ជាតិ
១៤០ឆ្នាំក្រោយមក កំណត់ហេតុរបស់អតីតទេសាភិបាលបារាំង ត្រូវបានបោះពុម្ពជាភាសាខ្មែរ
20, Apr 2022 , 4:41 pm        
រូបភាព
កំណត់ហេតុដ៏កម្រជាភាសាបារាំងរបស់លោក ហ្សង់ មូរ៉ា (Jean Moura) អតីតទេសាភិបាលបារាំងប្រចាំកម្ពុជា ក្រោមចំណងជើងថា «De Phnom-Penh à Pursat en compagnie du Roi de Cambodge et de sa cour» ត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរ ដែលប្រែសម្រួល និងរៀបរៀងដោយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សៀវភៅ «ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ» បានលេចរូបរាងឡើង នារយៈពេល១៤០ឆ្នាំ ក្រោយពេលការចុះផ្សាយច្បាប់ដើមជាភាសាបារាំង លើព្រឹត្តិបត្រចុងបូព៌ា និងបោះពុម្ពដោយគ្រឹះស្ថាន Ernest Leroux ក្រុងប៉ារីស នាឆ្នាំ១៨៨២។



លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទះឃើញអត្ថបទដ៏កម្រនេះ ដោយចៃដន្យ នៅពេលដែលគាត់បានស្រាវជ្រាវចងក្រងឯកសារ ស្តីពីរបាំក្បាច់បុរាណខ្មែរ ជាមួយជាមួយអតីតសិល្បករចាស់ៗ ចាប់ពីឆ្នាំ២០១៩មក។ ដោយមើលឃើញថា កំណត់ហេតុ «De Phnom-Penh à Pursat en compagnie du Roi de Cambodge et de sa cour» របស់លោក ហ្សង់ មូរ៉ា អតីតទេសាភិបាលបារាំងប្រចាំកម្ពុជា (១៨៦៨-១៨៧៩) ផ្តល់ការយល់ដឹងបន្ថែម ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រ នាម៉ឺនមន្ត្រី រហូតដល់ព្រះមហាក្សត្រ នាដើមសតវត្សរ៍ទី១៩ លោកស្រីរដ្ឋមន្ត្រី បានបន្តស្រាវជ្រាវឯកសារបន្ថែម ហើយឈានដល់ការបោះពុម្ពផ្សាយជាភាសាខ្មែរ។

សៀវភៅ «ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ» ត្រូវបានផ្សព្វផ្សាយជាភាសាខ្មែរលើកទី១ ក្រោមការបោះពុម្ពផ្សាយដោយគ្រឹះស្ថានម្លូព្រៃក្នុងឆ្នាំ២០២២នេះ។ ក្នុងអារម្ភកថារបស់ខ្លួន លោកស្រី ភឿង សកុណា បានលើកឡើងពីភាពលំបាកមួយចំនួន ក្នុងការស្រាវជ្រាវ ផ្ទៀងផ្ទាត់ឯកសារបន្ថែម ដើម្បីឲ្យអត្ថបទដែលបកប្រែមានខ្លឹមសារ ឆ្លើយតបជាមួយនឹងអត្ថបទដើមជាភាសាបារាំង។

«ខ្ញុំសង្ឃឹមថា យុវជនជំនាន់ក្រោយ អាចនឹងជួយបំពេញបន្ថែម នូវកង្វះខាតនានានៅថ្ងៃក្រោយ ដើម្បីឲ្យសៀវភៅនេះ អាចមានភាពគ្រប់គ្រាន់ពេញលេញ និងក្លាយទៅជាឯកសារមួយសម្រាប់ការសិក្សាស្រាវជ្រាវរៀនសូត្រ»។ បណ្ឌិតសភាចារ្យ ភឿង សកុណា ដែលជាអ្នកប្រែសម្រួល និងរៀបរៀង បានសរសេរយ៉ាងដូច្នេះ។

លោក ហ្សង់ មូរ៉ា ទេសាភិបាលបារាំងប្រចាំកម្ពុជាពីឆ្នាំ១៨៦៨ ដល់ឆ្នាំ១៨៧៩

លោក ហ្សង់ មូរ៉ា កើតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៨២៧ នៅតំបន់ម័រសាក់ ប្រទេសបារាំង។ ក្នុងឋានៈជានាយទាហានជាន់ខ្ពស់ផ្នែកជើងទឹក លោកបានចូលរួមបេសកកម្មជាច្រើន ក្នុងរដ្ឋការបារាំងនាសម័យអាណានិគម តាមបណ្តាប្រទេសមួយចំនួន ជាពិសេសនៅឥណ្ឌូចិន។

នៅឆ្នាំ១៨៦៨ ព្រះបាទ នរោត្តម បានស្នើទៅរដ្ឋការបារាំង តែងតាំងលោកជាទេសាភិបាលប្រចាំកម្ពុជា ដោយនៅជាប់ផ្ទាល់ក្បែរព្រះអង្គ ខណៈកម្ពុជាមានបំណងចាកចេញពីការគ្រប់គ្រងរបស់សៀម។ លោកបានស្ថិតក្នុងតួនាទី រហូតដល់ឆ្នាំ១៨៧៩ ហើយបានស្រាវជ្រាវ និងកត់ត្រាទិដ្ឋភាពនានា នៃប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់នគរខ្មែរ។

លោក ហ្សង់ មូរ៉ា បានទទួលមរណភាពនៅឆ្នាំ១៨៨៥ ដោយបន្សល់ទុកនូវឯកសារជាច្រើនស្តីពីកម្ពុជា។ ក្រៅពីស្នាដៃ  «ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ» លោកស្រី ភឿង សកុណា ក៏ត្រៀមចេញផ្សាយជាភាសាខ្មែរនូវស្នាដៃមួយទៀត របស់លោក មូរ៉ា គឺ «នគរខ្មែរ» ផងដែរ។

ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ

ក្នុងកំណត់ត្រានេះ លោក ហ្សង់ មូរ៉ា បានរៀបរាប់ពីដំណើររបស់ខ្លួន អមក្បួនព្រះរាជដំណើររបស់ព្រះមហាក្សត្រ នរោត្តម ពីភ្នំពេញ ឆ្ពោះទៅពោធិ៍សាត់ដើម្បីបរបាញ់ ប្រពាតព្រៃ។ ក្បួនដំណើរពីភ្នំពេញ មានដំរី សេះ រទេះគោ រទេះក្របី ជាយានទៅតាមឋានៈតួនាទីរៀងៗខ្លួន។ គ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ ចង្រ្កាន ចានឆ្នាំង ក៏ត្រូវបានដឹកទៅជាមួយគ្នាផងដែរ។

ក្បួនព្រះរាជដំណើរ ដែលនាំមុខដោយក្រុមភ្លេងម៉ានិល។ បើតាមការស្រាវជ្រាវបន្ថែមរបស់ លោកស្រី សកុណា ភ្លេងម៉ានិល បានក្លាយជាភ្លេងសំណព្វព្រះទ័យរបស់ព្រះបាទ នរោត្តម ក្រោយព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ទៅកាន់ហ្វីលីពីន ហើយលោក មូរ៉ា ក៏បានអមព្រះរាជដំណើរនាពេលនោះផងដែរ។

ជាជនជាតិអឺរ៉ុបតែម្នាក់គត់ ដែលស្ថិតនៅព្រះរាជដំណើរ លោក មូរ៉ា ជិះដំរីមួយក្បាល ដោយមានចុងភៅ និងអ្នកបកប្រែភាសាផ្ទាល់ខ្លួន ជិះដំរីម្នាក់មួយទៅតាមផងដែរ។ អតីតទេសាភិបាលបារាំងរូបនេះ បានកត់ត្រានូវរាល់ទិដ្ឋភាពដែលលោកបានប្រទះនៅតាមផ្លូវ ជាពិសេសនៅពេលឈប់សម្រាក និងបញ្ហាពេលធ្វើដំណើរ ដូចជាករណីសេះ គោ ក្របី របួស រទេះ និងសម្ភារផ្សេងៗបាក់បែកជាដើម។

ទោះចេញក្រោយព្រះរាជាមួយថ្ងៃ ប៉ុន្តែក្រុមលោក មូរ៉ា បានទៅទាន់ព្រះអង្គនៅពាក់កណ្តាលផ្លូវទៅឧត្តុង្គ។ ក្នុងកំណត់ហេតុនេះ លោក មូរ៉ា បានបង្ហាញពលរដ្ឋខ្មែរនាពេលនោះ មានការជឿជាក់លើជនជាតិអឺរ៉ុបខ្លាំងណាស់ ជាពិសេសវិជ្ជាពេទ្យ រហូតដល់លោក ត្រូវបានស្នើឲ្យពិនិត្យព្យាបាលព្រះមហេសីមួយព្រះអង្គ ដែលមានអាការមិនស្រួលនៅតាមផ្លូវធ្វើដំណើរ។

ឆ្លងកាត់ភ្នំប្រសិទ្ធិ៍ លោក មូរ៉ា ក៏បានស្តាប់រឿងទាក់ទងនឹងទីតាំងនេះផងដែរ ដែលនិទានដោយមន្ត្រីធំមួយរូបក្នុងវាំង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកបានជួបស្ត្រីវិកលចរិតមួយរូប នៅពេលសម្រាកនៅក្រុងឧត្តុង្គ ដែលជាទីតាំងព្រះវររាជមាតា ព្រះរាជា នរោត្តម បន្តគង់ស្នាក់នៅ។ ក្រោយសាកសួរមន្ត្រី ទើបលោកដឹងថា ស្ត្រីដ៏កម្សត់នោះ គឺម្ចាស់ក្សត្រីអង្គម៉ី អតីតព្រះមហាក្សត្រីគ្រប់គ្រងនគរខ្មែរ។

នាពេលសម្រាក លោក មូរ៉ា ក៏បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយព្រះរាជាផងដែរ ដោយព្រះអង្គបានសាកសួរលោក ពីដំណឹងនៅស្រុកបារាំង ក្រោយឃើញលោកយកទស្សនាវដ្តីមួយមកអាន។

ក្បួនដំណើរបានបន្តទៅដល់ខេត្តកំពង់ឆ្នាំង ហើយបន្តឆ្លងកាត់ភូមិបរិបូណ៍ ភូមិត្នោតជុំ។ ឈានដល់ថ្ងៃទី៧ បន្ទាប់ពីចេញពីភ្នំពេញ ក្បួនធ្វើដំណើរជិតជួរភ្នំក្រវាញ ហើយដល់ម៉ោង១០យប់ ក្បួនបានទៅដល់ទីប្រជុំជនធំ នៃខេត្តពោធិ៍សាត់។

ពេលស្នាក់នៅពោធិ៍សាត់ លោក មូរ៉ា ក៏បានចូលរួមក្នុងពិធីបរបាញ់សត្វ និងប្រពាតព្រៃ ជាមួយព្រះរាជាផងដែរ។ ក្រៅពីទស្សនាទិដ្ឋភាពផ្សេងៗនៅក្នុងខេត្ត លោកបានចូលរួមទស្សនាការសម្តែងល្ខោន របស់ក្រុមរបាំរាជទ្រព្យរឿង «វរវង្ស និងសូរវង្ស» ហើយថែមទាំងលើកយករឿងនិទាននេះ មកសង្ខេបក្នុងកំណត់ហេតុរបស់ខ្លួន។

លោក មូរ៉ា បានទស្សនាជួរភ្នំក្រវាញដ៏វែងអន្លាយ នៃខេត្តពោធិ៍សាត់ និងមើលឃើញពីការរស់នៅរបស់ក្រុមកុលសម្ព័ន្ធជនជាតិព័រ រួមទាំងទម្លាប់យកឃ្មុំតាមវិធីបែបប្រពៃណីរបស់ពួកគេ។ លើសពីនេះទៀត លោក មូរ៉ា បានទស្សនាការសម្តែងក្រុមរបាំពួកអណ្ណាម ក្រោមការឧបត្ថម្ភទាំងស្រុង នៃព្រះបាទនរោត្តម។

ដោយសារតែការងារមមាញឹក លោក មូរ៉ា បានសម្រេចវិលត្រឡប់មកភ្នំពេញវិញ មុនក្បួនដង្ហែព្រះរាជា។ តាមពិតទៅលោកចង់ធ្វើដំណើរទៅស្រុកកំពង់ឆ្នាំង ដើម្បីបន្តជិះកប៉ាល់ដើរដោយចំហាយទឹក ប៉ុន្តែស្ថានភាពដំរី មិនអាចឲ្យលោកសម្រេចបំណងបានឡើយ។

ក្រោយសម្រាកក្នុងភូមិនេសាទ ដែលស្ថិតនៅមិនឆ្ងាយពីបឹងទន្លេសាប លោក មូរ៉ា បានសម្រេចស្នើមន្ត្រីមួយរូប ផ្តល់ទូកលឿនរហ័សមួយ សម្រាប់ដំណើរមកភ្នំពេញ។ វាជារសជាតិថ្មីមួយទៀត ក្នុងដំណើរការធ្វើដំណើររបស់លោក។ ក្រោយពីជួបឧបសគ្គរលកធំៗ លោក មូរ៉ា ក៏បានមើលឃើញជីវភាពរស់នៅច្រឡូកចូលគ្នា គ្រប់ជាតិសាសន៍មាន ខ្មែរ អណ្ណាម ចិន ចាម ជ្វា ផងដែរ។

នៅតាមផ្ទៃទន្លេ លោក មូរ៉ា បានយល់កាន់តែច្បាស់ ពីការរស់នៅរបស់អ្នកខេត្តកំពង់ឆ្នាំង ទីប្រជុំជនកំពង់ត្រឡាច ក៏ដូចជារាជធានីបុរាណខ្មែរ គឺលង្វែក ដែលមានជនជាតិម៉ាឡេ ចាម រស់នៅ។ នៅកំពង់ហ្លួងឯណោះវិញ លោកបានកត់សម្គាល់ជាពិសេស អំពីឥទ្ធិពលរបស់សមាគមចិន ដែលត្រូវបានចាត់ទុកថាជាបណ្តាញរបស់បក្សមេឃដី ឬបក្សត្រកូល ហ៊ុង ប៉ុន្តែក្រុមនេះ មិនមានក្នុងកំណត់ត្រាក្នុងប្រវត្តិសាស្ត្រចិនឡើយ។

បន្ទាប់ពីសម្រាកមួយថ្ងៃកន្លះនៅកំពង់ហ្លួង លោក មូរ៉ា បានបន្តទៅដល់ភូមិពញាឮ ដែលជាមូលដ្ឋាននៃអ្នកផ្សាយគ្រិស្តសាសនានៅកម្ពុជា។ កំពង់ហ្លួង និងពញាឮ សុទ្ធតែជាទីតាំងដែលជនជាតិអឺរ៉ុប បានមកតាំងរស់នៅក្នុងនគរខ្មែរជាលើកដំបូង ដែលផ្តើមដោយជនជាតិអេស្ប៉ាញ និងព័រទុយហ្គាល់។

លោក មូរ៉ា បានរំលឹកពីជនជាតិព័រទុយហ្គាល់ឈ្មោះ ហ្គ្រាសប៉ាដាគ្រួស ដែលបានមកជាន់នគរខ្មែរដំបូង នៅឆ្នាំ១៥៦០។ ជាមួយគ្នានេះ ជនជាតិព័រទុយហ្គាល់១រូប និងអេស្ប៉ាញ១រូប ត្រូវបានព្រះរាជាឲ្យរៀបការជាមួយក្សត្រីខ្មែរ ហើយថែមទាំងមានជនជាតិព័រទុយហ្គាល់ ធ្លាប់ធ្វើជាចៅហ្វាយស្រុកបាភ្នំ និងជនជាតិអេស្ប៉ាញ ជាចៅហ្វាយស្រុកទ្រាំង ថែមទៀតផង។

ចេញពីពញាឮ ចូលដល់ភូមិសាស្ត្រភ្នំពេញ លោក មូរ៉ា បានឆ្លងកាត់ភូមិពួកម៉ាឡេ ដែលប្រកបរបរនេសាទ ធ្វើទូក និងជាងកំបោរជាដើម។ លោកបានកត់សម្គាល់ពីសំណង់ព្រះវិហារអ៊ីស្លាមមួយចំនួនក្នុងសហគមន៍ ហើយបន្តទៅដល់តំបន់អ្នកកាន់សាសនាគ្រិស្ត ដែលសម្បូរទៅដោយពួកអណ្ណាម រួមទាំងខ្មែរ ដែលទទួលឥទ្ធិពលពីព័រទុយហ្គាល់ និងបារាំង។

នៅភ្នំពេញនាសម័យកាលនោះ លោក មូរ៉ា កត់សម្គាល់ថា ពលរដ្ឋមមាញឹកក្នុងមុខជំនួញនេសាទ និងបេះកប្បាស ប៉ុន្តែក៏មានអ្នកខ្លះយកពេលទំនេរ នាំគ្នាលេងល្បែងស៊ីសង បៀប៉ោ និងជក់អាភៀន ដោយអ្នកភ្នំពេញក្នុងពេលនោះ មានប្រហែល ៣៥ ០០០នាក់។

ក្នុងកំណត់ហេតុ លោក មូរ៉ា បានបញ្ជាក់ថា ព្រះបាទនរោត្តម និងរាជបរិពារ បានត្រឡប់មកដល់ភ្នំពេញវិញ នារយៈពេល២០ថ្ងៃក្រោយ បន្ទាប់ពីលោក។

«កំណត់ត្រានានារបស់លោក ហ្សង់ មូរ៉ា អតីតទេសាភិបាលបារាំងប្រចាំកម្ពុជា បានក្លាយជាបង្អួចតូចមួយដែលបើកចំហឡើង អនុញ្ញាតឲ្យប្រជាជនកម្ពុជា នាដើមសតវត្សរ៍ទី២១យើងនេះ បានវិលត្រឡប់ពេលវេលាក្រោយមួយខណៈ ដើម្បីយល់បន្ថែមទៀតពីជីវិតរស់នៅ ប្រពៃណីរបស់ជនជាតិខ្មែរ»។ នេះជាការកត់សម្គាល់របស់អ្នកប្រែសម្រួល និងរៀបរៀង នៅក្របខាងក្រោយ នៃសៀវភៅកម្រាស់១២០ទំព័រ៕

 


© រក្សាសិទ្ធិដោយ thmeythmey.com