ជាតិ
ចូលឆ្នាំខ្មែរ៖ អគ្គិភ័យកើតឡើង ៧ករណី បណ្ដាលឱ្យមនុស្សម្នាក់របួស
18, Apr 2022 , 2:38 pm        
រូបភាព
 (រូបភាពពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ)
(រូបភាពពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ)
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានអគ្គិភ័យកើតឡើង ៧ករណី ក្នុងនោះឆេះផ្ទះអស់ចំនួន៥ខ្នង តូប១ ខ្សែភ្លើង៣៧ដុំ និងមនុស្សរងបួសម្នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ខែមេសានេះ។​

 
របាយការណ៍ដដែល​បញ្ជាក់ថា ខេត្តព្រះវិហារ មានអគ្គិភ័យឆាបឆេះ ១ករណី ដោយសារឆ្លងចរ​ន្តអគ្គិសនី ​បានធ្វើឱ្យឆេះផ្ទះមួយខ្នង និងរបួសមនុស្សម្នាក់។ ខេត្តព្រះសីហនុ មានករណីឆេះតូបមួយកន្លែង ដោយសារចរន្តអគ្គិសនី។ ដោយឡែកខេត្ត​កំពង់ធំ មានករណី ឆេះផ្ទះ១ខ្នង ដោយសារភ្លើងចង្រ្កាន ខណៈសៀមរាបមាន ១ករណី ឆេះខ្សែភ្លើង៣៧ដុំ ដោយសារភ្លើងសំរាម។ 
 
ខេត្តបាត់ដំបង មាន២ករណី ដោយឆេះផ្ទះអស់ ២ខ្នង ដោយសារចរន្តអគ្គិសនី និងភ្លើងទាន។ ខេត្តត្បូងឃ្មុំ មាន ១ករណី ឆេះផ្ទះអស់១ខ្នង។ គ្រោះថ្នាក់អគ្គិភ័យក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២២នេះ បានថយចុះ២ករណី ប្រៀបធៀបនឹងឆ្នាំ២០២១៕ 
 
 

Tag:
 អគ្គិភ័យ
  បុណ្យចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com