កីឡាជាតិ
ជាតិ
ក្លិប​អង្គរថាយហ្គឺរប្រាប់​ពីមូល​ហេតុ​ដែលឈានដ​ល់​​បញ្ចប់​កិច្ច​សន្យា​របស់​កីឡាករ ស្រាំង ទិត្យឈី
19, Apr 2022 , 5:04 pm        
រូបភាព
រូបអតីតខ្សែការពារ ស្រាំង ទិត្យឈី រូបពីក្លិប អង្គរថាយហ្គឺរ
រូបអតីតខ្សែការពារ ស្រាំង ទិត្យឈី រូបពីក្លិប អង្គរថាយហ្គឺរ
ក្លិបអង្គរថាយហ្គឺរ កាលពី​ថ្ងៃទី​១៩ ខែ​មេសា បាន​ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងករណី​កីឡាករ ស្រាំង ទិត្យឈី​ ដែលត្រូវ បាន​បញ្ចប់​កិច្ច​សន្យា។ លិខិតនេះ ធ្វើឡើងមួយ​ថ្ងៃ បន្ទាប់ពី​ខ្សែការពារអាយុ​២៤​ឆ្នាំ បាន​សរសេរនៅ​ លើបណ្តាញសង្គមដើម្បី ស្នើទៅ​​សហព័ន្ធកីឡាបាល់ទាត់ (FFC) ជួយអន្តរាគមន៍ករណី​ក្លិបមិនគោរពកិច្ចសន្យាខ្លួន។ ប្រធាន​ក្លិបអង្គរថាយហ្គឺរ បាន​លើកឡើង​ពី​ការទៅហ្វឹកហាត់យឺតយ៉ាវ និង​ការឈប់សម្រាក​ដោយគ្មាន​ហេតុផល ហើយ​ថា នេះ​ជាទង្វើដដែល​ៗរបស់ កីឡាករ ស្រាំង ទិត្យឈី។

 
នៅ​លើ​គណនីហ្វេសប៊ុក​របស់ខ្លួន ស្រាំង ទិត្យឈី បាន​រៀបរាប់ថា គេ​ត្រូវ​បាន​ប្រាក់​៣ខែនៃកិច្ចសន្យា​២ឆ្នាំ ប៉ុន្តែ​តាមពិត ទទួល​បាន​ត្រឹ​មតែ៥ភាគរយ​ប៉ុណ្ណោះនៃកិច្ច​សន្យា។ ដោយ​មិន​បាន​រៀបរាប់លម្អិត ខ្សែការពារ​រូបនេះ បាន​ចាត់ទុក​ការសម្រេច​របស់​ក្លិបអង្គរថាយហ្គឺរ​ថា ដូចជា​ការ​បំផ្លាញ​អនាគត​បាល់ទាត់​ខ្លួន​។ គេ​បាន​ទទូច​សុំ​ FFC ជួយ​អន្តរាគមន៍ និងស្នើឲ្យអ្នកគាំទ្រ​ចែក​រំលែកព័ត៌មាន​របស់ខ្លួន។
 
ជាការឆ្លើយ​តប ម្ចាស់ក្លិបជនជាតិជប៉ុន​ លោក Akhiro Kato បាន​ចេញ​សេចក្តីថ្លែងការណ៍ដើម្បី​រៀបរាប់ទាក់ទងនឹង​ការ សម្រេច​របស់ក្លិប។ លោកបាន​ពន្យល់​ថា កន្លងមក ក្លិបបាន​ណែនាំជារឿយៗចំពោះ​ការ​ទៅហ្វឹកហាត់យឺតយ៉ាវ និង​ការឈប់​សម្រាកដោយគ្មានហេតុ​ផល​ច្បាស់​លាស់ ដែលចាត់ទុកថា ជាការមិនគោរព​វិន័យ ប៉ុន្តែទង្វើ​បែបនេះ នៅ​តែ​បន្ត​កើតឡើង​ដដែល​ៗចំពោះ ស្រាំង ទិត្យឈី។
 
បើតាម​ លោក Akhiro Kato ក្នុង​កិច្ចសន្យារវាងក្លិប និងកីឡាករ ក្លិបមានសិទ្ធិលុប​ចោល​កិច្ចសន្យាដោយគ្មានសំណង ប្រសិន បើអាកប្បកិរិយា​របស់កីឡាករ មិនសមរម្យចំពោះក្លិប ឬបន្ទាប់ពីទទួល​បាន​ការព្រមាន​ជាលើក​ចុងក្រោយ។ ប្រធានក្លិប ​រូបនេះ បានបញ្ជាក់ថា ក្លិប​បាន​ព្យាយាម​ចរចាជាច្រើនដង និង​​យល់​ព្រម​បន្ត​កិច្ច​សន្យា បើ​ ទិត្យឈី ទទួល​ស្គាល់​កំហុស ប៉ុន្តែ​គេ​មិន​កែប្រែនោះឡើយ ទើបឈាន​ដល់​ការ​បញ្ចប់កិច្ចសន្យា​ដោយគ្មាន​ប្រាក់​សំណងដូចដែលមាន​ចែង​ក្នុងកិច្ចសន្យា។
 
លោកបាន​អះអាងថា ក្លិបមិន​ប្រកាសជាសាធារណៈ​ទាក់ទង​នឹងការសម្រេច​កន្លងមក​របស់ខ្លួន គឺ​ដោយសារ​តែក្លិបមាន​គោលបំណង​រក្សា​កិត្តិយសជូន​កីឡាករ និង​មិន​ចង់បង្ករផល​លំបាក​សម្រាប់​គេ​ក្នុងការស្វែងរកក្លិបថ្មី ប៉ុន្តែបាន​ផ្លាស់ប្តូរជំហរ​របស់ខ្លួន ក្រោយ​ ទិត្យឈី បង្ហោះ​សារនៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែលអាចធ្វើ​ឲ្យអ្នកគាំទ្រមាន​ការយល់​ច្រលំទៅ​លើ​ក្លិប។
 
«ក្លិប​នឹងនៅតែបន្ត​ខិតខំពង្រឹងគោលជំហរ ជាក្លិបអាជីព ហើយក៏ព្យាយាម​ក្នុងការណែនាំ​ដល់កីឡាករ​ក្លិបថាអ្វី​ដែលហៅថា បាល់ទាត់អាជីព​នៃលីគកំពូល​កម្ពុជា ដើម្បីឲ្យ​វិស័យ​បាល់​ទាត់​របស់ជាតិ​យើង​កាន់់តែដើរទៅមុខ​បន្តទៀត»។ នេះ​បើតាម​ការបញ្ជាក់​ក្នុងសេចក្តីថ្លែងការណ៍​របស់ក្លិប​ដែលមាន​មូលដ្ឋាននៅខេត្តសៀមរាប។
 
ក្រោយ​អាន​សេចក្តីប្រកាសព័ត៌មាន​របស់ក្លិប ស្រាំង ទិត្យឈី បាន​ប្រតិកម្ម​តបវិញ​ថា ខ្លួនមិនដែលបាន ឃើញ​លិខិតព្រមាន ចុងក្រោយនោះឡើយ។ គេបានសរសេរយ៉ាងដូច្នេះថា៖ «សុំមើលលិខិតព្រមានលោកប្រធាន បន្តិច​មក ហើយសុំមើលការចរចារបស់លោកប្រធាន និង GM ក្លិបបន្តិចមក»។ កីឡាករ​រូបនេះ បាន​បញ្ជាក់ថា ទាំង​ប្រធាន​ក្លិប និងអគ្គលេខាធិការ និយាយតែការងាររួម​តាមអនឡាញ។
 
ស្រាំង ទិត្យឈី ជាអតីត​កីឡាករយុវជនពីខេត្ត​ស្ទឹងត្រែង មុននឹងចូលរួមជាមួយ​អង្គរថាយហ្គឺរ កាលពី​ចុង​ឆ្នាំ​២០២០។ គេធ្លាប់ឆ្លងកាត់លេងឲ្យក្លិបមួយចំនួន ដូចជាភ្នំពេញក្រោន បឹងកេត អគ្គិសនី​កម្ពុជា និង​វិសាខា។ កាលពីឆ្នាំ២០១៧ គេក៏ធ្លាប់លេងក្នុងលក្ខខណ្ឌ​ខ្ចីជើង​នៅ Cambodian Tiger (ឈ្មោះដើម​របស់អង្គរថាយហ្គឺរ) ផងដែរ៕
 

Tag:
 បាល់ទាត់
  ស្រាំង ទិត្យឈី
© រក្សាសិទ្ធិដោយ thmeythmey.com