អន្តរជាតិ
លោក ហ្សេលេនស្គី៖ ទ័ពអ៊ុយក្រែនរៀនចេះប្រើអាវុធបានលឿន ឱ្យតែបញ្ជូនមកឱ្យ
19, Apr 2022 , 4:29 pm        
រូបភាព
សព្វាវុធអាម៉េរិក បញ្ជូនទៅដល់អ៊ុយក្រែន។ រូបថត AFP
សព្វាវុធអាម៉េរិក បញ្ជូនទៅដល់អ៊ុយក្រែន។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានច្រានចោលការព្រួយបារម្ភរបស់មន្ត្រីអាម៉េរិក និង​សម្ព័ន្ធយោធាណាតូពាក់ព័ន្ធសមត្ថភាពរបស់កងទ័ពអ៊ុយក្រែនក្នុងការប្រើប្រាស់សព្វាវុធទំនើបៗ។ លោក ហ្សេលេនស្គី ប្រាប់ទូរទស្សន៍ CNN ក្នុងកិច្ចសម្ភាសមួយថា​ ទាហានអ៊ុយក្រែនអាចរៀន​ប្រើ​អាវុធ​ទំនើប​ទាំងនោះ​បាន​លឿនដូចច្នេះប្រទេសទាំងនោះគ្រាន់តែបញ្ជូនអាវុធមកកាន់អ៊ុយក្រែន​ឱ្យ​ទាន់​ពេលត្រូវការ។​

 
ដើម្បីទប់ទល់កងទ័ពរុស្ស៊ី អ៊ុយក្រែន បានស្នើឱ្យអាម៉េរិក និងបស្ចិមប្រទេសបញ្ជូនអាវុធទំនើបៗឱ្យខ្លួន​ដូចជារថក្រោះ កាំភ្លើងធំ និងយន្តហោះជាដើម។ អាម៉េរិក ក៏បានបញ្ជូនអាវុធជាច្រើនមុខឱ្យអ៊ុយក្រែនរួចដែរមានមីស៊ីលប្រឆាំងរថក្រោះជាអាទិ៍។ យ៉ាងណាមិញ មន្ត្រីអាម៉េរិក និងសម្ព័ន្ធយោធាណាតូធ្លាប់​បារម្ភទាហានអ៊ុយក្រែន​ត្រូវចំណាយ​ពេល​យូរ​ក្នុងការហ្វឹកហាត់ប្រើប្រាស់អាវុធទំនើបៗទាំងនោះ ឬ​អាវុធ​ទាំងនោះធ្លាក់ក្នុងដៃរុស្ស៊ីអំឡុងពេល​ចែកចាយ។ 
 
ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN កាលពីចុងសប្ដាហ៍មុន មេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបដិសេធរាល់ការបារម្ភទាំងនេះ ទោះយោធាអ៊ុយក្រែនមិនធ្លាប់ប្រើ និងមិនធ្លាប់មានពីមុនមកក្ដី។
 
«ពួកយើង​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​អាវុធ​ប្រភេទ​ណា​ក៏​ដោយ ប៉ុន្តែ​វា​ត្រូវ​ដឹក​មកអ៊ុយក្រែនយ៉ាង​ឆាប់​រហ័ស។​ ពួកយើង​មាន​សមត្ថភាព​ក្នុង​ការ​រៀន​ប្រើ​ឧបករណ៍​ថ្មី​ៗ ប៉ុន្តែ​វា​ត្រូវ​ការ​មក​កាន់​តែ​លឿន»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះរួចបន្តថា ជំនួយយោធារបស់អាម៉េរិក​ និងប្រទេស​ផ្សេងៗ​រួម​ទាំងជំនួយយោធារបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោន បៃឌិនថ្មីចំនួន៨០០លានដុល្លារ​បានជួយជ្រោមជ្រែង​ឱ្យអ៊ុយក្រែនតតាំងនឹងរុស្ស៊ី តែលោកក៏សង្ឃឹមទទួលបានជំនួយបន្ថែមទៀតដែលលឿនទាន់ពេល។
 
ប្រមុខរដ្ឋអ៊ុយក្រែនរូបនេះ ក៏បានបញ្ជាក់ថែមថា គ្រូបង្វឹក​ប្រើប្រាស់​អាវុធ​ទំនើប​ទាំង​នោះ​បាន​រៀបចំ​ខ្លួន​រួចជាស្រេចក្នុងការបង្ហាត់កងទ័ព ដូចជាយន្តហោះចម្បាំងដែលកងកម្លាំងអាចរៀនក្នុងរយៈពេលតែ​ពីរ​សប្ដាហ៍ប៉ុណ្ណោះ។ លើសពីនេះ យោធាអ៊ុយក្រែនមួយចំនួនអាចប្រើប្រាស់អាវុធទំនើបៗដូចជា ដ្រូន Kamikaze កាំងភ្លើងធំ Howitzers ឬប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ (MLRS) ដែលស្មុគស្មាញ​ដោយសា​រ​ពួកគេ​ធ្លាប់បានហ្វឹកហាត់ជាមួយកម្លាំងសម្ព័ន្ធយោធាណាតូពីមុនមក។
 
នៅថ្ងៃទី១៨ ខែមេសា មន្ត្រីការពារជាតិអាម៉េរិកបានលើកឡើងថា យោធាអាម៉េរិកនឹងបង្វឹកកងកម្លាំងអ៊ុយក្រែនក្នុងដើម្បីប្រើប្រាស់កាំភ្លើងធំ Howitzer នៅប៉ុន្មានថ្ងៃខាងមុខទៀត តែការ​ហ្វឹក​ហាត់នេះនឹងធ្វើឡើងក្រៅទឹកដីអ៊ុយក្រែន។ អាម៉េរិក ក៏​កំពុង​រៀបចំ​ផែនការ​បង្រៀន​ក្រុមអ្នកបង្វឹក​អ៊ុយក្រែន​អំពី​របៀប​ប្រើប្រាស់​អាវុធ​ថ្មី​មួយ​ចំនួន​ដូច​ជា​ប្រព័ន្ធរ៉ាដាដើម្បី​ឱ្យពួកគេបន្ត​បង្ហាត់​កងកម្លាំង​ផ្សេងៗទៀត៕
 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com