ជាតិ
សិល្បះ
ផលិតករ ហ៊ុយ យ៉ាឡេង សុំជំនួយពីក្រសួងពាក់ព័ន្ធ ក្រោយឃើញថាវិស័យភាពយន្តជាប់គាំងព្រោះកូ​វីដ-១៩
21, Apr 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ លោក ហ៊ុយ យ៉ាឡេង ចាហ្វាងផលិតកម្ម កថាជ័យភាពយន្ត  ដែលមានស្នាដៃភាពយន្តល្បីៗដូចជារឿងដើម្បីកូន, វិកលចរិត និងធ្នប់ជាដើម បានមើលឃើញថា វិស័យភាពយន្តនៅកម្ពុជា បានដើរថយក្រោយ បន្ទាប់ពីជួបវិបត្តិកូវីដ-១៩។ យ៉ាងណាក៏ដោយ ផលិតករភាពយន្តរូបនេះ ស្នើដល់ក្រសួង៤ មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ជួយវិស័យភាពយន្តនៅកម្ពុជា ពិសេសជួយដល់ផលិតករ ដើម្បីជំរុញភាពយន្តកម្ពុជា ទៅឆាកអន្តរជាតិ។

 


ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ លោក ហ៊ុយ យ៉ាឡេង បានលើកឡើងខ្លីអំពីវិស័យសិល្បៈ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកថា រដ្ឋាភិបាលនៃប្រទេសនោះ បានជួយជ្រោមជ្រែងវិស័យសិល្បៈ ទាំងផ្នែកចម្រៀង និងភាពយន្ត ដើម្បីផ្សាយទៅកាន់ពិភពលោក។ សម្រាប់លោក យ៉ាឡេង បើវិស័យភាពយន្តដើរកាន់តែលឿន សេដ្ឋកិច្ចជាតិ ក៏កាន់តែរីកចម្រើនដែរ។
 

រូប​ផ្ដល់ឱ្យ

លោក ហ៊ុយ យ៉ាងឡេង ទទូចដូច្នេះ៖«វិស័យភាពយន្តនៅកម្ពុជាដើរទៅបាន អាស្រ័យការរួមគ្នាពីស្ថាប័នរដ្ឋ និងប្រជាជន។ សូមឱ្យរដ្ឋជួយភាពយន្តខ្មែរ មិនមែនទុកឱ្យតែក្រសួងវប្បធម៌មួយ ជួយភាពយន្តខ្មែរទេ តែក្រសួងពាណិជ្ជកម្មក៏ត្រូវជួយដែរ គាត់អាចកៀងគរខាងពាណិជ្ជ ខាងក្រសួងព័ត៌មាន ជួយផ្សព្វផ្សាយទៅពិភពលោក។ រឿងណាអាចដាក់ក្នុងទូរទស្សន៍បាន គាត់ជួយផ្សព្វផ្សាយទៅទូរទស្សន៍នៅក្រៅប្រទេស។ ក្រសួងអប់រំ ជួយផ្សព្វផ្សាយទៅសិស្សជាដើម»។
 
សូម​អញ្ជើញ​អស់​លោក​ លោក​ស្រី អ្នក​នាង​កញ្ញា ទស្សនាវីដេអូ បទ​សម្ភាស​រវាង​កញ្ញា ប៉ូ សាគុន​ ជា​មួយ​លោក ហ៊ុយ យ៉ាឡេង​ ចាងហ្វាង​ផលិត​កម្ម​ កថាជ័យ​ភាពយន្ត ដោយក្ដី​រីករាយ៖
 
ចាហ្វាងផលិតកម្ម កថាជ័យភាពយន្ត លោក យ៉ាឡេង បន្ថែមថាលោកធ្លាប់បាននិយាយជាមួយផលិតករផ្សេងៗទៀត ថានៅឆ្នាំ២០២៥ វិស័យភាពយន្តកម្ពុជានឹងអាចដើរដល់ពិភពលោក។ តែបើមិនបានដល់នោះទេ ក៏អាចស្មើមុខមាត់នៅក្នុងតំបន់អាស៊ីដែរ។ ប៉ុន្តែជារឿងនឹកស្មានមិនដល់ ជំងឺកូវីដ-១៩ បានមកដល់ ហើយចេះតែធ្ងន់ធ្ងរជាបន្តបន្ទាប់ ធ្វើឱ្យវិស័យភាពយន្តកម្ពុជា បានដើរថយក្រោយ។ 
 
«ផលិតកម្ម២ទៅ៣ធំៗ ចាយលុយច្រើន ផលិតរឿងស្ដង់ដារចាក់នៅក្រៅប្រទេសបាន ដូចជានៅថៃ និងនៅកូរ៉េជាដើម។ បើកុំមានកូវីដ-១៩ កុនទាំងនោះនៅកំពុងតែចរាចរ។ មានផលិតករខ្លះ ខំហៅតួសម្ដែងបរទេសមកសម្ដែង។ អ្នកខ្លះហ៊ានចាយទុនអស់៥០ម៉ឺនដុល្លារ ប៉ុន្តែពេលកូវីដមកដល់ភាពយន្តគាត់គាំង»។ នេះជាការអះអាងរបស់លោក ហ៊ុយ យ៉ាឡេង។

រូប​ផ្ដល់ឱ្យ

ផលិតកររឿងរូបនេះថា ព្រោះតែផលិតករភាពយន្តភាពច្រើន ពុំមានមុខរបរអ្វីផ្សេង ក្រៅពីភាពយន្ត ដូច្នោះហើយទើបបានជាលោកស្នើដល់រដ្ឋាភិបាល ជួយដល់ផលិតករ ដើម្បីឱ្យពួកគេអាចមានលទ្ធភាព ផលិតភាពយន្តបានបន្តទៀត។ លោក យ៉ាឡេង ត្អូញត្អែរ ទាំងមុខស្រពោន៖«ផលិតករភាពយន្តភាគច្រើន មិនមានមុខរបរផ្សេងទេ គាត់ចេះតែភាពយន្ត។ ខ្ញុំសាកហើយ ខ្ញុំចេះតែកុន ពេលទៅធ្វើមុខរបរផ្សេង២ ទៅ៣តែដួល។ រដ្ឋកូរ៉េ ជួយផលិតករណាដែលខ្លាំង គេឱ្យកម្ចីដោយគ្មានការប្រាក់។ រឿងណាល្អ ចម្រៀងណាល្អ គេជំរុញឱ្យល្បីលើពិភពលោក។ កាលណាប្រទេសគេល្បី អ្នកទេសចរនិងអ្នកជំនួញ នឹងចូលទៅប្រទេសគេ»។ 
 
យ៉ាងណាក៏ដោយលោក ហ៊ុ យ៉ាឡេង នៅតែមានក្ដីសង្ឃឹមក្នុងការជំរុញភាពយន្តខ្មែរ ទៅកាន់អន្តរជាតិខណៈភាពយន្តចំណងជើងថា “គ្រោះជីវិតកូវីដ-១៩” របស់ខ្លួនត្រៀមខ្លនបង្ហាញនៅផ្ទាំងក្រណាត់សតាមបណ្តារោងភាពយន្តក្នុងពេលឆាប់ៗនេះ។ ជាមួគ្នានេះ ចាងហ្វាងផលិតកម្ម កថាជ័យភាពយន្ត រូបនេះបានបង្ហើបគម្រោងផលិតរឿង “ព្រះបាទជយវរ្ម័នទី៧”មួយទៀត ក្នុងឆ្នាំ២០២៣ និង២០២៤ខាងមុខ។ ផលិតករ និងជាតួសម្ដែងដែលហ៊ានទទួលទានសាច់ឆៅ ដើម្បីឱ្យរឿងរបស់ខ្លួនល្អឥខ្ចោះរូបនេះ អះអាងថា រឿង “ព្រះបាទជយវរ្ម័នទី៧” នឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់។ 
លោក ហ៊ុយ យ៉ាឡេង រំពឹងដូច្នេះ ៖«ខ្ញុំគិតថា ឆ្នាំ២០២៥ ភាពយន្តខ្មែរ និងត្រចះត្រចង់ ប៉ុន្តែវាមិនដូចការគិតទេ។ ទៅមុខអាចនឹងមានរឿងអ្វីទៀត ក៏យើងមិនដឹង ប៉ុន្តែយើងមិនអាចស្លាប់ទេ ខ្ញុំនៅតែមានឆន្ទៈ ឱ្យភាពយន្តយើងទៅកាន់ពិភពលោក។ បើមិនមានអ្វីរាំងស្ទះទេ ភាពយន្តរឿង “ព្រះបាទជយវរ្ម័នទី៧” របស់ខ្ញុំ និងធ្វើឱ្យពិភពលោក កាន់តែស្គាល់កម្ពុជាច្បាស់»។  


រូប​ផ្ដល់ឱ្យ

ជុំវិញភាពយន្តថ្មី “គ្រោះជីវីតកូវីដ-១៩” របស់ខ្លួន ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ លោក ហ៊ុយ យ៉ាឡេង ក៏បានស្នើដល់ទស្សនិកជនជួយគាំទ្រដែរ ដើម្បីលើកទឹកចិត្តផលិតករ ឱ្យផលិតភាពន្តបន្តទៀត។ «សូមឱ្យអ្នកទស្សនា ជួយទាញគ្នាមកមើលរឿងសង្គម ព្រោះនោះគឺជារឿងដែលស្រង់ចេញពីបទពិសោធន៍ពិត ហើយវាអាចជួយដោះស្រាយវិបត្តិក្នុងជីវភាពពិតបាន។ ភាពយន្តតែងតែមានចំណុចខ្វះខាត ភាពយន្តប្រទេសផ្សេង ក៏មានកន្លែងមិនល្អដែរ ប៉ុន្តែបើរឿងនោះល្អបាន៧០ភាគរយ មានន័យថារឿងនោះល្អហើយ។ ខ្ញុំសុំឱ្យគាំទ្រផលិតករដែលខ្លាំង ដើម្បីឱ្យគាត់ជំរុញភាពយន្តយើង ទៅពិភពលោក ហើយជួយរិះគន់ស្ថាបនាផលិតករថ្មីៗ ដើម្បីឱ្យគាត់មានកម្លាំង ធ្វើរឿងតទៅមុខទៀត»៕
 
 
 

Tag:
 ភាពយន្ត
  សិល្បៈ
  វិស័យភាពយន្ត
  ហ៊ុយ យ៉ាឡេង
© រក្សាសិទ្ធិដោយ thmeythmey.com