម្មជាតិ ដោយ​ ​ខ្លះ​ត្រូវ​បាន​ចាត់ចូល​ជា​ប្រភេទ ​សត្វកម្រ​រងគ្រោះ ងាយរងគ្រោះ ជិតផុតពូជ ដែលត្រូវបានការពារ និងអភិរក្ស។ ជាមួយគ្នានេះ ជាង១០ ឆ្នាំចុង ក្រោយ អង្គការនិង សមាគមន៍ចំនួនមួយ បានបង្កាត់ពូជសត្វព្រៃមួយចំនួន​ដើម្បី អាចជួយបង្កើនចំនួន ពួកវានៅក្នុងព្រៃធម្មជាតិ នាថ្ងៃអនាគត។

 
 
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB), អង្គការសមាគម​អភិរក្សសត្វព្រៃ (WCS), ​អង្គការសម្ព័ន្ធសត្វព្រៃ Wildlife Alliance និង​សមាគម​​អភិរក្ស​ដំរី​អៃរ៉ាវត្តា សុទ្ធតែ​បាន​រួម​ចំណែក​ ជួយ​បង្កាត់​ពូជ​ប្រភេទ​សត្វមួយចំនួន​ ដើម្បី​ទប់ស្កាត់​ការ​ដាច់ពូជចេញពី​ក្នុងព្រៃ​របស់កម្ពុជា។


 Heosemys grandis. Photo credit ACCBPau Puigcerver

មន្ត្រី​មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ  (ACCB)  ដែល​មានទីស្នាក់ការក្នុងខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា  នា​រយៈពេល១០ឆ្នាំកន្លងមកនេះ មជ្ឃមណ្ឌលបង្កាត់ពូជសត្វកម្រ និងកំពុងរងគ្រោះចំនួន៨ប្រភេទ។


 កូនខ្ទីង_ រូបភាពដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
 
មន្ត្រីអង្គការខាងលើ បានឱ្យដឹងថា កម្មវិធីបង្កាត់ពូជសត្វប្រភេទទាំងនេះធ្វើឡើង ក្នុងគោលបំណង ធានាបាននូវចំនួន ប្រភេទ សត្វកម្រនៅថ្ងៃអនាគត។ ជាមួយគ្នានោះ សត្វដែលត្រូវបានបង្កាត់ពូជ ក្នុងមជ្ឃមណ្ឌល រួមមានបក្សី រងគ្រោះជិតផុតពូជ បំផុតបីប្រភេទ និងបក្សីរងគ្រោះជិតផុតពូជចំនួនពីរប្រភេទ  អណ្ដើកងាយរងគ្រោះ ជិតផុតពូជបំផុតចំនួន៤ប្រភេទ និងអណ្ដើករងគ្រោះ ជិតផុតពូជមួយប្រភេទ។


 រូបភាពកូន ដោយសមាគន អៃរាវត្តា

 សត្វដែលត្រូវបានបង្កាត់ពូជទាំងអស់​រួមមាន សត្វខ្សឹប ត្រយងចង្កំកស ត្រយងយក្ស អណ្ដើកសរសៃ ឬអណ្ដើកហ្លួង អណ្ដើកព្រិច ឬអណ្ដើកភ្នំ, អណ្ដើកសោម អណ្ដើកក្របីក្បាលលឿង និងអណ្ដើកបិទមុខស្នូកខ្មៅ។ ទាំងនេះ ជាប្រភេទសត្វដែលមជ្ឃមណ្ឌលACCBបានបង្កាត់។


 រូបភាពដោយ អង្គការWCS
 
រីឯ WCS Cambodia វិញ ដំណើរការនៃការបង្កាត់ពូជបានដោយជោគជ័យ ជាមួយ​នឹង​កម្មវិធីការពារ អភិរក្ស និងបង្កាត់ពូជ អណ្ដើកហ្លួងឬ អណ្ដើកសរសៃនៅក្នុង​ខេត្តកោះកុង។
 
លោក សោម ​ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំខេត្តកោះកុង និងទន្លេសាប បានឱ្យសារព័ត៌មានថ្មីៗ២៥ដឹងថា  ចាប់ពីឆ្នាំ ២០១០ រហូតដក់ឆ្នាំ២០២២ គម្រោងថែរក្សា អភិរក្ស និងបង្កាត់ពូជអណ្ដើកហ្លួងទទួលបានជោគជ័យ  ហើយនេះជាគម្រោងបង្កាត់តែមួយគត់នៅក្នុងអង្គការ WCS។ 
 
«ប្រសិនបើយើងបូកសរុប ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២ យើងទទួលបានសម្បុកចំនួន២២ មានពងចំនួន ៣៣៦គ្រាប់ និងញាស់បានចំនួន ២០៤កូន។ ជាមួយគ្នានេះ បើបែងចែក ក្នុងឆ្នាំ២០២១ អណ្ដើ្កកត្រូវបានបង្កាត់ចំនួន៦សម្បុក បានពង ៧១គ្រាប់ និងក្នុងឆ្នាំ២០២២ គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ​មានសម្បុកចំនួន៦ បានពងចំនួន៧១គ្រាប់»។ នេះជាការលើកឡើងរបស់លោក ស៊ីថា។


រូបសត្វអង្កត់ខ្មៅ រូបភាពដោយអង្គការសម្ព័ន្អមិត្តសត្វព្រៃ 
 
ដូចគ្នា​ផងដែរ អង្គការសម្ព័ន្ធសត្វព្រៃ Wildlife Alliance បញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុមការងារបាន ខិតខំអភិរក្ស​ និងបង្កាត់ពូជសត្វព្រៃប្រមាណ៤០ប្រភេទ និងសរុបមានកូនចំនួន៨៩៥ក្បាល។ ក្នុងចំណោមប្រភេទសត្វ ទាំងអស់ មានសត្វកម្រមួយចំនួនដូចជា សត្វខ្លាពពក ខ្ទីង ទន្សោង  តោ ក្រពើភ្នំ ក្ងោក ខ្លាឃ្មុំធំ ក៏ត្រូវបានថែរក្សា​និងបង្កាត់ពូជបានដោយជោគជ័យជាបន្តបន្ទាប់។ 
 
លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានលើកឡើងថា កិច្ចការពារ និងអភិរក្ស រួមជាមួយការបង្កាត់ពូជរបស់អង្គការធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាវត្តមានប្រភេទសត្វទាំងនោះមិនឱ្យ ឈានទៅដល់ដំណាក់កាលនៃការបាត់បង់ពីក្នុងព្រៃ។
 
រីឯសមាគមអៃរាវត្តានៅឆ្នាំ២០២១ បានទទួលជោគជ័យក្នុងការបង្កាត់ពូជសត្វដំរីស្រុកចំនួនមួយក្បាល កាលពីចុងឆ្នាំ។ លោកស្រី ខៃ ចិន្ដា ប្រធានសមាគមអៃរាវត្តាបានលើកឡើងថា កូនសត្វដំរីស្រុកទីមួយមានឈ្មោះ«ណូអែល» ជាកូនដំរីតែមួយគត់ដែលមានវត្តមាន បន្ទាប់ពីរយៈពេលជាង៣០ឆ្នាំចុងក្រោយ មិនធ្លាប់មានកូនដំរីកើតថ្មីនៅក្នុងប្រទេសកម្ពុជា។
 
កិច្ចការងារ នៃការបង្កាត់ពូជសត្វព្រៃ របស់អង្គការចំនួនបី និងសមាគមអៃរាវត្តា អាចជាក្តីសង្ឃឹមសម្រាប់អ្នកអភិរក្ស និងអ្នកការពារសត្វព្រៃនៃប្រទេសកម្ពុជា សម្រាប់សកម្មភាពបង្កើនចំនួនសត្វព្រៃ នៅក្នុងព្រៃធម្មជាតិ បន្ទាប់ពីរងការគំរាមកំហែង៕ 
 
 

Tag:
 សត្វប្រភេទកម្រ
  បង្កាត់
 
© រក្សាសិទ្ធិដោយ thmeythmey.com