អន្តរជាតិ
អ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅអាហ្រ្វិកខាងត្បូងកើនជិត៤០០នាក់ ខណៈរាប់ពាន់នាក់ទៀតគ្មានផ្ទះស្នាក់នៅ
17, Apr 2022 , 12:59 pm        
រូបភាព
ដោយ:
គិតត្រឹមថ្ងៃទី១៧ខែមេសា ភ្លៀងនៅតែបន្តធ្លាក់នៅតំបន់អាហ្រ្វិកខាងត្បូងដោយបណ្តាលឱ្យអ្នកស្លាប់កើនក្បែរ៤០០នាក់ ឯមនុស្សរាប់ពាន់នាក់ផ្សេងទៀតបាត់បង់ផ្ទះសម្បែង។បន្ថែមនេះ មនុស្សជាច្រើននាក់ទៀត ក៏កំពុងបង្ខំខ្លួនចាកចេញពីលំនៅស្ថានទៅកាន់មជ្ឈមណ្ឌលសហគមន៍ និងសាលាក្រុងជាដើម។


ចាប់តាំងពីថ្ងៃទី១២ខែមេសាមក គ្រោះទឹកជំនន់និងរអិលបាក់ដីបានវាយប្រហារក្រុងកំពង់ផែ Durban នៃខេត្ត Kwazulu- Natal របស់អាហ្រ្វិកខាងត្បូង ដោយនាំឱ្យដាច់ខែ្សចរន្តអគ្គិសនី ផ្អាកសេវាផ្គត់ផ្គង់ទឹកនិងរាំងស្ទះដល់ប្រតិបត្តិការនៅកំពង់ផែដ៏មមាញឹកបំផុតមួយក្នុងក្រុង Durban ។ឯក្រុង Umlazi ដែលជាទីប្រជុំជនធំជាងគេមួយនៃភាគខាងត្បូងនៃ Durban បានរាយការណ៍ថា ជនរងគ្រោះដោយទឹកជំនន់បានប្រមូលផ្តុំគ្នានៅជ្រកក្រោមសាលសហគមន៍ ខណៈមនុស្សជាច្រើននាក់បានតម្រង់ជួរសម្រាប់ទទួលយកអាហារនិងទឹកដែលបរិច្ចាគដោយសប្បុរសជន។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters ។
 
បើតាមលោក Sipho Hlomuka ប្រធានតំបន់នៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ដ៏អាក្រក់ដែលបន្តមានជាង១សប្តាហ៍នេះ បានប៉ះពាល់ដល់ប្រជាជនយ៉ាងហោច ៤១ ០០០នាក់ និងបានបន្សល់នូវការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ហើយនាំឱ្យមនុស្សយ៉ាងតិច ៣៩៥នាក់ បានបាត់បង់ជីវិត។បន្ថែមពីនេះ ចំនួនផ្លូវការនៃអ្នកបាត់ខ្លួនក្នុងខេត្ត Kwazulu- Natal ត្រូវបានរាយការណ៍ថា មានចំនួន៥៥នាក់។
 
កាលពីថ្ងៃទី១៥ខែមេសា កងកម្លាំងប្រតិបត្តិការទាំងផ្លូវគោកនិងអាកាស បានចេញដំណើរស្វែងរកជនរងគ្រោះដែលនៅរស់រានមានជីវិតនៅតាមជ្រលងភ្នំនៃតំបន់ជាយក្រុង Marianhill ភាគខាងលិចរបស់ Durban ដើម្បីស្វែងរកមនុស្ស១២នាក់ដែលត្រូវបានអះអាងថា បានបាត់ខ្លួនដោយសារគ្រោះទឹកជំនន់។
 
លោក Travis Trower នាយកនៃអង្គកាស្ម័គ្រចិត្តលើការសង្រ្គោះអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា ក្រុមរបស់លោក រកឃើញតែសាកសពប៉ុណ្ណោះ ក្រោយពីទទួលបានការហៅចូលទូរស័ព្ទចំនួន៨៥ដងកាលពីថ្ងៃទី១៤ខែមេសា។
 
ក្នុងគ្រោះរអិលបាក់ដីនិងទឹកជំនន់ដ៏អាក្រក់នេះផ្ទះចំនូន១៣ ៥៩៣ ខ្នងត្រូវបានរងការខូតខាតដែលក្នុងនោះជិត ៤ ០០០ ខ្នងត្រូវបានបំផ្លាញទាំងស្រុង ហើយសាលារៀនជាង៣០០កន្លែងក៏ត្រូវកម្ទេចដែរ។ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ក៏បានប្រកាសតំបន់ដែលរងគ្រោះមហន្តរាយផងដែរដើម្បីបញ្ចេញមូលនិធិសង្រ្គោះបន្ទាន់ ដោយទឹកប្រាក់នៃជំនួយសង្រ្គោះដំបូងមានចំនួន ៦៨លានដុល្លារ។ក្រុមសេវាអាកាសធាតុជាតិបាននិយាយថា តំបន់មួយចំនួនបានទទួលកម្ពស់ទឹកភ្លៀងច្រើនជាង ៤៥០មីលីម៉ែត្រក្នុងរយៈពេល៤៨ម៉ោង ឬស្មើជិតពាក់កណ្តាលនៃទឹកភ្លៀងប្រចាំឆ្នាំរបស់ Durban ។
 
ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នេះដែរ អ្នកជំនាញអាកាសធាតុថា ការប្រែប្រួលអាកាសធាតុប្រហែលរួមចំណែកដល់បញ្ហានេះ និងកំពុងបណ្តាលឱ្យអាកាសធាតុអាក្រក់នេះកើតឡើងកាន់តែញឹកញាប់ ខណៈប្រជាជននិងអ្នករិៈគន់ក៏យល់ស្រប និងថែមទាំងស្តីបន្ទោសទៅកាន់រដ្ឋាភិបាលលើការមិនថែទាំហេដ្ឋារចនាសម្ព័ន្ធ ឬមានប្រព័ន្ធលូទឹកត្រឹមត្រូវនៅតាមខេត្ត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com