ជាតិ
សាសនា / ធម៌
លោក ញាណ ភឿន ពន្យល់ពាក្យ«ទម្លាប់» «ទំនៀម» និង«ប្រពៃណី»
16, Apr 2022 , 4:45 pm        
រូបភាព
លោក ញាណ ភឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ
លោក ញាណ ភឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ
ប្រជាជនខ្មែរមួយចំនួន នៅតែពុំទាន់អាចបែងចែកច្បាស់ ថាពិធីអ្វីខ្លះ ធ្វើឡើងក្រោមលក្ខខណ្ឌទម្លាប់ ទំនៀម និងប្រពៃណីនៅឡើយ។ លោក ញាណ ភឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នឹងពន្យល់ពាក្យទាំងបីនេះឱ្យងាយយល់ និងយ៉ាងសង្ខេប។



ក្នុងបទសម្ភាសផ្ទាល់ ជាមួយសារព័ត៌មានថ្មីៗ លោក ញាណ ភឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានពន្យល់ថា «ទម្លាប់»មានន័យថា ពិធីមួយដែលធ្វើតាមតំបន់មួយ ប៉ុន្តែពិធីនោះមិនប្រាកដថានឹងធ្វើក្នុងតំបន់ ឬខេត្តផ្សេងឡើយ។ រីឯ«ទំនៀម» គឺជាពិធីដែលធ្វើភាគច្រើនដោយស្ទើរតែដូចប្រពៃណី។ ចំណែក«ប្រពៃណី»វិញ គឺពិធីដែលត្រូវបានកំណត់ឱ្យប្រារព្ធនៅទូទាំងប្រទេស។

លោក ញាណ ភឿន ពន្យល់បន្ថែម៖«ទម្លាប់ មានន័យថា ខេត្តនេះធ្វើ តែខេត្តនោះមិនធ្វើ គឺអាស្រ័យតាមតំបន់មួយៗ។ ដូចជាពេលចូលឆ្នាំ ខេត្តខ្លះឬភូមិខ្លះឬផ្ទះខ្លះ គេធ្វើពិធីជូនដូនតាទៅស្រុកវិញ ប៉ុន្តែខេត្តផ្សេង ឬភូមិផ្សេង គេមិនធ្វើទេ។ ចំណែកទំនៀម គេធ្វើច្រើន ខានស្ទើរតែមិនបាន ស្ទើរតែដូចប្រពៃណីហើយ។ ដូចជាបុណ្យសព ត្រូវតែនិមន្តព្រះសង្ឃបង្សុកូល។ អាពាហ៍ពិពាហ៍ ប្រុសដណ្ដឹងស្រី។ គ្រាន់តែថា តាមតំបន់ខ្លះគេធ្វើកិច្ចតូចៗក្នុងពិធីធំ ល្អៀងគ្នាបន្តិច។ ឯប្រពៃណីវិញ គឺជាពិធីដែលត្រូវបានកំណត់នៅទូទាំងប្រទេស ដូចជាពិធីបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម។ ចូលឆ្នាំធ្វើ៣ឬ៤ថ្ងៃ ភ្ជុំបិណ្ឌ១៥ថ្ងៃ អុំទូក៣ថ្ងៃ អ៊ីចឹងទៅ»។

ដើម្បីជ្រាបពីសេចក្ដីពន្យល់លម្អិតបន្ថែម សូមលោក លោកស្រី អញ្ជើញទស្សនាវីដេអូខាងក្រោម៖

Tag:
 វប្បធម៌
  ប្រពៃណី
  ទំនៀម
  ទម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com