អន្តរជាតិ
មន្ទីរបញ្ចកោណ៖ អ៊ុយក្រែនទទួលបានយន្តហោះចម្បាំងដើម្បីពង្រឹងទ័ពអាកាស
20, Apr 2022 , 7:29 pm        
រូបភាព
លោក Jonh Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក។ រូបភាព៖ AFP
លោក Jonh Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក។ រូបភាព៖ AFP
អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក លោក John Kirby នៅថ្ងៃទី១៩ ខែមេសា បានថ្លែងថា អ៊ុយក្រែន បានទទួលយន្តហោះចម្បាំង និងគ្រឿងបរិក្ខារយន្តហោះចម្បាំងផ្សេងទៀត ដើម្បីពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន។ យ៉ាងណាមិញ អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះ មិនបានបញ្ជាក់ពីប្រភេទយន្តហោះចម្បាំង និងប្រទេស ដែលផ្តល់យន្តហោះចម្បាំងឱ្យអ៊ុយក្រែនឡើយ។

 
បន្ទាប់ពីរុស្ស៊ីឈ្លានពាននៅចុងខែកុម្ភៈ អ៊ុយក្រែនបានស្នើសុំបណ្តាប្រទេសលោកខាងលិចឱ្យផ្តល់យន្តហោះចម្បាំងប្រភេទ MiG-29 ដែលផលិតក្នុងសម័យសហភាពសូវៀត ដោយសារតែអ្នកបើកបរយន្តហោះអ៊ុយក្រែន អាចបើកបរយន្តហោះចម្បាំងប្រភេទនេះបាន។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៩ ខែមេសា លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក បានអះអាងថា កម្លាំងទ័ពអ៊ុយក្រែនពេលនេះ មានយន្តហោះចម្បាំងច្រើនជាងពីរសប្តាហ៍មុន។ 
 
«ពួកគេ(អ៊ុយក្រែន) បានទទួលយន្តហោះចម្បាំង ​និងគ្រឿងបរិក្ខារយន្តហោះចម្បាំងបន្ថែម ដើម្បីជួយឱ្យអ៊ុយក្រែនមានយន្តហោះចម្បាំងកាន់តែច្រើននៅក្នុងដែនអាកាស»។ លោក Kirby បានសង្កត់ធ្ងន់បែបនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីប្រភេទយន្តហោះចម្បាំង និងប្រទេសដែលផ្តល់យន្តហោះចម្បាំងឱ្យឡើយ ដោយគ្រាន់តែបង្ហើបយន្តហោះចម្បាំងទាំងនោះផលិតក្នុងសម័យសហភាពសូវៀតប៉ុណ្ណោះ។ 
 
ទន្ទឹមនេះ មន្រ្តីអាម៉េរិករូបនេះ បានបន្តថា ក្រុងវ៉ាស៊ីនតោន មិនបានផ្តល់យន្តហោះចម្បាំងទៅក្រុងកៀវទាំងមូលឡើយ ប៉ុន្តែមានគ្រឿងបរិក្ខារខ្លះប៉ុណ្ណោះ។ 
 
នៅដើមខែមីនាកន្លងមក អាម៉េរិក​ ក៏បានពិភាក្សាការផ្ទេរយន្តហោះចម្បាំងជាមួយប៉ូឡូញឱ្យអ៊ុយក្រែនដែរ ប៉ុន្តែក្រោយមកត្រូវបានលុបចោលវិញ ដោយសារបារម្ភពីការពាក់ព័ន្ធរបស់សម្ព័ន្ធយោធាណាតូទៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា ការប្រកាសពីការទទួលបានយន្តហោះចម្បាំងរបស់អ៊ុយក្រែន ធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក បានបញ្ចេញកញ្ចប់ជំនួយយោធា​ក្នុងទំហំទឹកប្រាក់ ៨០០លានដុល្លារឱ្យអ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី​
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com