ជាតិ
សម្ដេច ហ៊ុន សែន ជំរុញឱ្យពង្រីកតំបន់ទេសចរណ៍ ដោយផ្សារភ្ចាប់ការស្រលាញ់ទឹកដី
20, Apr 2022 , 9:49 am        
រូបភាព
ភ្នំពេញ៖ នាពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅថ្ងៃទី២០ មេសានេះ សម្ដេច ហ៊ុន សែន បានជំរុញឱ្យក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ ពង្រីកតំបន់ទេសចរណ៍ ដោយផ្សារភ្ចាប់ការស្រលាញ់ទឹកដី។


ប្រមុខរដ្ឋាភិបាល បានមើលឃើញពីភាពវិជ្ជមាននៃការរៀបចំ និងបង្កើតតំបន់ទេសចរណ៍ថ្មីៗ នៅក្នុងខេត្តនានា ដែលជាចំណុចស្នូលនៃការទាក់ទាញភ្ញៀវទេសចរ។ «ឥឡូវគេប្រើប្រាស់ ទេសចរណ៍ផ្សារភ្ជាប់ទឹកដី។ ចំណុចនេះ គួរតែពង្រឹងវា ពង្រីកវា នៅគ្រប់ទីកន្លែងទាំងអស់ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋ ធ្វើ(ដំណើរ)ទេសចរណ៍ ដែលផ្សារភ្ជាប់ជាមួយទឹកដី ការស្រលាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថាន ដើម្បីទាញយកលុយ ជាជាងកាប់ឈើ ជាជាងបាញ់សត្វ ដែលវាធ្វើឱ្យហិនហោចទៅដល់បរិស្ថាន»។ នេះបើតាមសម្ដេច ហ៊ុន សែន ។
 
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមើលឃើញថា តំបន់ជាច្រើនកំពុងពង្រីកតំបន់ទេសចរណ៍ ដោយផ្សារភ្ចាប់ការស្រលាញ់ទឹកដីបានល្អ ដូចជា ខេត្តបាត់ដំបង ដែលគ្មានប្រាង្គប្រាសាទអ្វីទេ ប៉ុន្តែមានតំបន់ទេសចរណ៍ថ្មីៗ ដែលបានទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ នៅក្នុងអំឡុងពិធីចូលឆ្នាំខ្មែរ។ ចំណែកខេត្តកំពង់ចាម ឈរលេខ២ និងសៀមរាប លេខ៣ ដែលមានភ្ញៀវទៅកម្សាន្ត នាថ្ងៃចូលឆ្នាំ។ 
 
«បាត់ដំបង ទោះគ្មានអង្គរ គ្មានប្រាង្គប្រាសាទស្អីច្រើន ក៏ប៉ុន្តែគេពង្រីក(តំបន់ទេសចរណ៍ថ្មី) ច្រើនកន្លែង។ អ៊ីចឹង វាបង្កើនបាននូវភាពទាក់ទាញ ដែលផ្សារភ្ជាប់ទេសចរ និងការស្រលាញ់ទឹកដី»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា អាជ្ញាធរមូលដ្ឋាន ក៏ចេញដើរស្វាគមន៍ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតំបន់ខ្លួន ដែលបង្កើតភាពកក់ក្តៅមួយកម្រិតទៀត ដល់ពលរដ្ឋ ។
 
ក្រៅពីនេះ ការគ្រប់គ្រងសំរាមមានសភាពល្អប្រសើរជាងមុន ដោយសារពលរដ្ឋមានការយល់ដឹងច្រើន និងចូលរួមថែរក្សាអនាម័យជាងមុន។ ចំណែកក្រុមហ៊ុនប្រមូលសំរាមវិញ ក៏បានបង្កើនការយកចិត្តទុកដាក់លើបញ្ហាសំរាមនេះដែរ។ ជាមួយគ្នានេះ អាជ្ញាធរតាមមូលដ្ឋាននានា បានយកបញ្ហាអនាម័យ ទៅជាគោលដៅចម្បង ក្នុងការទប់ស្កាត់បញ្ហាសំរាមនេះ ទើបធ្វើឱ្យតំបន់ទេសចរណ៍ និងកន្លែងផ្សេងៗ លែងសូវមានសំរាមដូចមុន។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
បើតាមរបាយការណ៍ក្រសួងទេសចណ៍ ភ្ញៀវជាតិ និងអន្តរជាតិជាង៥លាននាក់ បានចេញដើរកម្សាន្តនៅតាមតំបន់នានា ក្នុងអំឡុងពេលចូលឆ្នាំនេះ៕

Tag:
 ហ៊ុន សែន
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com