ជាតិ
ភ្ញៀវទៅលេងតំបន់ការពារសត្វស្លាបទួលព័ន្ធតាឡី មានការធ្លាក់ចុះ
19, Apr 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ តំបន់ការពារសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ ខេត្តព្រៃវែង ទទួលបានភ្ញៀវចំនួន៤៥៧២នាក់។ ចំនួននេះតិចជាងឆ្នាំមុន ដោយសារតែខេត្តព្រៃវែង មានការរៀបចំសង្ក្រាន្តឆ្នាំថ្មី ទើបធ្វើឱ្យអ្នកទៅទស្សនាបង្វែរទិសដៅ។



លោក នួន សារ៉េត អនុប្រធានសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ថា ចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះ នាចូលឆ្នាំខ្មែរនេះ។  បើតាមលោក សារ៉េត ភ្ញៀវទៅទស្សនាសត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍៤ថ្ងៃនេះ មានចំនួន ៤៥៧២នាក់ ក្នុងនោះមានជនបរទេស៥នាក់។ 
  

ភ្ញៀវទៅទស្សនា សត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ រូបភាពដោយ លោក នួន ​សារ៉េត

លោកបានលើកឡើងដូច្នេះ៖ « យើងមិនអាចប្រៀបធៀបបានទេ ឆ្នាំមុនភ្ញៀវមាន៧ទៅ៨ពាន់នាក់ តែឆ្នាំនេះមានត្រឹមជាង៤ពាន់នាក់ហ្នឹង។ ឆ្នាំនេះនៅទីរួមខេត្តមានសង្ក្រាន្ដដូច្នេះម្នាក់ៗគេនាំគ្នាទៅនោះ»។ 
 
បើទោះបីជានៅទួលព័ន្ធតាឡីបឹងស្នេហ៍ ទទួលបានភ្ញៀវទៅទស្សនាតិច ប៉ុន្ដែក្នុងឱកាសពិធីចូលឆ្នាំខ្មែរឆ្នាំនេះ ខេត្តព្រៃវែងឈរនៅលេខរៀងទី៥ ដែលមានភ្ញៀវទេសចរទៅកម្សាន្តសរុប ៣៨ម៉ឺននាក់ ក្នុងនោះ មានទេសចរអន្តរជាតិ៥នាក់ ។ 
 


ភ្ញៀវទៅទស្សនា សត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ រូបភាពដោយ លោក នួន ​សារ៉េត

លោក សារ៉េត បញ្ជាក់ថា ភ្ញៀវចាប់ផ្ដើមវិលមកវិញបណ្ដើរៗ ប៉ុន្ដែមិនទាន់ដូចដើម ទោះបីសត្វនៅក្នុងតំបន់ទួលព័ន្ធតាឡីមានសត្វកើនច្រើនក្នុងឆ្នាំ២០២២។ លើសពីនេះ កន្លែងទស្សនាសត្វនៅទីតាំងនេះបានសង់បន្ថែម ដើម្បីបំពេញតម្រូវការរបស់អ្នកទស្សនា សម្រួលដល់ការទស្សនាសត្វឱ្យកាន់តែងាយស្រួល។   
 
សូមបញ្ជាក់ថា តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ មានផ្ទៃដីទំហំ ៣ ៥៥៧ហិកតា ដែលមានសត្វស្លាបចំនួន៥៣ប្រភេទ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្នចំនួនសត្វសរុបនៅក្នុងតំបន់នេះ កើនឡើងដល់ជាង៦០ម៉ឺនក្បាល ៕
 


 ភ្ញៀវទៅទស្សនា សត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ រូបភាពដោយ លោក នួន ​សារ៉េត


Tag:
 ព្រៃវែង
  ទួលព័ន្ធតាឡី
  សត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com