ជាតិ
សុខភាព
រដ្ឋមន្ត្រីក្រើនរំលឹកឲ្យពង្រឹងសេវាសុខាភិបាល ២៤ម៉ោងលើ២៤ម៉ោងជូនប្រជាពលរដ្ឋ
21, Apr 2022 , 3:02 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ: រួបរួម
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែមេសា បានធ្វើលិខិតទៅបណ្តាអភិបាលរាជធានី-ខេត្ត ឲ្យណែនាំក្រើនរំលឹកដល់មន្ទីរសុខាភិបាល លើការរៀបចំបែងចែកការងារផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង។

 
ក្នុងលិខិតរបស់ខ្លួន លោក ម៉ម ប៊ុនហេង តម្រូវឲ្យមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ មានបញ្ជីឈ្មោះ និងលេខទូរសព្ទអ្នកផ្តល់សេវា និងបិទផ្សាយនៅកន្លែងផ្តល់សេវារបស់ខ្លួន សម្រាប់សេវា២៤ម៉ោងលើ២៤ម៉ោង។
 
លោករដ្ឋមន្ត្រី កត់សម្គាត់ថា មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនធំ បានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនពលរដ្ឋបានល្អប្រសើរហើយ ដោយនៅមានតែចំនួនតូចប៉ុណ្ណោះ ដែលខ្វះខាតក្នុងការផ្តល់សេវា។
 
«សូមឯកឧត្តម លោកជំទាវ ធ្វើការណែនាំក្រើនរំលឹកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តឲ្យចាត់វិធានការដល់ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ត្រូវធានាការផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោងជូនប្រជាពលរដ្ឋ»។ នេះជាបទបញ្ជារបស់លោក ម៉ម ប៊ុនហេង។
 
លោកបានតម្រូវឲ្យការិយាល័យប្រតិបត្តិស្រុក និងមូលដ្ឋានសុខាភិបាល ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងលេខទូរសព្ទ អ្នកប្រចាំការជាទៀងទាត់ ដោយបិទផ្សាយនៅកន្លែងផ្តល់សេវារបស់ខ្លួន និងផ្ញើទៅមន្ទីរសុខាភិបាល ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តជាប្រចាំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com