ជាតិ
សេដ្ឋកិច្ច
ត្រីមាសទី១ កម្ពុជាមានទំហំពាណិជ្ជកម្ម ជាង១៣ពាន់លានដុល្លារ កើនឡើង៩ភាគរយ
18, Apr 2022 , 10:29 pm        
រូបភាព
 កំពង់ផែក្រុងព្រះសីហនុ​ជាច្រកសំខាន់នៃការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា។
កំពង់ផែក្រុងព្រះសីហនុ​ជាច្រកសំខាន់នៃការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា។
ដោយ ៖ ធន់ សេងហុង 
 
កម្ពុជា សម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេស-តំបន់នៅលើពិភពលោក ជាង១៣ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ។ ទំហំនេះ គឺបានកើនក្នុងរង្វង់៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា  ។

 
ពីខែមករា ដល់ មីនា ឆ្នាំ២០២២ កម្ពុជាមានទំហំពាណិជ្ជកម្មរហូតប្រមាណ១៣,១៦ពាន់លានដុល្លារ ដោយនៅក្នុងនោះ កម្ពុជានាំចេញទំនិញ​ទៅកាន់ទីផ្សារពិភពលោក ជាង៥,៧ពាន់លានដុល្លារ ខណៈនាំចូលវិញ មាន៧,៤ពាន់លានដុល្លារ។ 
 
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងត្រីមាសទីមួយនេះ ប្រទេសចិនមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា​ ដែលមានតម្លៃរហូតដល់ជិត ២,៩ពាន់លានដុល្លារ។ បន្ទាប់មក សហរដ្ឋអាម៉េរិក  គឺមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងរង្វង់ ២,២ពាន់ដុល្លារ ,ប្រទេសវៀតណាមមាន ១,៧ពាន់ដុល្លារ  ,​ប្រទេសថៃ មាន១,១ពាន់ដុល្លារ​ និងប្រទេសសិង្ហបុរី ជិត៩៨០លានដុល្លារ។ 
 
សូមជម្រាបថា កាលឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​ជាមួយប្រទេស-តំបន់នៅលើពិភពលោក បានជាង៤៨ពាន់ល្លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាគឺមាន១៩,៣ពាន់លានដុល្លារ។  រីឯការនាំចូលវិញ គឹមាន២៨,៧ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com