ជាតិ
សម្ដេច ហ៊ុន សែន ៖ ទោះគ្មានប្រាសាទច្រើន តែខេត្តបាត់ដំបង អាចទាញទេសចរច្រើនជាងគេ
20, Apr 2022 , 3:57 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សរសើរខេត្តបាត់ដំបងដែលចេះកែច្នៃ និងពង្រីកកន្លែងកម្សាន្តតាមសហគមន៍។ ខេត្តបាត់ដំបង អាចទាក់ទាញទេសចរបានច្រើនជាងគេ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បើទោះជាខេត្តនេះ មិនមានប្រាង្គប្រាសាទសម្បូរបែបដូចសៀមរាបក៏ដោយ។

 
ខេត្តបាត់ដំបង ទទួលបានទេសចរចំនួន ៦៥៣ ៨៩៦នាក់ ក្នុងចំណោមភ្ញៀវទេសចរសរុប ៥ ១៧៥ ៧៥៤នាក់ ក្នុងរយៈពេល៤ថ្ងៃ ដោយរាប់ទាំងថ្ងៃចូលឆ្នាំខ្មែរ៣ថ្ងៃ និងថ្ងៃអាទិត្យ។ ទិន្នន័យនេះ បានធ្វើឱ្យខេត្តបាត់ដំបង បានឡើងឈរនៅចំណាត់ថ្នាក់លេខ១ ជាខេត្តដែលមានភ្ញៀវទេសចរ ទៅកម្សាន្តច្រើនជាងគេ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
 
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរចំពោះខេត្តបាត់ដំបង​ ដែលមានសមត្ថភាពទាក់ទាញទេសចរ បានច្រើន ទោះមិនមានសក្តានុពលទេសចរណ៍ធំៗ ដូចជាប្រាសាទអង្គរវត្តជាដើម។ សម្ដេចមើលឃើញថា ការយកចិត្តទុកដាក់ពីមន្ត្រីថា្នក់ក្រោមជាតិ ក៏បានចូលរួមចងចិត្តទេសចរ ក្នុងខេត្តបាត់ដំបងដែរ ។


 រូបភាពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង

សម្ដេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ដូច្នេះ៖​ « បាត់ដំបង ទោះគ្មានអង្គរ គ្មានប្រាង្គប្រាសាទអីច្រើន តែមានកន្លែងទៅលេងច្រើន។ អ៊ីចឹង (បាត់ដំបង) បង្កើតបាននូវភាពទាក់ទាញ ដែលផ្សារភ្ជាប់ទេសចរ និងការស្រឡាញ់ទឹកដី ។ តាមការប្រមូលព័ត៌មានបាន​ មេភូមិ មេឃុំនៅទីនោះ ថ្នាក់ថ្នមទេសចរ។ គាត់ទៅអរគុណភ្ញៀវដែលបានទៅលេងនៅទីនោះ។ គាត់ទៅមើលហើយសួរសុខទុក្ខទេសចរ »។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យបន្តបង្កើតទេសចរណ៍ ដែលផ្សារភ្ជាប់ទឹកដីមានន័យថា ថែរក្សាធនធានធម្មជាតិ បរិស្ថាន ដើម្បីរកចំណូលពីទេសចរ ជៀសជាងការបរបាញ់សត្វ ៕
 

Tag:
 ThmeyThmey25
  ទេសចរណ៍
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com