ជាតិ
បញ្ហាពលរដ្ឋ៥៨ករណី ដែលផ្ញើទៅតាមហ្វេសប៊ុករដ្ឋមន្រ្តីមហាផ្ទៃ ត្រូវបានដោះស្រាយ នៅត្រីមាសទី១
20, Apr 2022 , 12:29 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវលើកទី១៣ ដែលប្រារព្ធឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
សម្តេច ស ខេង ថ្លែងក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវលើកទី១៣ ដែលប្រារព្ធឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបានសំណូមពរ២៦៩ករណីពីប្រជាពលរដ្ឋទូទៅ ដែលពួកគេ ស្នើសុំឲ្យសម្តេច ជួយដោះស្រាយ។ របាយការណ៍នេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។


យោងតាមរបាយការណ៍ ក្នុងចំណោមសំណូមពរទាំង២៦៩ករណីរបស់ប្រជាពលរដ្ឋ មាន៥៨ករណី ត្រូវបានមន្រ្តីរបស់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ដោះស្រាយរួច ១៣៧ករណី កំពុងស្ថិតក្នុងការដោះស្រាយ ហើយ៧៤ករណីទៀត ត្រូវបានបង្វែរទៅស្ថាប័នផ្សេងឲ្យដោះស្រាយ ដោយសារមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ 
 
សម្តេច ស ខេង សរសេរលើទំព័រហ្វេសប៊ុកថា៖«វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ»។ 
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីមហាផ្ទៃ បានជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ខិតខំពន្លឿនការដោះស្រាយឲ្យបានល្អគ្រប់ជ្រុងជ្រោយ និងចប់ចុងចប់ដើម ចំពោះបញ្ហារបស់ប្រជាពលរដ្ឋ ដែលពួកគាត់ ស្នើសុំឲ្យជួយដោះស្រាយតាមទំព័រហ្វេសប៊ុករបស់សម្តេច៕ 
 
 

Tag:
 ស ខេង
  សំណូមពរពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com