កីឡាជាតិ
ជាតិ
គ្រូជម្រើសជាតិ៖ ស៊ីហ្គេមនៅវៀតណាម ជាម៉ែត្រវាស់ស្ទង់សមត្ថភាពកីឡាការិនី ត្រៀមស៊ីហ្គេម លើកទី៣២
19, Apr 2022 , 6:59 pm        
រូបភាព
រូបជម្រើសជាតិកម្ពុជា កាលធ្វើដំណើរទៅប្រកួតនៅឥណ្ឌូណេស៊ី ឆ្នាំ២០១៨ រូបពី Cambodian Town
រូបជម្រើសជាតិកម្ពុជា កាលធ្វើដំណើរទៅប្រកួតនៅឥណ្ឌូណេស៊ី ឆ្នាំ២០១៨ រូបពី Cambodian Town
កីឡាការិនី៣៥រូប នឹងត្រូវហ្វឹកហាត់ជម្រុះយកត្រឹម២០រូប ដើម្បីទៅប្រកួតស៊ីហ្គេមនៅវៀតណាម។ ការហ្វឹកហាត់ជាផ្លូវការនេះ ចាប់ថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ។



លោក ប្រាក់ វុទ្ធី គ្រូបង្គោលជម្រើសជាតិបាល់ទាត់នារី ថា ការប្រកួតនៅវៀតណាម ជាម៉ែត្រវាស់ស្ទង់សមត្ថភាពកីឡាការីនី ដើម្បីដំណើឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 
 
«បទពិសោធន៍មួយនេះ គឺជាម៉ែត្រវាស់សម្រាប់កំណត់ វាស់ស្ទង់ទៅលើសមត្ថភាពកីឡាការិនី មានកំរិតបែបណា ក្រោយពីប្រកួតចប់ស៊ីហ្គេមមួយនេះ»។ គ្រូបង្គោលរូបនេះ បានបញ្ជាក់ដូច្នេះ។
 
ការប្រកួតស៊ីហ្គេមនៅវៀតណាមនេះ ជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ជម្រើសជាតិបាល់ទាត់នារី ។ គ្រូបង្គោលជម្រើសជាតិបាល់ទាត់នារី បានប្រាប់សារពត៌មានថ្មីៗថា៖«វៀតណាម និងឥណ្ឌូណេស៊ី មានកម្រិតខ្ពស់ និងមានបទពិសោធប្រកួតអន្ដរជាតិច្រើនជាងកម្ពុជា។ អ្វី ដែលយើងអាចធ្វើបាននោះ គឺប្រឹងធ្វើឲ្យអស់ពីសមត្ថភាព ដោយមិនឲ្យរបូតគ្រាប់បាល់ច្រើន»។ 
 
ជាមួយគ្នានេះ កីឡាការិនីបាល់ទាត់ក្លិបភ្នំពេញក្រោន បាន ជាវៃ ម្ចាស់ស្បែកជើងមាសលីគនារីកម្ពុជា ឆ្នាំ២០២១ មិនហ៊ានរំពឹងទុកថា ខ្លួននឹងជាប់ជម្រើសជាតិ១០០ភាគរយនោះទេ ក្នុងតេស្ដសមត្ថភាពជម្រុះយក២៥នាក់ ក្នុងចំណោម៣៥នាក់។ 
 
កីឡាការិនីរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា៖«ខ្ញុំ នឹងប្រឹងឲ្យអស់ពីសមត្ថភាពក្នុងប្រកួត ប្រសិនបើជាប់ជាជម្រើសជាតិក្រោយការធ្វើតេស្ដជម្រុះ» ។ 
 
ក្នុងកីឡាការិនី ៣៥នាក់នោះ មាន២រូប មិនអាចចូលរួមតេស្ដបាន ដោយសារបញ្ហារបួស។ ក្រោយការហ្វឹកហាត់ជម្រើសជាតិហើយ គ្រូបង្វឹកនឹងសម្រេចយកតែកីឡាការិនី២០រូបប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតស៊ីហ្គេម នៅវៀតណាម។ 
 
គួរបញ្ជាក់ផងដែរថា ជម្រើសជាតិបាល់ទាត់នារីរបស់កម្ពុជា ស្ថិតនៅពូល A រួមមានម្ចាស់ផ្ទះ វៀតណាម ហ្វីលីពីន និង ឥណ្ឌូណេស៊ី ខណៈពូល B មាន ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និង ឡាវ៕
 

Tag:
 បាល់ទាត់នារី
  ស៊ីហ្គេម
  ប្រាក់ វទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com