អន្តរជាតិ
អាម៉េរិកប្រកាសផ្ដល់ជំនួយយោធាតម្លៃ​៧៥០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន
13, Apr 2022 , 3:39 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។  រូបថត៖ xinhuanet
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបថត៖ xinhuanet
ថ្ងៃទី១៣ ខែមេសានេះ  មន្ត្រីអាម៉េរិកបានប្រកាសថា រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នឹង ផ្ដល់ជំនួយយោធាក្រោមទឹកប្រាក់ ៧៥០លានដុល្លារបន្ថែមទៀតសម្រាប់ជួយគាំទ្រអ៊ុយក្រែនដែលកំពុងតតាំងសង្គ្រាមជាមួយរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

 
តាំងពីសង្គ្រាមកើតឡើងនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២២ មក អាម៉េរិកបានជួយគាំទ្រ អ៊ុយក្រែនយ៉ាងសកម្មក្នុងទម្រង់ជាអាវុធការពារខ្លួនជាច្រើនដូចជា៖ ប្រព័ន្ធការពារយន្តហោះ ចម្បាំង Stinger មីស៊ីលប្រឆាំងរថក្រោះ Javelin ព្រមទាំងគ្រាប់រំសេវ និងអាវក្រោះការពារ ជាដើម។ ខណៈភាពតានតឹងបន្តកើនឡើងនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន លោក វ្ល៉ូឌីមៀ ហ្សេលនហ្គី ប្រធានាធិបតីប្រទេសអ៊ុយក្រែន បានទទូចឱ្យអាម៉េរិក និងប្រទេសលោកខាងលិចផ្ដល់ជំនួយឱ្យច្រើន បន្ថែមទៀត។​
 
ជុំវិញនៃការទទូចសុំរបស់ប្រធានាធិបតីប្រទេសអ៊ុយក្រែននេះ នាថ្ងៃទី១៣ ខែមេសា មន្ត្រីអាម៉េរិកពីរ ក៏បានប្រកាសថា ទីក្រុងវ៉ាស៊ីតោននឹងផ្ដល់ជំនួយយោធា៧៥០លានដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន។ មន្ត្រីអាម៉េរិកបានបញ្ជាក់ថា អាវុធដែលអាចនឹងបញ្ជូនទៅអ៊ុយក្រែន ក្នុងនោះមានប្រព័ន្ធកាំភ្លើងធំធុនធ្ងន់ និងកាំភ្លើងយន្ត ផងដែរ។ 
 
ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្តីរបស់មន្ត្រីអាម៉េរិកមកចុះផ្សាយយ៉ាងដូច្នេះ៖ «សម្ភារយោធាខាងលើ នឹងត្រូវបានផ្ដល់ឱ្យតាមរយៈសិទ្ធិរបស់ប្រធានាធិបតី (Presidential Drawdown Authority) ដែលមានន័យថា ក្នុងគ្រាអាសន្នប្រធានាធិបតីអាម៉េរិក លោក បៃឌិន អាចបញ្ជូនជំនួយទៅកាន់អ៊ុយក្រែនបានភ្លាមៗដោយមិនចំបាច់មានការយល់ព្រមពីសភាជាមុន»។ តែយ៉ាងណាមិញ មន្ត្រីសេតវិមានមិនទាន់បានឆ្លើយតបអ្វីឡើយចំពោះរឿងនេះ។ 
 
នាថ្ងៃដដែលនេះ មន្ទីរបញ្ចកោណនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ជំនួបមេដឹកនាំមកពី ក្រុមហ៊ុនផលិតអាវុធកំពូលទាំងប្រាំបីរបស់អាម៉េរិកដើម្បីពិភាក្សាអំពីសមត្ថភាពផលិត និងដើម្បីបំពេញតម្រូវការអាវុធពីអ៊ុយក្រែនប្រសិនបើសង្រ្គាមជាមួយរុស្ស៊ីបន្តទៅមុខជាច្រើនឆ្នាំទៀត។ 
 
កាលពីសប្តាហ៍មុន សេតវិមានបានបញ្ជាក់ថា ចាប់តាំងពីមានសង្គ្រាមមក អាម៉េរិកបានផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន រហូតដល់១,៧ពាន់លានដុល្លារ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com