អន្តរជាតិ
តៃវ៉ាន់ចេញសៀវភៅណែនាំការពារជីវិតពីសង្រ្គាមលើកដំបូង ចំពេលមានការគំរាមកំហែងពីចិន
13, Apr 2022 , 12:19 pm        
រូបភាព
នៅថ្ងៃទី១២ ខែមេសា យោធាតៃវ៉ាន់បានចេញផ្សាយសៀវភៅណែនាំជាលើកដំបូង ស្តីពីការការពារជនស៊ីវិលដោយផ្តល់ឱ្យពលរដ្ឋដូចជាការណែនាំអំពីការការពារជីវិតនៅក្នុងសេណារីយ៉ូសង្រ្គាមណាមួយ។ ការចេញផ្សាយនេះ កើតឡើងស្របពេលទីក្រុងប៉េកាំង កំពុងតែបង្កើនកម្លាំងបន្ថែមទៀតនៅក្បែរកោះតៃវ៉ាន់។

 
ក្រុងប៉េកាំងមិនដែលប្រកាសថានឹងប្រើកម្លាំងយោធា ដើម្បីវាយយកតៃវ៉ាន់ឱ្យមកនៅក្រោម ខ្លួនឡើយ។ យ៉ាងណាមិញ ក្នុងអំឡុងពីរឆ្នាំមកនេះ ចិនបានបង្កើនសកម្មភាពយោធាក្បែរ ដែនទឹក និងដែនអាកាសកោះតៃវ៉ាន់ជាច្រើនលើកច្រើនសា ដើម្បីដាក់សម្ពាធឱ្យតៃវ៉ាន់ ឱ្យព្រមទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ ចំពោះតៃវ៉ាន់វិញ សកម្មភាព យោធាមួយនេះ បានគំរាមកំហែងដល់ទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន ដែរ។
 
អំឡុងសន្និសីទកាសែតថ្ងៃទី១២ ខែមេសា មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់លោក  Liu Tai-yi បានប្រកាសពីការចេញផ្សាយសៀវភៅណែនាំស្តីពីការការពារជីវិតរបស់ជនស៊ីវិលក្នុង ករណីសង្គ្រាម ឬគ្រោះមហន្តរាយកើតឡើងនៅពេលណាមួយ។ 
 
«ពួកយើងកំពុងផ្តល់ព័ត៌មានអំពីរបៀបដែលប្រជាពលរដ្ឋគួរមានអំឡុង វិបត្តិយោធា ឬគ្រោះមហន្តរាយដែលអាចកើតមាន»។ លោក Liu បានលើកឡើងបែបនេះ រួចបន្តថា សៀវភៅណែនាំនោះ នឹងអាចឱ្យប្រជាជនមានការត្រៀមខ្លួន រក្សាសុវត្ថិភាព និងជួយពួកគេការពារជីវិតបាន។
 
ក្នុងសៀវភៅនោះដែរ បានរៀបរាប់លម្អិតអំពីរបៀបស្វែងរកទីជម្រកការពារគ្រាប់បែក តាមរយៈកម្មវិធីស្មាតហ្វូន ការផ្គត់ផ្គង់ទឹក និងអាហារ ក៏ដូចជាការណែនាំសម្រាប់ការរៀបចំ ឧបករណ៍ជំនួយសង្គ្រោះបន្ទាន់។ បន្ថែមពីនេះសៀវភៅណែនាំនោះក៏បានប្រើប្រាស់ផ្ទាំង គំនូរ និងរូបភាពជាមួយនឹងគន្លឹះ សម្រាប់ការការពារខ្លួនពីការវាយប្រហារដោយយោធា ដូចជារបៀបបែងចែកស៊ីរ៉ែនវាយលុកតាមអាកាស និងការរកជម្រកការពារខ្លួនពីមីស៊ីល។
 
ទន្ទឹមនេះលោក Liu បានបញ្ជាក់ថា សៀវភៅណែនាំរបស់តៃវ៉ាន់ស្រដៀងគ្នានឹងសៀវភៅ ណែនាំរបស់ស៊ុយអែត និងជប៉ុនដែរ តែសៀវភៅណែនាំរបស់កោះតៃវ៉ាន់ត្រូវបានកែប្រែ និងបន្ថែមជាមួយនឹងព័ត៌មានក្នុងស្រុកដូចជា ទីកន្លែងស្នាក់នៅ មន្ទីរពេទ្យ និងហាងផ្សេង សម្រាប់តម្រូវការប្រចាំថ្ងៃ។
 
គួរបញ្ជាក់ថាតៃវ៉ាន់មិនបានរាយការណ៍ពីសញ្ញាណាមួយនៃការលុកលុយដែលជិតមកដល់ដោយក្រុងប៉េកាំងនោះទេ។ប៉ុន្តែក្រុងតៃប៉ិបានបង្កើនកម្រិតប្រុងប្រយ័ត្នចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន ដែលទីក្រុងមូស្គូហៅថាជាប្រតិបត្តិការយោធាពិសេស។
 
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្តេជ្ញាម្តងហើយម្តងទៀតក្នុងការការពារ កោះតៃវ៉ាន់ហើយកំពុងត្រួតពិនិត្យកម្មវិធីទំនើបកម្មទូលំទូលាយដើម្បីធ្វើឱ្យកងកម្លាំង យោធារបស់ខ្លួនកាន់តែងាយចល័ត និងពិបាកវាយប្រហារ៕

© រក្សាសិទ្ធិដោយ thmeythmey.com