អន្តរជាតិ
ចិន ប្រាប់អាម៉េរិកមិនត្រូវគាំទ្រឯករាជ្យភាពតៃវ៉ាន់ឡើយ
21, Apr 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡូយ អូស្ទីន (ខាងស្តាំ) ជាមួយសមភាគីចិន លោកWei Fenghe។ រូបភាព៖ Xinhua & Global Times
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡូយ អូស្ទីន (ខាងស្តាំ) ជាមួយសមភាគីចិន លោកWei Fenghe។ រូបភាព៖ Xinhua & Global Times
រដ្ឋមន្រ្តីការពារជាតិចិន វៃ ហ្វឹងហឺ  (Wei Fenghe) នៅថ្ងៃទី២០ ខែមេសា បានប្រាប់សមភាគីអាម៉េរិក ឡយ អូស្ទីន ថា តៃវ៉ាន់ ជាផ្នែកមួយរបស់ចិន ហើយគ្មានប្រទេសណាមួយអាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នបានឡើយ។ ជាការឆ្លើយតប រដ្ឋមន្រ្តីការពារជាតិអាម៉េរិក អះអាងថា អាម៉េរិកគោរពតាមគោលការណ៍ចិនតែមួយ ហើយឆ្លៀតជំរុញចិនកុំបញ្ជូនជំនួយយោធាទៅឱ្យរុស្ស៊ី​ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែនផង។

 
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន បានជជែកតាមទូរសព្ទប្រមាណ ៤៥នាទី ជាមួយសមភាគីចិន វៃ ហ្វឹងហឺ នៅថ្ងៃទី២០ ខែមេសា។ បញ្ហាតៃវ៉ាន់ និងអ៊ុយក្រែន ជារបៀបវារៈដ៏សំខាន់ក្នុងជំនួបលើកដំបូងចាប់តាំងពីលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ចូលកាន់តំណែងជាង១ឆ្នាំមក។ តាមការចុះផ្សាយរបស់កាសែតចិន Global Times កិច្ចសន្ទនានេះ នឹងផ្តល់ស្ថិរភាពសម្រាប់ទំនាក់ទំនងយោធាប្រទេសទាំងពីរ កាត់បន្ថយការយល់ខុសរវាងភាគីទាំងពីរ ក៏ដូចជាពង្រឹងទំនាក់ទំនងទ្វេភាគី។ 
 
ប្រាប់ទៅកាន់សមភាគីអាម៉េរិក លោក វៃ សង្កត់ធ្ងន់ថា ក្រុងវ៉ាស៊ីនតោន គួរអនុវត្តការសន្យារបស់ខ្លួន និងបញ្ឈប់ការស្វែងរកសង្រ្គាមត្រជាក់ជាមួយចិន, មិនគួរមានបំណងផ្លាស់ប្តូរប្រព័ន្ធរបស់ចិន, ឈប់ពង្រឹងសម្ព័ន្ធភាពផ្តោតលើចិន រួមទាំងមិនត្រូវគាំទ្រឯករាជ្យតៃវ៉ាន់។ 
 
«តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន ហើយការពិត គ្មានប្រទេសណាអាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នបានឡើយ»។ លោក វៃ ប្រាប់លោក អូស្ទីន បែបនេះ ដោយបន្ថែមថា ការគាំទ្រតៃវ៉ាន់ នឹងធ្វើឱ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគី ហើយចិននឹងការពារអធិបតេយ្យជាតិ សន្តិសុខ និងបូរណភាពដែនដីរបស់ខ្លួនដាច់ខាត។ ប្រមុខការពារជាតិចិន ក៏បានជំទាស់គម្រោងលក់សម្ភារយោធាឱ្យកោះតៃវ៉ាន់ក្នុងទំហំ ៩៥ពាន់លានដុល្លារនាពេលថ្មីៗផងដែរ។ 
 
ប្រមុខការពារជាតិអាម៉េរិក បានតបវិញថា ក្រុងវ៉ាស៊ីនតោន នៅតែបន្តគោរពតាមគោលការណ៍ចិនតែមួយ។ មិនតែប៉ុណ្ណោះ លោក អូស្ទីន ក៏ស្នើឱ្យ ភាគីទាំងពីរគួរតែគ្រប់គ្រងការប្រកួតប្រជែង និងហានិភ័យជាមួយគ្នាប្រកបការទទួលខុសត្រូវ រួមទាំងដោះស្រាយលើបញ្ហាដែលយោធាប្រទេសទាំងពីរកំពុងប្រឈម។ 
 
ក្រៅពីបញ្ហាតៃវ៉ាន់ រដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ ក៏បានពិភាក្សាពីអ៊ុយក្រែនផង។ តាមការបញ្ជាក់របស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Jonh Kirby លោក អូស្ទីន បានបង្ហាញក្តីបារម្ភពីលទ្ធផលដែលចិនអាចបញ្ជូនជំនួយយោធាឱ្យរុស្ស៊ី ក្នុងការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ជាចម្លើយ រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យអាម៉េរិកចៀសវាងប្រើប្រាស់បញ្ហាអ៊ុយក្រែន ដើម្បីបង្ខូចចិន ឬគំរាមដាក់សម្ពាធលើចិន។ 
 
កន្លងមក ចិននៅតែបន្តទទូចធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយរុស្ស៊ីដដែល ប៉ុន្តែបដិសេធពីលទ្ធភាពផ្តល់ជំនួយយោធា។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ប៉ុន្តែចិនមិនដែលរិះគន់រុស្ស៊ីឡើយ ហើយថែមទាំងមិនប្រើពាក្យឈ្លានពានទៀតទៀត៕ 
 

Tag:
 អាម៉េរិក
  ចិន
 ​ រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com