ជាតិ
សម្ដេច ហ៊ុន សែន ៖ ការទុកដាក់សំរាម មានភាពល្អប្រសើរជាងឆ្នាំមុនៗ
20, Apr 2022 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សំរាមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហាក់ថមថយជាងមុន ព្រោះប្រជាពលរដ្ឋបានយល់ដឹង និងវេចខ្ចប់សំរាមបានត្រឹមត្រូវ។

 
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន ថ្លែងថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ទេសចរជាង៥លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស ប៉ុន្តែបញ្ហាសំរាម ហាក់មិនមានភាពរាយប៉ាយខ្លាំងដូចរាល់ឆ្នាំនោះទេ។ 
 
«ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ មិនថាទីក្រុងភ្នំពេញ គ្រប់ទីកន្លែងទាំងអស់បញ្ហាសំរាម មានភាពល្អប្រសើរជាងមុន។ ទីមួយ ប្រជាជនមានការភ្ញាក់រលឹក ដែលគាត់អៀនខ្លួនដែរ ។ កាលពីមុនធុងនៅក្បែរហ្នឹង អត់បើកធុងដាក់ទេ ទៅបោះក្បែធុងជាប់ហ្នឹង។ តែឥឡូវប្រជាពលរដ្ឋយើងចាស់ទុំជាងមុន យល់ដឹងជាងមុន ដែលគាត់ចូលរួមបញ្ហាអនាម័យ »។ នេះជាការបញ្ជាក់របស់ សម្ដេច ហ៊ុន សែន។ 
 


សម្ដេច ហ៊ុន សែន បានបន្តថា អាជ្ញាធរមូលដ្ឋានក៏បានចាត់ទុកបញ្ហាសំរាម ជាការទទួលខុសត្រូវមួយ ក្រៅពីបញ្ហាសន្តិសុខ។ ចំណែកក្រុមហ៊ុន ប្រមូលសំរាម បានរួមចំណែកតាមរយៈការបង្កើនការយកចិត្តទុកដាក់លើការប្រមូលសំរាម ក្នុងពេលចូលឆ្នាំកន្លងទៅនេះ។
 
គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ចូលឆ្នាំខ្មែរ៣ថ្ងៃ បូកនឹងថ្ងៃអាទិត្យ ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តទូទាំងប្រទេសសរុប ៥ ១៧៥ ៧៥៤នាក់ ក្នុងនោះទេសចរអន្តរជាតិ ៣៥ ២៥៩ នាក់។ ចូលឆ្នាំថ្ងៃទីមួយទេសចរចេញដើរកម្សាន្តចំនួន  ៨៦២ ៨៩៧ នាក់, ចូលឆ្នាំថ្ងៃទី២មានទេសចរ ១ ៥៧៩ ២៥១ នាក់ និងចូលឆ្នាំថ្ងៃទី៣មានទេសចរ ២ ១៤៨ ១៧៨ នាក់។ ចំណែកថ្ងៃអាទិត្យបន្ទាប់ពីចូលឆ្នាំ មានទេសចរ ដើរកម្សាន្ត ៥៨៥ ៤២៨ នាក់៕
 
 
 

Tag:
 ThmeyThmey25
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com