អន្តរជាតិ
ចិនថា មិនទាន់មានតម្រុយពីមូលហេតុធ្លាក់យន្តហោះឡើយ ខណៈប្រអប់ខ្មៅខូចខាតធ្ងន់ធ្ងរ
21, Apr 2022 , 8:29 pm        
រូបភាព
ក្រុមសង្រ្គោះ កំពុងរុករកប្រអប់ខ្មៅយន្តហោះ Boeing របស់អាកាសចរណ៍ China Eastern ។ រូបថត Xinhua
ក្រុមសង្រ្គោះ កំពុងរុករកប្រអប់ខ្មៅយន្តហោះ Boeing របស់អាកាសចរណ៍ China Eastern ។ រូបថត Xinhua
ដោយ:
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ចិននៅថ្ងៃទី២០ ខែមេសា ប្រកាសថា​ ប្រអប់ខ្មៅពីររបស់យន្តហោះ Boeing 737-800 របស់អាកាសចរណ៍ China Eastern ដែលបានធ្លាក់កាលពីខែមីនា មានសភាពខូតខាតធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ ក្រុមការងារ កំពុងជុសជុលនិងវិភាគទិន្នន័យដើម្បីកំណត់រកមូលហេតុនៃការធ្លាក់។


កាលពីថ្ងៃទី២១ខែមីនា ​ជើងហោះហើររបស់​អាកាសចរណ៍ China Eastern ដែល​​​បានធ្វើដំណើរពីក្រុងឃុនមីង​ទៅកាន់គ័ងចូវ​ ត្រូវបានធ្លាក់ដាំក្បាលចុះមកដី​​នៅតំបន់ភ្នំក្នុងខេត្ត​គ័ងស៊ី ដែលបណ្តាលឱ្យមនុស្សលើយន្តហោះទាំងអស់ប្រមាណ១៣២នាក់ បានបាត់បង់ជីវិត។ ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ជាការធ្លាក់លើកដំបូងហើយនៅចិនបើគិតចាប់តាំងពីឆ្នាំ២០១០ មក។
 
ក្នុងរបាយការណ៍សង្ខេបបឋមលើការធ្លាក់យន្តហោះចេញនៅថ្ងៃទី២០ខែមីនា រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC)​​ ​មិនបានបញ្ចូលព័ត៌មាន ឬទិន្នន័យណាមួយពីប្រអប់ថតសំឡេង និងផ្ទុកទិន្នន័យក្នុងបន្ទប់អ្នកបើកបរយន្តហោះឡើយ។ បើតាម CAAC​ ប្រអប់ខ្មៅពីរដែលផ្ទុកព័ត៌មានក្នុងយន្តហោះនោះ រងការខូតខាតខ្លាំងដោយសារប៉ះទង្គិចធ្ងន់ធ្ងរ​។ ប៉ុន្តែការស្រង់ទិន្នន័យឡើងវិញ និងការវិភាគ កំពុងតែដំណើរការ។
 
«វាមានបញ្ហាលំបាកជាច្រើនក្នុងការស៊ើបអង្កេតគ្រោះថ្នាក់នេះ ​ហើយឥឡូវនេះ ព័ស្តុតាងដែលយើងមាន នៅមានកម្រិតនៅឡើយ។» លោក​​​ លី យ៉ុង​ អនុប្រធានការិយាល័យសុវត្ថិភាពអាកាសចរណ៍របស់ CAAC បានថ្លែងបែបនេះក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន​ Xinhua ។
 
ជារឿយៗ គ្រោះថ្នាក់នៃការធ្លាក់យន្តហោះ អាចកើតមកពីបញ្ហាបច្ចេកទេស និងសកម្មភាពបង្កឡើងដោយមនុស្ស។​ ត្រង់នេះ CAAC អះអាងថា ​​​​ក្រុមអាកាសយានិកនៅលើយន្តហោះសុទ្ធតែមានគុណសម្បត្តិគ្រប់គ្រាន់ ​ឯយន្តហោះក៏ត្រូវបានត្រួតពិនិត្យត្រឹមត្រូវ អាកាសធាតុក៏ល្អ និងមិនមានសារធាតុផ្ទុះនៅលើយន្តហោះឡើយ។
 
អាជ្ញធរអាកាសចរណ៍ លើកឡើងទៀតថា​ ​ខ្លួនបានបញ្ចប់របាយការណ៍បឋមហើយ ដែលតាមច្បាប់អន្តរជាតិត្រូវបញ្ចូនទៅកាន់ទីភ្នាក់ងារអាកាសចរណ៍របស់អង្គការសហប្រជាជាតិ (ICAO) ក្នុងរយៈពេល៣០ថ្ងៃ។ ចំណែក របាយការណ៍សន្និដ្ឋានចុងក្រោយ អាចចំណាយពេលមួយឆ្នាំ ឬច្រើនជាងនេះដើម្បីបញ្ចប់។
 
សូមបញ្ជាក់ថា ​បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះ​​កាលពីខែមីនាមក​ ​អាកាសចរណ៍ China Easternបានផ្អាកយន្តហោះប្រភេទ Boeing 737-800​ របស់ខ្លួនទាំងអស់ប្រមាណ២២៣គ្រឿងពីការហោះហើរ ប៉ុន្តែ​ ត្រូវបានបើកឱ្យដំណើរការឡើងវិញតាំង​ថ្ងៃទី១៧ ខែមេសាមក៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com