ជាតិ
លោក និក ម៉ាក៖ មិនមែនជារឿងងាយស្រួលឡើយ ក្នុងតួនាទីការពារ និងអភិរក្សសត្វនៅកម្ពុជា
18, Apr 2022 , 8:59 am        
រូបភាព
ដោយ:
តាកែវ៖ ការងារជាអ្នកអភិរក្ស និងសង្គ្រោះសត្វព្រៃនៅត្រូវទាមទារពេលវេលា ថវិកា និងជំនាញ ដើម្បីឱ្យការងារថែរក្សាសត្វព្រៃមានដំណើរការទៅមុនដោយរលូន។ លោក និក ម៉ាក ថា ជាង១០ឆ្នាំកន្លងមកអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសង្គ្រោះ ថែរក្សា និងស្ដារនីតិសម្បទា និងបង្កាត់ពូជសត្វព្រៃបានច្រើនគួរសម។ បើតាមលោក និក ម៉ាក ប្រសិនបើមានការចូលរួមទូលាយការងារនេះ នឹងទៅមុខជាលំដាប់។


អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការនៅក្នុងប្រទេសកម្ពុជាយូរឆ្នាំហើយ ក្នុងនោះមានគម្រោងច្រើនដែលត្រូវបង្កើតឡើង ដើម្បីធ្វើយ៉ាងណាជួយស្ដារ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ។ សកម្មភាពនោះ រួមបញ្ជូលទាំងការការពារព្រៃនៅតំបន់ជួរភ្នំក្រវាញ, គម្រោងថែរក្សា និងសង្គ្រោះសត្វព្រៃជុំវិញប្រទេសកម្ពុជា។
 
លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា បច្ចុប្បន្នការងារការពារ សង្គ្រោះ និងបង្កាត់ពូជសត្វប្រភេទកម្រ ក្រុមការងាររបស់លោកនៅបន្តធ្វើធម្មតាជាប្រចាំ។ ជាមួយគ្នានេះ ដំណើរការមួយចំនួនធ្វើឡើងដោយរលូន និងមានខ្លះទៀតកំពុងជួបបញ្ហាប្រឈម ទាក់ទងកង្វះការចូលរួមពីមជ្ឈដ្ឋាននៅជុំវិញ។


 ទន្សោងក្នុងព្រៃសហគមន៍ការពារព្រៃឈើប្រាំបីមុម រូបភាពដោយ លោកទ្រី ស៉ីថេង

បើតាមលោក និក អង្គការរបស់លោកមានគម្រោងចំនួន​៣ដែលធ្វើការជាមួយសត្វព្រៃ។ ទីមួយ គម្រោងសង្គ្រោះសត្វព្រៃពីការប្រហាររបស់ព្រាន និងការជួញដូររបស់ឈ្មួញ, ទី២ មើលថែរក្សា ​និងជួយសត្វដែលមិនអាចដោះលែងចូលព្រៃវិញ និងទី៣ ការដោះលែងសត្វដែលសង្គ្រោះបានចូលទៅព្រៃធម្មជាតិ។
 
«​ការងារថែរក្សា​ និងសង្គ្រោះសត្វព្រៃជុំវិញប្រទេសកម្ពុជាមិនសម្រេចឡើយ ប្រសិនគ្មានឆន្ទៈ។  ទីណា មានសត្វត្រូវការជំនួយ យើងត្រូវទៅជួយមិនថាផ្លូវជិត ឬ​ឆ្ងាយ។ ការការពារជីវិតពួកវា ជារឿងចម្បងសម្រាប់ពួកយើង»។ លោក និក ពន្យល់បែបនេះនៅពេលអង្គុយជាប់មាត់ទឹក ក្នុងសួនសត្វភ្នំតាម៉ៅ ដោយលោកបន្ថែមថា រយៈពេលជាង១០ឆ្នាំចុងក្រោយការងារជាមួយសត្វព្រៃនៅតាមតំបន់មួយចំនួន ត្រូវបានការពារដោយពលរដ្ឋ​ និងសហគមន៍នៅតាមតំបន់នានា រួមជាមួយអង្គការ និងស្ថាប័នដៃគូ។ ក្រៅពីនេះ ទាក់ទងគម្រោងដោះលែង ក្រុមការងារបស់អង្គការបាន សហការនិងបានដោះលែងសត្វចូលព្រៃអង្គរ ព្រៃធម្មជាតិនៅខេត្តកោះកុង  ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តមួយចំនួនទៀត។
 
ជាង១០ឆ្នាំនេះ សត្វមិនក្រោមមួយម៉ឺនក្បាលនោះទេ ដែលត្រូវបានសង្គ្រោះ និងលេងចូលព្រៃធម្មជាតិ ព្រមទាំងបានបង្កើតកូនជាច្រើននៅក្នុងតំបន់ទាំងនោះ។ នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរូបនេះ បានលើកឡើងថា ទោះជាការងារដំណើរការរលូនច្រើនជាងបរាជ័យ ប៉ុន្ដែសម្រាប់សកម្មភាពនៃការអភិរក្ស និងសង្គ្រោះនៅតែប្រឈមបញ្ហា និងរាំងស្ទះដំណើរការមួយចំនួននៅឡើយ។ បញ្ហាដែលនៅជារនាំងសម្រាប់កិច្ចការពារកន្លងមកមានដូចជា តំបន់ខ្លះអន្ទាក់នៅជាបញ្ហាសម្រាប់ជីវិតសត្វនៅតាមព្រៃ ព្រោះខ្វះការចូលរួមពីពលរដ្ឋ ឬអាជ្ញាធរពាក់ព័ន្ធ ដែលជាសរសៃដ៏សំខាន់នៃកិច្ចការពារ រួមជាមួយការចូលរួម ដើម្បីឱ្យជីវិតពួកវានៅគង់រង្សក្នុងព្រៃធម្មជាតិ។​


 លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គ​ការសម្ព័ន្ធមិត្តសត្វព្រៃ រូបភាពដោយ លោកទ្រី ស៉ីថេង

យ៉ាងណាមិញ លោក និក បានអះអាងថា អ្វីគួរឱ្យកត់សម្គាល់ប៉ុន្មានឆ្នាំចុងក្រោយនៅគម្រោងនៃការអភិរក្ស បង្កាត់ពូជ ព្រមជាមួយការដោះលែងសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជោគជ័យខ្លាំងនៅក្នុងព្រៃធម្មជាតិភ្នំតាម៉ៅ។ លោក និក បញ្ជាក់ច្បាស់ៗថា ​សត្វនៅព្រៃភ្នំតាម៉ៅកើតឡើងខ្លាំង នៅរយៈពេល១០ឆ្នាំនេះ ដោយវត្តមានសត្វព្រៃជាច្រើនប្រភេទកូនចៅពាស់ពេញព្រៃ ក្រោយក្រុមការងារបានលែងត្រលប់  បន្ទាប់ពីសង្គ្រោះពីតំបន់នានានៅក្នុងប្រទេសកម្ពុជា។ 
 
ទន្ទឹមជាការប្រឹងប្រែងលើកិច្ចការងារការពារ និងអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា លោក និក សង្កេតឃើញថា វត្តមានសត្វព្រៃមួយចំនួននៅតាមតំបន់ការពារក្នុងសហគមន៍អាចរក្សាបាននូវសុវត្ថិភាព នឹងមានការកើនឡើងខ្លះៗ។ ជាក់ស្ដែង សត្វទន្សោងនៅសហគមន៍ព្រៃឈើប្រាំបីមុម ក្នុងខេត្តកំពង់ស្ពឺមានការកើនឡើង ចំណែកឯសត្វផ្សេងៗដោះលែងចូលព្រៃ ដូចជានៅក្នុងព្រៃអង្គរ ព្រៃខេត្តកោះកុង ចាប់ផ្តើមកើនដូចគ្នា៕
 


សត្វទោចនិងកូន ដោះលេង ចូលព្រៃអង្គររូបភាពដោយ លោកទ្រី ស៉ីថេង

 សត្វស្វាក្រវ៉ាត់ និងបុគ្គលិចថែរក្សានិងសង្គោះសត្វព្រៃភ្នំតាម៉ៅ រូបភាពដោយ លោកទ្រី ស៉ីថេង
 
 
 
 

Tag:
 ការពារ និងអភិរក្ស
  សត្វព្រៃ
  តំបន់ព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com