ជាតិ
ទេសចរដើរកម្សាន្តទូទាំងប្រទេសជាង ៥លាននាក់ នាចូលឆ្នាំខ្មែរ
18, Apr 2022 , 11:01 am        
រូបភាព
ដោយ:
ទេសចរ ដើរកម្សាន្តទូទាំងប្រទេសជាង ៥លាននាក់ ក្នុងរយៈពេល៤ថ្ងៃ គឺថ្ងៃចូលឆ្នាំខ្មែរ និងថ្ងៃអាទិត្យ។ ខេត្តបាត់ដំបង កំពង់ចាម បន្ទាយមានជ័យ សៀមរាប និងព្រៃវែង ទទួលបានទេសចរច្រើនជាងគេ ។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍។


របាយការណ៍ពីក្រសួងទេសចរណ៍លម្អិតទៀតថា ចូលឆ្នាំខ្មែរ៣ថ្ងៃ បូកនឹងថ្ងៃអាទិត្យ ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តទូទាំងប្រទេសសរុប ៥ ១៧៥ ៧៥៤នាក់ ក្នុងនោះទេសចរអន្តរជាតិ ៣៥ ២៥៩ នាក់។ ចូលឆ្នាំថ្ងៃទីមួយទេសចរចេញដើរកម្សាន្តចំនួន  ៨៦២ ៨៩៧ នាក់, ចូលឆ្នាំថ្ងៃទី២មានទេសចរ ១ ៥៧៩ ២៥១ នាក់ និងចូលឆ្នាំថ្ងៃទី៣មានទេសចរ ២ ១៤៨ ១៧៨ នាក់។ ចំណែកថ្ងៃអាទិត្យបន្ទាប់ពីចូលឆ្នាំ មានទេសចរ ដើរកម្សាន្ត ៥៨៥ ៤២៨ នាក់។
 
ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ថា កំណើនទេសចរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ធ្វើឱ្យកន្លែងស្នាក់នៅតាមតំបនទេសចរណ៍ទូទាំងប្រទេស ត្រូវបានកក់ពេញស្ទើរ១០០ភាគរយ។ លោកបន្តថា កំណើនទេសចរ ធ្វើឱ្យអ្នករកស៊ីក្នុងវិស័យនេះ សាទរយ៉ាងខ្លាំង ព្រោះទទួលបានចំណូលឡើងវិញ។


ទិដ្ឋភាពសង្ក្រាន្ត នៅខេត្តកំពង់ស្ពឺ

យោងតាមរបាយការណ៍ដដែល ខេត្តបាត់ដំបងទទួលបានទេសចរច្រើនជាងគេ រហូតដល់ ៦៥៣ ៨៩៦នាក់, ខេត្តកំពង់ចាម ស្ថិតនៅលំដាប់ទី២មានទេសចរ ៥៤១ ៩០០នាក់ និងខេត្តបន្ទាយមានជ័យ ស្ថិតនៅលំដាប់លេខ៣ មានទេសចរ  ៤៧១ ១១៩ នាក់។ ចំណែកខេត្តសៀមរាប ស្ថិតនៅចំណាត់ថ្នាក់លេខ៤ មានទេសចរ ៤៥៥ ៩៨៤ នាក់ និងខេត្តព្រៃវែង ស្ថិតនៅលំដាប់លេខ៥ មានទេសចរ ៣៩៦ ៣២៨ នាក់។
 
ចំណែកខេត្តនៅតំបន់ឦសាន ទទួលបានទេសចរ ១៦៤ ៣១៩នាក់ ក្នុងនោះខេត្តក្រចេះ មានភ្ញៀវ ៤៧ ៧០៨នាក់ ខេត្តស្ទឹងត្រែងមានទេសចរ ៤២ ២៤៧ ខេត្តរតនគិរីមានទេសចរ ៤៦ ១១២ និងខេត្តមណ្ឌលគិរីមានទេសចរ ២៨ ២៥២នាក់។
 


ទិដ្ឋភាពសង្ក្រាន្តនៅទីរួមខេត្តបាត់ដំបង

ដោយឡែកខេត្តដែលទទួលបានទេសចរតិច ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បូកទាំងថ្ងៃអាទិត្យ គឺខេត្តកោះកុង មានទេសចរ ៣៨ ៨០៤នាក់ និងខេត្តឧត្តរមានជ័យ មានទេសចរ ២៧ ១៨៧នាក់ និងខេត្តកំពង់ធំ មានទេសចរ ៤៦ ០០៤ នាក់។ 
 
ក្រោយចប់ពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានសម្រុកធ្វើដំណើរចូលរាជធានីភ្នំពេញវិញ នៅថ្ងៃអាទិត្យ ដែលធ្វើឱ្យផ្លូវជាតិលេខ១ លេខ៥ លេខ៣ ផ្លូវជាតិ៦ និងផ្លូវផ្សេងៗទៀតកកស្ទះយ៉ាងខ្លាំង៕ 
 

រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម

រូបភាពពីលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង


Tag:
 ThmeyThmey25
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com