អន្តរជាតិ
រុស្ស៊ី ព្រមានពីផលវិបាកដែលមិនអាចទាយមុន បើអាម៉េរិកបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន
16, Apr 2022 , 12:28 pm        
រូបភាព
ដោយ:
រុស្ស៊ី បានព្រមានសហរដ្ឋអាម៉េរិក និងសម្ព័ន្ធយោធាណាតូពីផលវិបាកដែលមិនអាចដឹងមុន ប្រសិនបើរដ្ឋបាលលោកចូ បៃដិន បន្តផ្ទេរអាវុធឱ្យអ៊ុយក្រែន។ នេះបើតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ចេញផ្សាយកាលពី ថ្ងៃទី១៥ ខែមេសា។ ប៉ុន្តែ អាម៉េរិកបញ្ជាក់យ៉ាងច្បាស់ថានឹងបន្តបញ្ជូនជំនួយផ្នែកសន្តិសុខទៅអ៊ុយក្រែនដើម្បីការពារខ្លួនប្រឆាំងរុស្ស៊ី។

 
យោងតាមវ៉ាស៊ីនតោនប៉ុស្តិ៍ រុស្ស៊ីបានផ្ញើសារបែបការទូតមួយទៅអាម៉េរិកក្នុងសប្តាហ៍នេះដោយព្រមានថា ការណ៍ដែលអាម៉េរិក និងសម្ព័ន្ធយោធាណាតូបញ្ជូនប្រព័ន្ធសព្វាវុធដ៏រសើបបំផុតទៅអ៊ុយក្រែននឹងនាំមកនូវផលវិបាកដែលមិនអាចទាយទុកមុនបាន។ បន្ថែមពីនេះ ការដឹកជញ្ជូនអាវុធទាំងនេះរឹតតែបញ្ឆេះជម្លោះឱ្យកាន់តែខ្លាំងថែមទៀត។
 
«យើងអំពាវនាវឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តបញ្ឈប់ការបញ្ជូនអាវុធយោធាដ៏គ្មានទំនួលខុសត្រូវ
ដែលបង្ហាញពីផលវិបាកមិនអាចទាយមុនបានសម្រាប់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ»។ នេះបើតាមកាសែតដដែលដែលបានស្រង់ការបញ្ជាក់ក្នុងលិខិត។ 
 
ជាមួយគ្នានេះដែរ បើតាមប៉ុស្តិ៍ទូរទស្សន៍អាម៉េរិក CBS សំបុត្រនោះបានផ្ញើរទៅក្រសួងការបរទេសអាម៉េរិក។ ប៉ុន្តែ អាម៉េរិកថា ខ្លួនមិនអាចបញ្ជាក់ពីសំបុត្របែបការទូតណាមួយបានទេ ហើយអះអាងយ៉ាងច្បាស់ថានឹងបន្តបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន។ 
 
«អ្វីដែលយើងអាចបញ្ជក់នោះថា យើង រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូកំពុងផ្តល់ជំនួយផ្នែកសន្តិសុខដែលមានតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលដៃគូអ៊ុយក្រែនយើងកំពុងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្លាំងក្លា ដើម្បីការពារប្រទេសពួកគេប្រឆាំងនឹងការឈ្លានពាន និងការធ្វើទុក្ខបុកម្នេញដ៏គួររន្ធត់របស់រុស្ស៊ី»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកប្រាប់ទីភ្នាក់ងារព័ត៌មាន CBS។ 
 
បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃដដែលថា រុស្ស៊ីបានផ្ញើសំបុត្របែបការទូតទៅកាន់អាម៉េរិក និងប្រទេសផ្សេងទៀតអំពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ប៉ុន្តែមិនបាននិយាយថាក្នុងសំបុត្រនោះមានអ្វីខ្លះនោះទេ។
 
ការផ្ញើរសំបុត្រនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ បៃដិននៅថ្ងៃទី១៣ ខែមេសាបានប្រកាសផ្តល់ជំនួយយោធាបន្ថែមទៅអ៊ុយក្រែនដែលមានទំហំទឹកប្រាក់៨០០ លានដុល្លារ។ កញ្ចប់ជំនួយនេះមានរួមបញ្ចូលប្រព័ន្ធប្រឆាំងកាំភ្លើងធំ កាំភ្លើងធំ រថពាសដែក និងឧទ្ធម្ភាគចក្រ ដែលសរុបមកជាង ២,៤ពាន់លានដុល្លារ តាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនកាលថ្ងៃទី២៤ ខែកុម្ភៈ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com