អន្តរជាតិ
លោកពូទីន៖ មីស៊ីល Sarmat នឹងធ្វើឱ្យសត្រូវគិត២ដង មុនធ្វើអ្វីដាក់រុស្ស៊ី
21, Apr 2022 , 11:55 am        
រូបភាព
មីស៊ីលអន្តរទ្វីប Samart ត្រូវបានបាញ់ចេញពីមូលដ្ឋាន សំដៅគោលដៅនៅឧបទ្វីប Kamchatka ។
មីស៊ីលអន្តរទ្វីប Samart ត្រូវបានបាញ់ចេញពីមូលដ្ឋាន សំដៅគោលដៅនៅឧបទ្វីប Kamchatka ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២០ ខែមេសា បានអះអាងថា រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ប្រភេទ Samart ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដោយជោគជ័យ។ បើតាមលោក ពូទីន មីស៊ីល Sarmat នេះ នឹងធ្វើឱ្យសត្រូវពិចារណាកាន់តែប្រុងប្រយ័ត្នមកលើរុស្ស៊ី។

 
រុស្ស៊ីបានបាញ់សាកល្បងមីស៊ីល Sarmat ដែលត្រូវបានអ្នកជំនាញលោកខាងលិចដាក់ឈ្មោះថា  Satan 2 នៅថ្ងៃទី២០ ខែមេសា។ មីស៊ីលប្រភេទនេះ អាចបំពាក់ក្បាលគ្រាប់បានច្រើនជាង ១០។ មីស៊ីលនេះ ត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌល Plesetsk ដែលស្ថិតនៅតំបន់ Arkhangelsk ភាគខាងជើងប្រទេស និងបានវាយប្រហារគោលដៅនៅឧបទ្វីប Kamchatka នៃតំបន់ចុងបូព៌ាដោយមានចម្ងាយប្រមាណ៦០០០គីឡូម៉ែត្រពីគ្នា។ 
 
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសាទរចំពោះការសាកល្បងដោយជោគជ័យ និងចាត់ទុកជាមីស៊ីលដ៏មានឥទ្ធិពល។ 
 
«អាវុធល្អឯកមួយនេះ នឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធសម្រាប់កម្លាំងប្រដាប់អាវុធរុស្ស៊ី...និងធ្វើឱ្យប្រទេស ដែលព្យាយាមគំរាមរុស្ស៊ី ពិចារណាពីរដងសិន»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ ទៅកាន់កងកម្លាំងរុស្ស៊ី ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ ដោយបន្ថែមថា អាវុធយុទ្ធសាស្រ្តដែលបំពាក់បច្ចេកវិទ្យាទំនើបមួយនេះ នឹងអាចទម្លុះប្រព័ន្ធការពារអាកាសក្នុងសម័យទំនើបបានយ៉ាងប្រសើរ។ លោក ពូទីន បានបញ្ជាក់ថា អាវុធប្រភេទនេះ អាចវាយប្រហារបានគ្រប់គោលដៅទាំងអស់នៅលើពិភពលោក។ 
 
ក្នុងថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា មីស៊ីល Sarmat ជាមីស៊ីលក៏មានឥទ្ធិពលបំផុត ដែលអាចហោះបានចម្ងាយដល់ទៅ១៨០០០គីឡូម៉ែត្រ ទម្ងន់២០០តោន និងជួយបង្កើនកម្លាំងប្រយុទ្ធនៃកម្លាំងទ័ពនុយក្លេអ៊ែរ។ 
 
សូមបញ្ជាក់ថា ការសាកល្បងមីស៊ីលអន្តរទ្វីបនេះ ធ្វើឡើងស្របពេលរុស្ស៊ី កំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន និងកំពុងមានភាពតានតឹងជាមួយប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងទៀត៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com