ជាតិ
សម្ដេច ហ៊ុន សែន៖ ១០ថ្ងៃទៀត ទើបអាចវាយតម្លៃពីកម្រិតឆ្លងកូវីដ-១៩ ក្នុងថ្ងៃចូលឆ្នាំខ្មែរ
20, Apr 2022 , 11:12 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី ២០មេសា។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី ២០មេសា។
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ១០ថ្ងៃទៀត ទើបមន្ត្រីជំនាញក្រសួងសុខាភិបាល អាចវាយតម្លៃកម្រិតឆ្លងកូវីដ-១៩ ក្នុងថ្ងៃចូលឆ្នាំខ្មែរ។ សម្ដេច ហ៊ុន សែន នាយយរដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី ២០មេសា។


សម្ដេច ហ៊ុន សែន បានសង្កេតឃើញថា ប្រជាពលរដ្ឋបានដើរលេងកម្សាន្តតាមបណ្ដាខេត្តគោលដៅទេសចរណ៍យ៉ាងច្រើនកុះករ។ ដ្បិតក្រោយពិធីចូលឆ្នាំនេះ មិនទាន់មានហានិភ័យធ្ងន់ធ្ងរក្តី តែក៏មិនអាចវាយតម្លៃថាល្អបានដែរ ដោយរង់ចាំមើលស្ថានភាពដល់ដំណាច់ខែមេសាសិន។
 
ប្រមុខរដ្ឋាភិបាល បានបន្ថែមថា៖« នៅថ្ងៃទី១៩ ម្សិលមិញ មានអ្នកឆ្លងកូវីដ-១៩ ត្រឹមតែ១៤នាក់ប៉ុណ្ណោះ តែថ្ងៃទី២០នេះ មានអ្នកឆ្លងដល់ ២៧នាក់។ វាមិនទាន់ជាសភាពធ្ងន់ធ្ងរទេ។ យើងត្រូវទុកពេលតាមដានក្នុងរង្វង់ ១០ថ្ងៃទៀតចុះ យើងអាចវាយតម្លៃបានហើយ ។ ប៉ុន្តែសម្រាប់ខ្ញុំមិនអត្តនោម័តទេ ពេលនេះខ្ញុំអាចវាយតម្លៃបានថា ភាពសុំានៅក្នុងសហគមន៍របស់យើងមានកម្រិតខ្ពស់ណាស់»។
 
ទន្ទឹមនឹងនេះ សម្ដេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដូសទី៣ ឬដូសទី៤ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ឱ្យបានរឹងមាំថែមទៀត។ បើតាមប្រមុខរដ្ឋាភិបាល បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ បានជាង ៨លាននាក់ ក្នុងចំណោមមនុស្សជាង ១៤លាននាក់ និងដូសទី៤ បានជាង ១លាននាក់។ 
 
ជុំវិញរឿងនេះ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការចាក់វ៉ាក់សាំង តម្រង់ឆ្ពោះទៅរកកម្មករកម្មការីនីតាមរោងចក្រ អ្នករកស៊ីលក់ដូរតាមផ្សារ និងអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម ព្រោះពួកគេងាយរងគ្រោះនៃការចម្លង ដោយសារកន្លែងធ្វើការ និងទីតាំងរកស៊ីរបស់ពួកគេ ជាតំបន់ប្រមូលផ្ដុំ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com