កីឡាជាតិ
ជាតិ
ចម្រៀង «Let’s Shine» សម្រាប់ស៊ីហ្គេមលើកទី៣១ បង្ហាញពីការប្ដេជ្ញាចិត្ត និងតស៊ូ
20, Apr 2022 , 8:29 am        
រូបភាព
រូបយកចេញពីចម្រៀង Let
រូបយកចេញពីចម្រៀង Let's Shine
វៀតណាម បានដាក់ផ្សាយជាសាធារណ នូវបទចម្រៀងសម្រាប់ស៊ីហ្គេមលើកទី៣១ នៅលើបណ្ដាញសង្គម ជាពិសេសក្នុង Youtube កាលពីយប់ថ្ងៃទី១៨ ខែមេសា ដែលមានចំណងជើងថា «Let’s Shine»។


«Let’s Shine» ដែលមានអត្ថន័យជាភាសាខ្មែរ “តោះ! រះឡើង” ឬ “តោះបញ្ចេញពន្លឺចែងចាំងឡើង” បានបង្កប់អត្ថន័យ និងខ្លឹមសារជាច្រើន។ លោក Huy Tuan អ្នកនិពន្ធបទចម្រៀងនេះ បានបកស្រាយថា បទចម្រៀងនេះ ជាការរំលឹកដល់អនុស្សាវរីយ៍ ដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី២២ នាឆ្នាំ២០០៣។ ជាពិសេសបង្ហាញពីការប្ដេជ្ញាចិត្ត និងអារម្មណ៍ដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។
 
គេហទំព័រ Sea games2021 បានស្រង់សម្តីអ្នកនិពន្ធបទចម្រៀងនេះ ដូច្នេះថា ៖«បទចម្រៀងនេះ និយាយពីមនុស្សកើតមកជាមួយបេសកកម្ម ដែលដំណើរជីវិត មានឧបសគ្គតាមពីក្រោយ ហើយតាមរយៈការប្ដេជ្ញាចិត្ត និងការព្យាយាមធ្វើការងារ ដែលមិនធម្មតា ដោយមានការគាំទ្រពីមិត្តភក្ដិ ពួកគេអាចសម្រេចបាន។ ពួកគេ នឹងរះឡើងជាមួយគ្នា នៅក្នុងការស្វាគមន៍ និងបដិសណ្ឋារកិច្ច ក្នុងទឹកដីនៃម្ចាស់ផ្ទះវៀតណាម»។
 
លោក Huy Tuan បានបន្ថែមថា អត្ថន័យបទចម្រៀងនេះ ជាការ​ជំរុញ​មោទកភាព​ជាតិ ស្មារតី​កីឡា​ដ៏​ខ្ពង់ខ្ពស់ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យុវជន ​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ ដើម្បី​បំភ្លឺ​ជាមួយ​គ្នា ។ «​ដើម្បី​អាស៊ី​អាគ្នេយ៍​កាន់តែ​ខ្លាំង​» ​ជា​ប្រធានបទ​ស៊ីហ្គេម​លើក​ទី​៣១។
 
គួរបញ្ចាក់ផងដែរថា ស៊ីហ្គេមលើកទី៣១ នឹងចាប់ធ្វើឡើងនៅថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ដែលប្រកួតកីឡា៤០ប្រភេទ និងមេដាយសរុប ៥២៦។ ម្ចាស់ផ្ទះ រំពឹងថា នឹងមានប្រតិភូចូលរួមប្រកួត ដល់ ១០ ០០០នាក់ ដែលមកពីបណ្ដាប្រទេសអាស៊ាន បូករួមទីម័រខាងកើត៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com