អន្តរជាតិ
ការសិក្សា៖ ព្រៃអាម៉ាហ្សូន កំពុងបាត់បង់សមត្ថភាពលូតលាស់ឡើង​វិញដោយខ្លួងឯង
17, Apr 2022 , 2:39 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
តាមការសិក្សាថ្មីមួយ ព្រៃអាម៉ាហ្សូនកំពុងបាត់បង់សមត្ថភាពលូតលាស់ឡើងវិញដោយ​ខ្លួនឯង។ នេះដោយសារវារងផលប៉ះពាល់ពី​សកម្មភាពមនុស្សម្តងហើយម្តងទៀតញឹក​ញាប់ពេក។ តំបន់ដែលកំពុងរងគ្រោះនេះ មានទំហំបីភាគបួន​នៃព្រៃអាម៉ាហ្សូនទាំងមូល ហើយភាគច្រើន គឺស្ថិតក្នុងតំបន់នៅជិតមនុស្ស ឬមានភ្លៀង​ធ្លាក់តិច។

 
ព្រៃអាម៉ាហ្សូនជាព្រៃរងទឹកភ្លៀងដ៏ធំបំផុត និងមានភាពធន់បំផុតនៅលើភពផែនដី។ វាមាន​អាយុកាលយ៉ាងហោចណាស់ ៥៥លានឆ្នាំមកហើយ ដោយនៅមានជីវិតឆ្លងកាត់យុគ​សម័យជាច្រើនតាំងពីពេលផែនដីក្តៅរហូត ដល់យុគសម័យទឹកកក។ ប៉ុន្តែបច្ចុប្បន្នព្រៃ​អាម៉ាហ្សូនកំពុងបាត់បង់ភាពធន់ ដែលមានន័យថាវាកំពុងបាត់បង់សមត្ថភាពលូតលាស់​ដោយខ្លួនឯងឡើងវិញ ព្រោះសកម្ម​ភាព​មនុស្ស រួមជាមួយការប្រែប្រួលអាកាសធាតុមក​បំផ្លាញច្រើន​លើកច្រើនសារ។ នេះបើតាមការសិក្សាថ្មីចុះផ្សាយលើទិនានុប្បវត្តិ Nature Climate Change។ 
 
បីភាគបួន​នៃព្រៃអាម៉ាហ្សូនទាំងមូល បានចាប់ផ្តើមបាត់បង់ភាពធន់​តាំងពីឆ្នាំ ២០០០ មកម្លេះ។ វាមានន័យថាព្រៃឈើចាប់ផ្ដើមបាត់បង់សមត្ថភាពលូតលាស់ឡើងវិញ បន្ទាប់ពី​ឆ្លងកាត់គ្រោះធម្មជាតិដូចជាគ្រោះរាំងស្ងួតជាដើម។ តំបន់ដែលរងគ្រោះនេះភាគច្រើនគឺ​ស្ថិតក្នុងតំបន់ជិតមនុស្សរស់នៅ ឬមានភ្លៀង​ធ្លាក់តិច។ 
 
ដោយសារព្រៃឈើត្រូវបានកាប់ និងដុតបំផ្លាញញឹកញាប់ ការលូតលាស់មានភាពយឺតយ៉ាវ​ធ្វើឱ្យស្លឹកឈើបញ្ចេញចំហាយទឹកតិច នាំឱ្យភ្លៀងធ្លាក់តិចដែរ។ ការមានភ្លៀងតិចបាននាំ​ទៅរកគ្រោះរាំងស្ងួត ងាយមានភ្លើងឆេះព្រៃ ដើមឈើងាប់ច្រើន និងការរិចរិលនៃព្រៃឈើ។ វាគឺជាវដ្តនៃដំណើរការបំផ្លិចបំផ្លាញព្រៃឈើ និងនាំឱ្យមានការបាត់បង់ភាពធន់។ តាម​អ្នកស្រាវជ្រាវមកពីប្រេស៊ីល និងព័រទុយហ្គាល់ ព្រៃឈើចាប់ផ្ដើមលែងសូវលូតលាស់វិញ​ក្រោយមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅឆ្នាំ២០០៥, ២០១០ និង២០១៥។
 
មួយវិញទៀត ព្រៃឈើមិនអាចលូតលាស់រួចឡើយព្រោះមនុស្សដុតបំផ្លាញឥតឈប់ឈរ ដោយចេតនានិងខុសច្បាប់ ក្នុងបំណងយក​ដី​ដំណាំ និងចិញ្ចឹម​សត្វ។ តាមការប៉ាន់​ប្រមាណរបស់គម្រោងត្រួតពិនិត្យព្រៃអាម៉ាហ្សូន Andean Amazon (MAAP) ព្រៃជាង ២លានហិកតា ត្រូវបានដុតបំផ្លាញក្នុងឆ្នាំ ២០២០ ដែលមានទំហំប្រហែលប៉ុនវេលស៍ (Wales) របស់អង់គ្លេស។
 
អ្នកវិទ្យាសាស្ត្របានព្រមានថាព្រៃរងទឹកភ្លៀងអាម៉ាហ្សូនកំពុងខិតជិតដល់ចំណុចអន្តរាយ​ដែលនឹងបាត់បង់ដើមឈើអស់ក្លាយជាវាលស្មៅដូចតំបន់ savanna នៅអាហ្រ្វិក។ ការផ្លាស់ប្តូរនេះនឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធជីវចម្រុះរួមទាំងមនុស្ស និងសត្វ​ព្រោះវាគឺជាអ្នក​ចាប់យកនិងស្តុកទុកកាបូនិច។ នៅពេលគ្មានដើមឈើ កាបូននឹងស្ថិតក្នុង​បរិយាកាស ហើយបង្កើនវិបត្តិអាកាសធាតុឱ្យកាន់តែធ្ងន់ធ្ងរឡើងបន្ថែមទៀត៕
 

Tag:
 អាម៉ាហ្សូន
© រក្សាសិទ្ធិដោយ thmeythmey.com