អន្តរជាតិ
​សៀងហៃ មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូង ក្រោយបិទខ្ទប់ជិត១ខែ
18, Apr 2022 , 5:21 pm        
រូបភាព
បុគ្គលិកសុខាភិបាលចិន ត្រួតពិនិត្យបំពង់ដាក់សំណាក។ រូបថត Xinhua
បុគ្គលិកសុខាភិបាលចិន ត្រួតពិនិត្យបំពង់ដាក់សំណាក។ រូបថត Xinhua
ដោយ:
​អាជ្ញាធរចិន នៅថ្ងៃទី១៨ខែមេសា បានប្រកាសករណីស្លាប់ដំបូងក្នុងក្រុងសៀងហៃចាប់តាំងពីការបិទខ្ទប់ក្រុងនេះកាលពីខែមីនាមក ខណៈករណីឆ្លងថ្មីប្រចាំថ្ងៃរាប់ពាន់នាក់ ត្រូវបានរាយការណ៍ ហើយភាគច្រើនជាករណីគ្មានរោគសញ្ញា។


ក្រុងសៀងហៃ នៅតែបន្តប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុងដែលមានសមត្ថភាពចម្លងយ៉ាងរហ័ស។ នៅថ្ងៃទី១៨ ខែមេសា​ ទីក្រុងនេះ រាយការណ៍ករណីស្លាប់ដំបូង លើមនុស្សចាស់ចំនួន៣នាក់ដែលមានអាយុពី៨១ឆ្នាំដល់៩១ឆ្នាំ។ ជនរងគ្រោះ សុទ្ធតែមិនបានចាក់វ៉ាក់សាំង និងសុទ្ធសឹងមានបញ្ហាសុខភាពជាប់ខ្លួនស្រាប់។
 
«​ជនរងគ្រោះទាំង៣នាក់នោះបានធ្លាប់ខ្លួនឈឺធ្ងន់ធ្ងរខ្លាំង ក្រោយពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។» រដ្ឋាភិបាលក្រុងសៀងហៃបញ្ជាក់បែបនេះ ជាមួយនឹងការអំពាវនាវឱ្យប្រជានមានអាយុលើ៦០ឆ្នាំទៅទទួលដូសជំរុញ។ បើតាមគណៈកម្មការសុខាភិបាលក្រុងសៀងហៃ ​ប្រជាជនដែលមានវ័យលើស៦០ឆ្នាំហើយបានទទួលវ៉ាក់សាំងចំនួន២ដូស មានតែ៦២ភាគរយទេ ខណៈចំនួន៣ដូស មានត្រឹម៣៨ភាគរយប៉ុណ្ណោះ។
 
ដើម្បីទប់ស្កាត់ករណីឆ្លង អាជ្ញាធរចិនចាត់វិធានរឹតត្បិតខ្លាំងរហូតផ្ទុះការត្អូញត្អែរពីសំណាក់ប្រជាជនតាមប្រព័ន្ធផ្សព្វផ្សាយពីបញ្ហាកង្វះស្បៀងអាហារ លក្ខខណ្ឌនៃការដាក់ចត្តាឡីស័កដ៏តឹងតែង និងការអនុវត្តច្បាប់ដ៏តឹងរ៉ឹង។ កាលពីថ្ងៃទី១៥ខែមេសា ប្រជាជនមួយចំនួនក៏បានប្រមូលម្តុំគ្នាតវ៉ាផងដែរដោយសារបារម្ភពីហានិភ័យឆ្លងខ្ពស់ ក្រោយពីអាជ្ញាធរបានផ្លាស់ប្តូរអាគារលំនៅដ្ឋានទៅជាមជ្ឈមណ្ឌលចត្តាឡីស័ក។
 
ថ្វីបើប្រជាជនបង្ហាញការមិនពេញចិត្តក្តី ក្រុមមន្រ្តីនៅតែប្រកាន់ខ្ជាប់គោលការណ៍មិនលើកលែងដោយបន្តដាក់ចត្តាឡីស័កលើបុគ្គលណាដែលតេស្តឃើញវិជ្ជមានកូវីដ-១៩ ដោយមិនគិតពីរោគសញ្ញាឡើយ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារ AFP ​។ អ្នកឆ្លងជំងឺកូវីដ-១៩ ដោយមិនចេញរោគសញ្ញាបានកើនឡើងខ្លាំងក្លា ដោយ៩០ភាគរយនៃករណីឆ្លងថ្មីជាង២២ ០០០នាក់​នៅថ្ងៃទី១៨ខែមេសា មិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់។
 
មិនមែនតែក្រុងសៀងហៃទេដែលរងការរឹតត្បិត​ បណ្តាតំបន់មួយចំនួនផ្សេងទៀតរបស់ចិនក៏រងការរឹតត្បិតដែរ។ ក្រុងស៊ីអាន ស្ថិតនៅភាគពាយព្យនៃចិនកាលពីសប្តាហ៍មុនបានណែនាំឱ្យប្រជាជនចៀសវាងធ្វើដំណើរមិនចាំបាច់ក្រៅពីតំបន់លំដៅដ្ឋាន និងលើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ ឬស្នាក់នៅកន្លែងធ្វើការតែម្តង។ ឯក្រុងស៊ូចូវជិតក្រុងសៀងហៃវិញ បានប្រកាសនៅថ្ងៃទី១៦ខែមេសាថា រាល់បុគ្គលិកទាំងអស់ដែលអាចធ្វើការពីផ្ទះ ត្រូវតែធ្វើការពីផ្ទះ ហើយបរិវេណលំនៅដ្ឋាន និងតាមក្រុមហ៊ុននានា គួរតែចៀសវាងការចេញចូលរាល់យានជំនិះ និងមនុស្សដែលមិនចាំបាច់។
 
គិតត្រឹមថ្ងៃទី១៨ ខែមេសា ចិនកត់ត្រាករណីឆ្លងសរុបជាង១៨ម៉ឺននាក់ និងស្លាប់៤៦៤១នាក់៕ 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com