អន្តរជាតិ
មន្រ្តីអាម៉េរិក នឹងទៅកោះសូឡូម៉ុន ស្របពេលបារម្ភពីកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន
19, Apr 2022 , 10:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន Manasseh Sogavare ។ រូបថត AFP
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន Manasseh Sogavare ។ រូបថត AFP
ដោយ:
មន្រ្តីការទូតជាន់ខ្ពស់ នឹងទៅទស្សនកិច្ចនៅកោះសូឡូម៉ុន ចំពេលអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិកបង្ហាញក្ដីពីកិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិន។ យ៉ាងណាមិញ ប្រទេសកោះនេះ ហាក់មិនអើពើសំឡេងរបស់លោកខាងលិចឡើយ​ ខណៈចិនឯណោះប្រកាសថា កិច្ចព្រមព្រៀងចម្រូងចម្រាសនេះ ត្រូវបានចុះហត្ថលេខាទៅហើយ។


កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកោះសូឡូម៉ុននិងចិន រងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់អាម៉េរិក អូស្ត្រាលី និងនូវែលសេឡង់។ ក្រោមកិច្ចព្រមព្រៀងនេះ ​ចិនអាចបញ្ជូនប៉ូលិស យោធា​ និងកងក​ម្លាំងសន្តិសុខទៅជួយរក្សាសណ្ឋាប់ធ្នាប់សង្គម និងមូលហេតុផ្សេងទៀតនៅដែនកោះមួយនេះ។​​
 
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងប៉ាស៊ីហ្វិករបស់អូស្ត្រាលី​​ Zed Seselja បានធ្វើដំណើរទៅកាន់រដ្ឋធានី Honiara ហើយស្នើឱ្យនាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare កុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។ 
 
ជាមួយគ្នានេះ នៅថ្ងៃទី១៨ខែមេសា សេតវិមានអាម៉េរិកក៏បានប្រកាសថា មន្រ្តីសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សេតវិមាន​​ Kurt Campbell និងមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេសអាម៉េរិកប្រចាំតំបន់អាស៊ី នឹងធ្វើដំណើរទៅកាន់កោះសូឡូម៉ុននៅសប្តាហ៍នេះដើ​ម្បីពិភាក្សាពីបញ្ហាឥទ្ធិពលរបស់ចិន និងការបើកស្ថានទូតអាម៉េរិកឡើងវិញ។ យ៉ាងណាមិញ ការប្រឹងប្រែងរបស់អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ទំនងរងបរាជ័យទៅហើយ។
 
នាសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន ត្រូវបា​នចុះហត្ថលេខារួចហើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីព័ត៌មានលម្អិត និងកាលបរិច្ឆេទការចុះហត្ថលេខាឡើយ។
 
ចំណែកអាជ្ញាធរកោះសូឡូម៉ុនវិញ អះអាងថា ក្រសួងការបទេសចិន​ នឹងធ្វើដំណើរទៅកាន់ក្រុង Honiara នៅពាក់កណ្តាលខែឧសភា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគីនិងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកោះសូឡូម៉ុន។ លោក​ Douglas Ete ប្រធានគណៈកម្មាធិការគណនេយ្យសាធារណៈនៃសភាកោះសូឡូម៉ុន ប្រាប់សភានៅថ្ងៃទី១៩ ខែមេសា ថា ដំណើរទស្សនកិច្ចរបស់ចិននៅខែក្រោយ គឺសំដៅលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងជលផលប៉ុណ្ណោះ៕
 
 
 
 

Tag:
 អាម៉េរិក​
  ចិន
  កោះសូឡូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com