ជាតិ
សេដ្ឋកិច្ច
ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា សម្រេចបានជិត១០០លានដុល្លារ នៅត្រីមាសទីមួយ
19, Apr 2022 , 11:10 am        
រូបភាព
កម្ពុជា នាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ សម្រេចបានក្នុងទំហំទឹកប្រាក់ជិត១០០លានដុល្លារ នារយៈពេល៣ខែដើមឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានចម្ការកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបញ្ជាក់ថា ក្នុងចំណោមទំហំថវិកាទាំងនោះ គឺមាន ជាង៩៨លានដុល្លារ ជាចំណូលបានពីនាំចេញជ័រកៅស៊ូ។

 
ត្រីមាសទីមួយ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូបានចំនួន ៦១ ៨៣៩តោន ដែលបរិមាណនេះ កើនបានត្រឹម១ភាគរយប៉ុណ្ណោះ ខណៈការនាំចេញឈើកៅស៊ូវិញសម្រេចបាន៨៣៦ម៉ែត្រគូប ដោយកើនក្នុងរង្វង់៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១។ ការនាំចេញទាំងជ័រ​និងឈើកៅស៊ូរបស់កម្ពុជា គឺមានតម្លៃសរុប ៩៩ ១៤៦ ៩៧០ដុល្លារ ដោយនៅក្នុងនោះ មាន៥៨៦ ៧០០ដុល្លារ ជាចំណូលបានពីឈើកៅស៊ូ។ 
 
អគ្គនាយកដ្ឋានចម្ការកៅស៊ូបានបញ្ជាក់នៅលើរបាយការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីថ្ងៃទី១៨មេសា ឆ្នាំ២០២២​ ថា ជ័រកៅស៊ូនៅលើទីផ្សារមានតម្លៃជាមធ្យម​ ១ ៥៩៤ដុល្លារក្នុងមួយតោន។ តម្លៃនេះ បានធ្លាក់ចុះ៤២ដុល្លារ ក្នុងមួយតោន បើធៀបនឹងពេលដូចគ្នានៃត្រីមាសទីមួយ ឆ្នាំ២០២១។ 
 
មកទល់នេះ កម្ពុជាមានផ្ទៃដីដាំកៅស៊ូប្រមាណ៤០ម៉ឺនហិកតា។ ក្នុងនោះផ្ទៃដីចៀរជ័រមានជាង៣១ម៉ឺនហិកតាដែលស្មើនឹង៧៧ភាគរយនៃផ្ទៃដីកៅស៊ូសរុប។ 
កាលឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦០០លានដុល្លាពីការនាំចេញជ័រ និងឈើកៅស៊ូ។ ប្រទេសដែលជាទីផ្សារជ័រកៅស៊ូរបស់កម្ពុជា​មាន ចិន វៀតណាម ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី៕ 
 

Tag:
 កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com