អន្តរជាតិ
ប្រេសិតចិនប្រចាំUN៖ ការបញ្ជូនអាវុធកាន់តែច្រើនទៅអ៊ុយក្រែន នឹងមិនអាចនាំសន្តិភាពបានឡើយ
20, Apr 2022 , 8:29 pm        
រូបភាព
លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
តំណាងចិនប្រចាំអង្គការសហប្រជាជាតិ (UN) លោក Zhang Jun នៅថ្ងៃទី១៩ ខែមេសា រិះគន់ការបន្តផ្តល់អាវុធវាយប្រហារកាន់តែច្រើនឱ្យអ៊ុយក្រែន នឹងមិនអាចនាំសន្តិភាពបានឡើយ។ បើតាមលោក Zhang ការបញ្ជូនអាវុធឱ្យអ៊ុយក្រែន មានតែបន្តជម្លោះ និងបង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែធំឡើង។

 
បន្ទាប់ពីរុស្ស៊ីបញ្ជូនទ័ពទៅអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិច បានបញ្ជូនអាវុធ និងសម្ភារយោធាជាច្រើនឱ្យក្រុងកៀវការពារខ្លួន។ ខណៈជំនួយទាំងនោះអាចជួយអ៊ុយក្រែន ក្នុងការទប់កម្លាំងទ័ពរុស្ស៊ីក៏ដោយ តំណាងចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានយល់ថា វាមិនអាចជួយក្រុងកៀវឱ្យមានសន្តិភាពឡើយ លុះត្រាតែភាគីក្រុងកៀវ និងក្រុងមូស្គូ ចូលតុចរចា។ 
 
«ការបន្តផ្តល់អាវុធវាយប្រហារបន្ថែម នឹងមិនអាចនាំសន្តិភាពបានឡើយ»។ អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានយល់ឃើញបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលើបញ្ហាមនុស្សធម៌ នៅថ្ងៃទី១៩ ខែមេសា ដោយបន្តរិះគន់ការផ្តល់អាវុធនេះថា មានតែធ្វើឱ្យជម្លោះកាន់តែវែងឆ្ងាយ និងរីកធំឡើង ហើយថែមធ្វើឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ 
 
ក្នុងន័យនេះ លោក Zhang បានជំរុញភាគីពាក់ព័ន្ធបញ្ចប់ជម្លោះឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ រួមទាំងចូលតុចរចា។ មិនតែប៉ុណ្ណោះ ប្រេសិតចិនរូបនេះ បានអំពាវនាវកុំឱ្យវាយប្រហារលើប្រជាជនស៊ីវិល ក្នុងសង្រ្គាមនៅអ៊ុយក្រែន។
 
ក្រៅពីបញ្ហាខាងលើ ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានយល់ឃើញពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិចលើរុស្ស៊ី ប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍដែរ។ លោក Zhang បានកត់សម្គាល់ថា ប្រទេសកំពុងអភិវឌ្ឍជាច្រើន ដែលមិនមែនជាភាគីនៃជម្លោះ កំពុងរងគ្រោះយ៉ាងខ្លាំង ហើយនេះមិនមែនជារឿងត្រឹមត្រូវឡើយ។  
 
អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិសហការគ្នា ក្នុងគោលបំណងរក្សាការផ្គត់ផ្គង់ និងតម្លៃប្រភពថាមពល និងអាហារ ឱ្យមានស្ថិរភាព រួមទាំងចៀសវាងចំណាត់ការរឹតត្បិតការនាំចេញ។ 
 
តាមរបាយការណ៍ស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ មកទល់ពេលនេះ ប្រជាជនអ៊ុយក្រែនជិត ៥លាននាក់ បានភៀសខ្លួនចេញពីប្រទេស ខណៈប្រជាជនច្រើនជាង ១០លាននាក់ បានចាកចេញពីផ្ទះសម្បែង។ មិនតែប៉ុណ្ណោះ ប្រជាជនស៊ីវិលប្រមាណ ២០៧២នាក់ បានទទួលមរណភាព ខណៈប្រជាជនចំនួន ២៨១៨នាក់រងរបួស៕ 
 

Tag:
 ចិន
  រុស្ស៊ី
  អ៊ុយក្រែន
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com