ជាតិ
បក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់គោលដៅយកឲ្យបាន១០៥អាសនៈនៅឃុំ-សង្កាត់
20, Apr 2022 , 2:38 pm        
រូបភាព
កិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ រូបពីគណនីហ្វេសប៊ុករបស់លោក សាម អ៊ីន
កិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ រូបពីគណនីហ្វេសប៊ុករបស់លោក សាម អ៊ីន
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានកំណត់គោលដៅរបស់ខ្លួនថា នឹងដណ្តើមឲ្យបាន១០៥អាសនៈនៅតាមឃុំ-សង្កាត់ ក្នុងការប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ដោយក្នុងចំណោម១០៥អាសនៈនោះ ១០០អាសនៈជាសមាជិក្រុមប្រឹក្សាឃុំ-សង្កាត់ និង៥អាសនៈ ជាមេឃុំ-ចៅសង្កាត់។ ការកំណត់គោលដៅដ៏ជាក់លាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការត្រៀមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។

 
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានចូលរួមក្នុងកិច្ចប្រជុំដែរនោះ បានផ្តល់ព័ត៌មានអំពីខ្លឹមសារនៃកិច្ចប្រជុំលើគណនីហ្វេសប៊ុករបស់លោក។ លោក សរសេរសារខ្លីយ៉ាងដូច្នេះថា៖«គោលដៅរបស់យើង គឺ១០០ អាសនៈក្រុមប្រឹក្សា និង ៥មេឃុំ-ចៅសង្កាត់»។
 
គណបក្សប្រជាធិបតេយ្យ ស្ថិតក្នុងចំណោមគណបក្សទាំង១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ គណបក្ស១៦ទៀត គឺ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
 
ឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសកម្ពុជា មានចំនួន១៦៥២។ ចំនួនបេក្ខជនពេញសិទ្ធិសរុប សម្រាប់ឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ត្រូវបានកំណត់យក១១៦២២នាក់។ របាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រៀបចំបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បាន៥៧៨នាក់ ដោយរាប់ទាំងបេក្ខជនបម្រុងផង នៅតាមឃុំ-សង្កាត់ចំនួន៣៤។
 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ ជាប្រធាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥មក។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឆ្លងកាត់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ម្តងរួចមកហើយ កាលពីឆ្នាំ២០១៧ ដោយទទួលបានអាសនៈឃុំ-សង្កាត់ចំនួន៥។ ក្នុងចំណោមអាសនៈឃុំ-សង្កាត់ទាំង៥ ដែលគណបក្សនេះ ទទួលបាន មិនមានតំណែងជាមេឃុំ-ចៅសង្កាត់ឡើយ ដោយមានត្រឹមតែជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងជំទប់ទី១ ជំទប់ទី២។ 
 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ធ្លាប់ឆ្លងកាត់ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ដែរ កាលពីឆ្នាំ២០១៨ តែពុំទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ។ ដោយសារអវត្តមានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោល គណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈទាំងអស់នៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨៕ 
 

Tag:
 GDP
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com