អន្តរជាតិ
ទូរទស្សន៍តៃវ៉ាន់ សុំទោសក្រោយច្រឡំរាយការណ៍ថា ចិនវាយប្រហារក្រុងតៃប៉ិ
20, Apr 2022 , 3:18 pm        
រូបភាព
កងទ័ពរំដោះប្រជាជនចិន ធ្វើសមយុទ្ធនៅខេត្តគ័ងតុងកាលពីឆ្នាំ២០២០។ រូបថត Xinhua
កងទ័ពរំដោះប្រជាជនចិន ធ្វើសមយុទ្ធនៅខេត្តគ័ងតុងកាលពីឆ្នាំ២០២០។ រូបថត Xinhua
ស្ថានីយទូរទស្សន៍មួយដែលគាំទ្រដោយរដ្ឋាភិបាលតៃវ៉ាន់ នៅថ្ងៃទី២០ ខែមេសា បានប្រកាសសុំទោស និងទទូចឱ្យសាធារណជន ​កុំ​​មានការ​ភិតភ័យក្រោយបានច្រឡំរាយការណ៍ ពីការវាយប្រហាររបស់ចិន មកលើក្រុងតៃប៉ិ។

 
អំឡុងការផ្សាយផ្ទាល់ព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមេសា ស្ថានីយទូរទស្សន៍ Chinese Television System របស់តៃវ៉ាន់​ បានបង្ហាញសារនៅបន្ទាត់ខាងក្រោមការផ្សាយថា នាវា យោធា និងហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗ នៅជិតទីក្រុងតៃប៉ិ ត្រូវបានវាយប្រហារដោយមីស៊ីលរបស់ចិន។ សារនៅបន្ទាត់​ខាង​ក្រោមនោះ ក៏មានការជូនដំណឹងដូចជា សង្រ្គាមអាចផ្ទុះឡើង ស្ថានីយរថភ្លើង​ដ៏សំខាន់មួយ ​ក្នុង​ទីក្រុង​តៃប៉ិ ត្រូវបានដុតដោយភ្នាក់ងារចិន ហើយមេដឹកនាំតៃវ៉ាន់ បានប្រកាសភាពអាសន្នជាដើម។ 
 
«សូមប្រជាពលរដ្ឋ កុំមានការភិតភ័យពេក។ យើងខ្ញុំសូមបំភ្លឺ និងសុំអភ័យទោស»។ ពិធីករព័ត៌មាន​ស្ថានីយទូរទស្សន៍ Chinese Television System បានបញ្ជាក់បែបនេះ​ នៅ​ម៉ោង​១០ព្រឹក (ម៉ោងនៅ​តៃវ៉ាន់)។ ពិធីករប៉ុស្តិ៍ទូរទស្សន៍ដដែល បកស្រាយថា សារដែលបង្ហាញនោះ សំដៅ​លើ​ការហ្វឹកហាត់​ជាមួយនាយកដ្ឋានពន្លត់អគ្គិភ័យនៅទីក្រុងតៃប៉ិថ្មីកាលពីថ្ងៃទី១៩ ខែមេសា ប៉ុន្តែត្រូវបាន​បង្ហាញខុស​នៅព្រឹកថ្ងៃទី២០ ខែមេសា ដោយសារកំហុសបច្ចេកទេស។
 
យ៉ាងណាមិញ ក្រោយហេតុការណ៍ខាងលើនេះ ប្រជាជនក្នុងទីក្រុងតៃប៉ិ ក៏មិន​បានភ័យ​ស្លន់​ស្លោ​នោះ​ដែរ។
 
គួរបញ្ជាក់ថា ចិន តែងគំរាមប្រើកម្លាំងដើម្បីវាយយកតៃវ៉ាន់ មកក្រោមការគ្រប់គ្រងរបស់ខ្លួន បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនោះ។ ចិនក៏បានបង្កើនសកម្មភាពយោធា នៅក្បែរកោះតៃវ៉ាន់ជាបន្តបន្ទាប់ សំដៅដាក់សម្ពាធលើដែនកោះមួយនេះ។
 
ចំណែកឯតៃវ៉ាន់វិញ ក៏បានបង្កើនការប្រុងប្រយ័ត្នមិនចេះដាច់ ពិសេសតាំងពីរុស្ស៊ីលុកលុយអ៊ុយក្រែន​ ដែលអាចជាឧទាហរណ៍មួយ ដែលចិនអាចវាយប្រហារលើខ្លួនដែរ។ កាលពីសប្ដាហ៍មុន កោះតៃវ៉ាន់ ​ព្រមទាំងបានបញ្ចេញសៀវភៅណែនាំ ស្តីពីការការពារជីវិតសម្រាប់ជនស៊ីវិលជាលើកដំបូងទៀតផង៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com