ជាតិ
សេដ្ឋកិច្ច
៣ខែដើមឆ្នាំ កម្ពុជា បានចំណូលពីពន្ធគយជិត ៦០០លានដុល្លារ
19, Apr 2022 , 9:04 am        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ រូបថត៖ GDCE
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ រូបថត៖ GDCE
ដោយ៖ ធន់​ សេងហុង​

ភ្នំពេញ៖ ៣ខែដើមឆ្នាំ២០២២ កម្ពុជា​ទទួលបានចំណូលពីពន្ធគយប្រមាណ៦០០លានដុល្លារ។ ចំណូលដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលបាននេះ គឺធ្លាក់ចុះចំនួន ២,៥ភាគរយ បើធៀបនឹងគ្រាដូចគ្នា​ កាលឆ្នាំ២០២១។

 
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធគយចូលថវិកាជាតិ បានចំនួន៥៩៧.៦លានដុល្លារអាម៉េរិក នៅក្នុងត្រីមាសទីមួយឆ្នាំ២០២២។ តួលេខនេះសម្រេចបាន​អត្រា២៣,២ភាគរយ នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះយោងតាមលទ្ធផលបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំត្រីមាសទីមួយ ឆ្នាំ២០២២ កាលពីថ្ងៃទី១២ មេសា។
 
ចំណូលតាម​ប្រភេទពន្ធនិង​អាករ រួមមាន៖ អាករលើ​តម្លៃ​បន្ថែម(VAT) អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលបានជិត៣៩ភាគរយនៃចំណូលសរុប, អាករពិសេសប្រមូលបានជិត៣៧ភាគរយ, ចំណូលពីពន្ធគយប្រមូលបាន១៨ភាគរយ, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងមាន៤,២ភាគរយ និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមាន២,២ភាគរយ។ 
 
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូល​ពន្ធពីយានយន្តនិងគ្រឿងចក្របានរហូតដល់៤២,២ភាគរយ, ចំណូលពន្ធពីទំនិញចម្រុះមានជាង២៩ភាគរយ, ចំណូលពីពីផលិតផលតេលសិលាមានជិត២៣ភាគរយ និងសម្ភារ​សំណង់រួមទាំងកម្រៃផ្សេងៗមានជិត៦ភាគរយ។ 
 
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ​បានលើកឡើងថា ការសម្រេច​បាននូវលទ្ធផលនេះ គឺអាស្រ័យលើប្រសិទ្ធភាពនៃការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ ជាមួយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ។

ការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ជាចំណែកចម្បងមួយដែលនាំឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចបាននូវសមិទ្ធផល នារយៈពេល៣ខែនេះមកផងដែរ។ 
 
កាលពីឆ្នាំ២០២១  អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជិត ២ ៣០០លានដុល្លារ។​ចំណូលនេះ គឺធា្លក់ចុះចំនួន៥,១ភាគរយ បើធៀបនឹងឆ្នាំ២០២០៕ 
 

Tag:
 ពន្ធគយ
  គុណ ញឹម
© រក្សាសិទ្ធិដោយ thmeythmey.com