សុខភាព
អន្តរជាតិ
បច្ចុប្បន្នមនុស្សចាស់ដែលបានស្លាប់ ភាគច្រើនមានជំងឺ​វង្វេង
16, Apr 2022 , 7:59 pm        
រូបភាព
ការសិក្សាថ្មីមួយបានបង្ហាញថា ស្ទើរតែពាក់កណ្ដាលនៃមនុស្សចាស់ដែលបានស្លាប់ គឺសុទ្ធ​តែមានជំងឺវង្វេងនៅពេលធ្វើរោគ​វិនិច្ឆ័យ។ អត្រានេះត្រូវបានកត់សម្គាល់ថាកើនឡើងយ៉ាង​ឆាប់​រហ័ស គឺដល់ទៅ៣៦ភាគរយឯណោះ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ ប៉ុន្តែការកើន​ឡើងឆាប់រហ័សនេះ នឹងធ្វើឱ្យមនុស្សទូទៅយល់ដឹងកាន់តែប្រសើរឡើង និងប្រុងប្រយ័ត្នឱ្យ​បានខ្ពស់អំពីបញ្ហានេះ។



ការសិក្សាដែលត្រូវបានចេញផ្សាយលើទំព័រវេទិកាសុខភាព JAMA ដោយក្រុមអ្នកស្រាវ​ជ្រាវរបស់សាកលវិទ្យាល័យ Michigan បានបង្ហាញថា បច្ចុប្បន្នស្ទើរតែពាក់កណ្តាលនៃ​មនុស្សចាស់ដែលបានស្លាប់ គឺមានការធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេង។ អត្រាអ្នកស្លាប់​ជាមួយអាការជំងឺវង្វេងមានសន្ទុះកើនឡើងខ្លាំងគឺដល់ទៅ ៣៦ភាគរយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។

ការអះអាងនេះបានធ្វើឡើងដោយពឹងផ្អែកលើទិន្នន័យនៃការសិក្សាពីមនុស្ស ៣,៥លាន​នាក់ដែលមានអាយុលើសពី ៦៧ឆ្នាំឡើង និងបានស្លាប់អំឡុងឆ្នាំ២០០៤ ដល់២០១៧។ ការសន្និដ្ឋានបានធ្វើឡើងតាមការវិភាគលើសំបុត្រវិនិច្ឆ័យរោគក្នុងរយៈពេល ២ឆ្នាំចុង​ក្រោយនៃជីវិតរបស់អ្នកជំងឺដែលគ្រូពេទ្យប្រចាំរបស់ពួកគេបានផ្តល់ឱ្យក្រុមអ្នកស្រាវជ្រាវ។

ក្នុងឆ្នាំ២០០៤ សំបុត្រវិនិច្ឆ័យរោគចុងក្រោយក្នុងជីវិតអ្នកជំងឺប្រហែល ៣៥ភាគរយ មានការកត់សម្គាល់យ៉ាងហោចណាស់មួយដងអំពីជំងឺវង្វេង ហើយវាកើនឡើងដល់ ៤៧ភាគរយនៅឆ្នាំ២០១៧។ ចំណែកអ្នកជំងឺដែលមានសំបុត្រវិនិច្ឆ័យរោគកត់ត្រាអំពីជំងឺ​វង្វេង​យ៉ាងហោចណាស់ ២ដងមានអត្រា ៣៩ភាគរយដែលកើន ២៥ភាគរយបន្ថែមពីលើ​អត្រាឆ្នាំ ២០០៤។

អត្រាអ្នកស្លាប់ដែលមានរោគវិនិច្ឆ័យជំងឺវង្វេងមានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ វាគឺជាដំណឹងមិនល្អមួយប៉ុន្តែវានឹងជួយមនុស្សទូទៅឱ្យយល់ដឹងកាន់តែប្រសើរឡើង និង​ប្រុងប្រយ័ត្នឱ្យ​បានខ្ពស់អំពីបញ្ហានេះ។ លើសពីនេះ វានឹងជួយដាស់តឿនរម្លឹកចំពោះមនុស្ស​ចាស់ឱ្យបានពិភាក្សាជាមុនជាមួយគ្រួសារ និងគ្រូពេទ្យជំនាញ ដើម្បីតាមដានសមត្ថភាព​យល់ដឹង និងថែទាំសុខ​ភាពខួរក្បាលមុនវិវដ្តទៅជាជំងឺវង្វេង។

គួរបញ្ជាក់ថា នេះគឺជាការសិក្សាដែលបានរកឃើញថាមានអ្នកស្លាប់ជាច្រើនមានការវិនិច្ឆ័យ​រោគ​ថាមានជំងឺវង្វេង។ វាមិនទាន់មានការអះអាងច្បាស់លាស់ថាអ្នកស្លាប់នោះបានស្លាប់​ដោយសារជំងឺ​វង្វេង​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com