អន្តរជាតិ
ក្រុមប្រទេសG20 បង្កើតឡើងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចសកល និងពង្រឹងបទបញ្ញត្តិហិរញ្ញវត្ថុ
16, Apr 2022 , 5:15 pm        
រូបភាព
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០។ រូបភាព៖ G20
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០។ រូបភាព៖ G20
ដោយ:
បច្ចុប្បន្ន​កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20) កំពុងក្លាយជាប្រធានបទក្តៅគគុកនិងចម្រូងចម្រាសខ្លាំង ដោយសារវិបត្តិរុស្ស៊ី និងអ៊ុយក្រែន។ មេដឹកនាំបណ្តាប្រទេសមួយចំនួន បានជំរុញឱ្យក្រុមប្រទេសមួយនេះ ដករុស្ស៊ីចេញ ខណៈចិន បានបដិសេធសំណើនោះ។ មិនតែប៉ុណ្ណោះ ក្រុមប្រទេស G20 បានជួយផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ ទៅបណ្តាប្រទេសក្រីក្រ ស្របពេលពិភពលោក កំពុងមានជំងឺឆ្លងសកល។



​​ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ជាបណ្តុំនៃប្រទេសចំនួន ២០ ដែលមានសេដ្ឋកិច្ចរីកចម្រើនធំជាងគេលើពិភពលោក។ វាត្រូវបានបង្កើតឡើង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩០ ដើម្បីពិភាក្សាបញ្ហាសេដ្ឋកិច្ចសកល ដែលរងគ្រោះដោយវិបត្តិហិរញ្ញវត្ថុអាស៊ី​។ បណ្តាសមាជិកនៃក្រុមប្រទេសនេះមានដូចជា អាហ្សង់ទីន អូស្រ្តាលី ​ប្រេស៊ីល ​កាណាដា ​ចិន បារាំង ​អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ​ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក​ រុស្ស៊ី អារ៉ាប៊ីសាអូឌីត ​អាហ្រ្វិកខាងត្បូង ​តួកគី​ អង់គ្លេស ​អាម៉េរិក​ និងសហភាពអឺរ៉ុប។

ក្រុមប្រទេសនេះដើមឡើយ ជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលប៉ុណ្ណោះ ក្រោមកិច្ចពិភាក្សាលើគោលនយោបាយនានា ដែលអាចជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០០៨​ មក G20​ ត្រូវបានរៀបចំឱ្យមានកិច្ចប្រជុំកំពូល​​​​​ ដោយមានវត្តមានមេដឹកនាំប្រទេសសមាជិក រដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីការបរទេស​ និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត។ ក្នុងកិច្ចប្រជុំកំពូលនោះ ក៏មានការអញ្ជើញបណ្តាប្រទេសផ្សេង​ៗ​ ​អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមជាភ្ញៀវផងដែរ ដោយអេស្ប៉ាញត្រូវបានអញ្ជើញជាភ្ញៀវអចិន្ត្រៃយ៍។

គោលបំណងរបស់​ G20 ផ្តោតទៅលើ៣ចំណុចធំៗ ក្នុងនោះមានដូចជា សម្រួបសម្រួលគោលនយោបាយរវាងសមាជិកក្នុងក្រុម ដើម្បីសម្រេចបានស្ថិរភាពសេដ្ឋកិច្ចពិភពលោក ​និងកំណើនប្រកបដោយចីរភាព, ពង្រឹងបទបញ្ញត្តិហិរញ្ញវត្ថុដែលជួយកាត់បន្ថយហានិភ័យ និងបង្ការវិបត្តិហិរញ្ញវត្ថុនៅពេលអនាគត ​រួមទាំងបង្កើតប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិថ្មី។ ក្រៅពីបញ្ហាសេដ្ឋកិច្ច​ ក្រុមប្រទេសនេះ ​ក៏មានតួនាទីរកដំណោះស្រាយលើបញ្ហាបម្រែបម្រួលអាកាសធាតុ ​​វិបត្តិសុខភាពសកល ​និងបញ្ហាផ្សេងទៀតផងដែរ។

ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០នេះ ដើរតួយ៉ាងសំខាន់ជាចលករជំរុញសេដ្ឋកិច្ចអន្តរជាតិ និងពាណិជ្ជកម្មដោយក្រុមប្រទេសនេះ តំណាងឱ្យ៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក​ , ៧៥ភាគរយនៃពាណិជ្ជកម្មពិភពលោក និង៦០ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោក។

ប្រធានក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ តែងតែផ្លាស់ប្តូរវេនជារៀងរាល់ឆ្នាំដោយប្រទេសដែលកាន់តំណែងជាប្រធាន ត្រូវធ្វើការរួមជាមួយអ្នកកាន់តំណែងមុន និងអ្នកបន្តតំណាងដើម្បីរក្សានៅរបៀបវារៈ។ កិច្ចប្រជុំកំពូល​របស់ G20 តែងតែធ្វើឡើងរៀងរាល់មួយឆ្នាំម្តង ដោយនៅឆ្នាំ២០២២នេះ ឥណ្ឌូណេស៊ី​​ កាន់តំណែងជាប្រធាន និងជាម្ចាស់ផ្ទះបើកកិច្ចប្រជុំដែលនឹងប្រារព្ធឡើងនាខែវិច្ឆិកាខាងមុខ ខណៈឆ្នាំ២០២៣​ ឥណ្ឌានឹងធ្វើជាប្រធានប្តូរវេនម្តង៕


© រក្សាសិទ្ធិដោយ thmeythmey.com