កីឡាជាតិ
ជាតិ
ប៊ូល ប៉េតង់ តៃក្វាន់ដូ ប្រដាល់ និងវ៉ូវីណាម …ជាកីឡាដែលកម្ពុជា រំពឹងបានមេដាយខ្ពស់ នៅស៊ីហ្គេមវៀតណាម
21, Apr 2022 , 6:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc រូបពី Camsoc
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc រូបពី Camsoc
កីឡាមួយចំនួន ដែលមានសក្ដានុពលក្នុងប្រទេសកម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាមដែរ។ កម្ពុជា សង្ឃឹមថា នឹងអាចឈ្នះមេដាយមាសស៊ីហ្គេមលើកនេះ ច្រើនជាងឆ្នាំ២០១៩កន្លងមក។


តាមរយៈគេហទំព័រស៊ីហ្គេម២០២១ (Sea Games 2021) លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានបញ្ជាក់ថា៖«កម្ពុជា អាចឈ្នះមេដាយមាស លើប្រភេទកីឡាមួយចំនួន ដូចជា ប៊ូល, ប៉េតុង, តៃក្វាន់ដូ, ប្រដាល់ និង វ៉ូវីណាម»។ 
 
លោក វ៉ាត់ ចំរើន ជឿជាក់ថា កម្ពុជា នឹងទទួលបានមេដាយមាសច្រើនជាង ការប្រកួតស៊ីហ្គេមនៅហ្វីលីពីន នាឆ្នាំ២០១៩ទៀត។  ស៊ីហ្គេមនៅហ្វីលីពីន អត្តពលិកកម្ពុជា បាននាំយក មេដាយចំនួន៤៦ មកកាន់ទឹកដីមាតុភូមិ ក្នុងនោះមាន មេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ ។ កាលណោះកម្ពុជា ឈរនៅលេងរៀងទី៨ ក្នុងចំណោមប្រទេស១១ ចូលរួម។
 
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលអត្តពលិកជម្រើសជាតិ ដើម្បីប្រកួតលើ៣៣ប្រភេទកីឡា ក្នុងចំណោម៤០ប្រភេទ ដែលបានដាក់ចូលប្រកួតស៊ីហ្គេមនៅវៀតណាម។
 
គួរបញ្ជាក់ផងដែរថា ប្រតិភូកម្ពុជា ចំនួន៥៥០នាក់ នឹងទៅចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាម ដែលប្រព្រឹត្តទៅថ្ងៃទី១២ ដល់២៣ ឧសភា។ ក្នុងនោះមានកីឡាករ ២៣៧នាក់ និងកីឡាការិនី ១២៦ នាក់, គ្រូបង្វឹក និងគ្រូជំនួយចំនួន៩៣នាក់, គ្រូពេទ្យ ១៨នាក់, អាជ្ញាកណ្ដាល និងចៅក្រម១៥នាក់, មន្ត្រីដឹកនាំក្រុម និងអគ្គលេខាធិកាចំនួន២៣នាក់ និងនាក់សង្កេតការណ៍ (CADA)​ចំនួន៤នាក់ ៕
 

Tag:
 ស៊ីហ្គេម
  មេដាយ
© រក្សាសិទ្ធិដោយ thmeythmey.com