ជាតិ
៤ថ្ងៃ ទេសចរដើរកម្សាន្តនៅតំបន់ឦសានជាង ១៦ម៉ឺននាក់
18, Apr 2022 , 3:41 pm        
រូបភាព
ដោយ:
ចូលឆ្នាំ៣ថ្ងៃ និងថ្ងៃអាទិត្យ ទេសចរដើរកម្សាន្តនៅតំបន់ឦសានជាង​ ១៦ម៉ឺននាក់ ក្នុងចំណោមទេសចរសរុបទូទាំងប្រទេសជាង៥លាននាក់។ ខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង ទទួលទេសចរបានជាង ៤ម៉ឺននាក់រៀងៗខ្លួន ។ ចំណែកខេត្តមណ្ឌលគិរី មានទេសចរជិត ៣ម៉ឺននាក់ ។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍។



យោងតាមរបាយការណ៍ដដែល ចាប់ពីថ្ងៃទី ១៤ ដល់ ១៧មេសា ខេត្តនៅតំបន់ឦសានទទួលបានទេសចរសរុប ១៦៤ ៣១៩នាក់​ ក្នុងនោះខេត្តក្រចេះ ទទួលបានទេសចរច្រើនជាងគេ រហូតដល់ ៤៧ ៧០៨នាក់ បន្ទាប់មកខេត្តរតនគិរីមានអ្នកដើរកម្សាន្ត  ៤៦ ១១២នាក់។ ចំណែកខេត្តស្ទឹងត្រែង មានទេសចរ ៤២ ២៤៧នាក់ និងខេត្តមណ្ឌលគិរីទទួលបានទេសចរតិចជាងគេត្រឹម ២៨ ២៥២នាក់។


 រូបភាពពី រដ្ឋបាលខេត្តមណ្ឌលគិរី

ភ្ញៀវទេសចរភាគច្រើនដើរកម្សាន្តជាលក្ខណវិលជុំ ពីខេត្តមួយចូលខេត្តមួយក្នុងតំបន់ឦសាន ព្រោះខេត្តទាំងនោះស្ថិតនៅជាប់ៗគ្នា ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិទាក់ទាញខុសៗគ្នា ដូចជាទឹកធ្លាក់ ព្រៃលិចទឹក ភ្នំ និងវប្បធម៌ជនជាតិ​ដើមភាគតិចចម្រុះ។
  

រូបភាពពីមន្ទីរទេសចរណ៍ខេត្តក្រចេះ

សូមជម្រាបដែរថា ពិធីបុណ្យចូលឆ្នាំខ្មែរ និងថ្ងៃអាទិត្យ ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តទូទាំងប្រទេសសរុប ៥ ១៧៥ ៧៥៤នាក់ ក្នុងនោះទេសចរអន្តរជាតិ ៣៥ ២៥៩ នាក់។ ចូលឆ្នាំថ្ងៃទី១ ទេសចរចេញដើរកម្សាន្តចំនួន  ៨៦២ ៨៩៧ នាក់, ចូលឆ្នាំថ្ងៃទី២មានទេសចរ ១ ៥៧៩ ២៥១ នាក់ និងចូលឆ្នាំថ្ងៃទី៣មានទេសចរ ២ ១៤៨ ១៧៨ នាក់។ ចំណែកថ្ងៃអាទិត្យបន្ទាប់ពីចូលឆ្នាំមានទេសចរ ដើរកម្សាន្ត ៥៨៥ ៤២៨ នាក់៕
 

 រូបភាពពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង
 

Tag:
 ចូលឆ្នាំខ្មែរ
  តំបន់ឦសាន
© រក្សាសិទ្ធិដោយ thmeythmey.com