អន្តរជាតិ
កោះសូឡូម៉ុន ចេញការពារការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន
20, Apr 2022 , 9:29 pm        
រូបភាព
លោក Manasseh Sogavare នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន។ រូបភាព៖ Solomon Times
លោក Manasseh Sogavare នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន។ រូបភាព៖ Solomon Times
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare នៅថ្ងៃទី២០ ខែមេសា បានលើកឡើងថា រដ្ឋាភិបាលកោះសូឡូម៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន បើទោះអូស្រ្តាលី​​ និងអាម៉េរិកបង្ហាញក្តីព្រួយបារម្ភក៏ដោយ។ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ លោក Sogavare បានអះអាងថាលោកបានចុះហត្ថលេខា ដោយមានការយល់ច្បាស់ពីបញ្ហា និងផលប្រយោជន៍នៃកិច្ចព្រមព្រៀងនោះ។




 
កិច្ចព្រមព្រៀងសន្តិសុខ ​ដែលត្រូវបានប្រកាសដោយទីក្រុងប៉េកាំងនៅថ្ងៃទី១៩ ខែមេសា បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីអាម៉េរិក និងអូស្ត្រាលី ដោយប្រទេសទាំងពីរបារម្ភថា កិច្ចព្រមព្រៀងនេះ អាចធ្វើឱ្យចិនមានមូលដ្ឋានយោធានៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
 
ទាក់ទិននឹងបញ្ហាខាងលើ នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare បាននិយាយការពារថា លោកបានយល់ច្បាស់ពីកិច្ចព្រមព្រៀងនេះ មុននឹងចុះហត្ថលេខា។ លើសពីនេះ លោក Sogavare បានប្រាប់សភាសូឡូម៉ុន​ថា វាគឺជាកិត្តិយសក្នុងការប្រកាសថា កិច្ចព្រមព្រៀងសន្តិសុខ ត្រូវបានចុះហត្ថលេខាដោយមន្ត្រីនៅទីក្រុង Honiara និងប៉េកាំង នៅប៉ុន្មានថ្ងៃមុន។
 
«ខ្ញុំធានាដល់ប្រជាជនកោះសូឡូម៉ុនថា យើងបានចុះកិច្ចព្រមព្រៀងជាមួយចិន ដោយយល់ច្បាស់ពីលទ្ធផល និងស្របតាមផលប្រយោជន៍ជាតិ»។ លោក Sogavare បានប្រាប់សភាបែបនេះ នៅថ្ងែទី ២០​ ខែមេសា។ មេដឹកនាំកោះសូឡូម៉ុន ក៏បានស្នើឱ្យប្រទេសអ្នកជិតខាង និងដៃគូទាំងអស់គោរពផលប្រយោជន៍ រួមទាំងអធិបតេយ្យភាពរបស់កោះសូឡូម៉ុនផង។
 
លោក Sogavare បាន​បដិសេធ​មិន​ប្រាប់​មេ​បក្ស​ប្រឆាំងក្នុងប្រទេសពីខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀង និងពេលវេលាជាក់លាក់ដែលកិច្ចព្រមព្រៀង នឹងត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈឡើយ។ កន្លងមកសូឡូម៉ុន ធ្លាប់បានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីមួយជាមួយអូស្ត្រាលីក្នុងឆ្នាំ ២០១៧ ហើយចូលជាធរមាននៅឆ្នាំបន្ទាប់។
 
កន្លងមក សេចក្តីព្រាងនៃកិច្ចព្រមព្រៀងចិន កោះសូឡូម៉ូន បានធ្វើឱ្យមានការភ្ញាក់ផ្អើលពាសពេញតំបន់ នៅពេលដែលវាត្រូវបានលេចធ្លាយកាលពីខែមុន ជាពិសេសវិធានការដែលអនុញ្ញាតឱ្យចិនដាក់ពង្រាយកងទ័ពជើងទឹកចិននៅប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកនេះ ដែលមានចម្ងាយតិចជាង ២ ពាន់ គីឡូម៉ែត្រពីអូស្ត្រាលី។
 
ក្រោយការលេចធ្លាយនៃសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ អាម៉េរិក និងអូស្រ្តាលី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង រួមទាំងបានបញ្ជូនមន្ត្រីទៅធ្វើទស្សនកិច្ច ដើម្បីព្យាយាមរារាំងកិច្ចព្រមព្រៀងនេះមិនឱ្យកើតឡើង តែបានទទួលបរាជ័យ។ កន្លងមក អាម៉េរិកធ្លាប់បានសន្យាថានឹងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅកោះ សាឡូម៉ូន ដែលត្រូវបានបិទតាំងពីឆ្នាំ ១៩៩៣​ មក៕
 

Tag:
 សូឡូម៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com